Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ មរណភាពរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការ​បាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា មរណភាព​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​សង្គម​ជាតិ​កម្ពុជា​ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សា​ផ្ទាល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សមាជិក​រាជបណ្ឌិត​សភា​កម្ពុជា ព្រឹទ្ធ​សកលវិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ថ្នាក់​ខេមរវិទ្យា និង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ វេលា​ម៉ោង ០៥ និង ៤០ នាទី​ព្រឹក ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ដោយ​រោគាពាធ កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៤ ឯកឧត្ដម និង​ក្រុមការងារ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សា​ផ្ទាល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សាស្ត្រាចារ្យ​ខេមរវិទ្យា និង​ប្រវត្តិសាស្ត្រ ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ វេលា​ម៉ោង ៥ និង ៤០ នាទី ព្រឹក នៅ​គេហដ្ឋាន នៃ​សព។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​បន្ត​ថា នា​ឱកាស​ប្រកប​ដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ក្នុង​នាម​សហការី និង ឯកឧត្ដម​ផ្ទាល់ ឯកឧត្ដម សូម​ចូលរួម​ចែក​រំលែក​នូវ​មរណទុក្ខ ជាមួយ លោកជំទាវ បុត្រា បុត្រី និង ចៅៗ ព្រមទាំង​បងប្អូន កូនក្មួយ និង​ក្រុម​គ្រួសារ​ទាំងអស់ នៃ​សព ប្រកប​ដោយ​ក្តី​ក្ដុកក្ដួល​ជាទីបំផុត និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ជាមួយ​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ថា «មរណភាព​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជា​ការ​បាត់បង់​នូវ ស្វាមី បិតា ដែល​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​មួយ​រូប ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​គន្លង​ធម៌ ក៏​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​សង្គម​ជាតិ​កម្ពុជា​ទាំងមូល»។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​បន្ត​ថា បើ​ទោះបីជា ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ឃ្លាត​កាយ​ឆ្ងាយ​ហើយ​ក្ដី ប៉ុន្តែ​ពាក្យ​អប់រំ ទូន្មាន ប្រៀន​ប្រដៅ ពុទ្ធិ គំរូ​វីរភាព និង​ពលិកម្ម​ដ៏​ធំធេង​ពេញ​មួយ​ជីវិត​របស់​លោក​សាស្ត្រាចារ្យ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ គឺ​នៅតែ​ដក់​ជាប់​ក្នុង​បេះដូង និង​ការ​ចងចាំ​របស់​យុវជន​ខ្មែរ​គ្រប់រូប​ជា​ដរាប។

គួរ​ជម្រាប​ថា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ ឯកឧត្ដម សំបូរ មាណ្ណារ៉ា បាន​ទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ដោយ​រោគាពាធ។ មរណភាព ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ផ្នែក​ប្រវត្តិសាស្ត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​រូប។ ក្នុងនាម សាស្ត្រាចារ្យ ឯកឧត្ដម ក៏​បាន​បន្សល់​ស្នាដៃ ផ្តល់​ពុទ្ធិ​ដល់​កុលបុត្រ​ខ្មែរ​ជា​ច្រើន​រូប ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា សព​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវ​តម្កល់ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ផ្ទះ​លេខA០១ ផ្លូវ ៥A សង្កាត់​សំបួរ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម