Connect with us

ព័ត៌មានជាតិ

ពិធីជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយ រាជរដ្ឋាភិបាល ប្រារព្ធធ្វើឡើងស្របគ្នា នៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គូស​បញ្ជាក់​ថា ពិធី​ជួបជុំ​រវាង អ្នកសារព័ត៌មាន ជាមួយ ប្រមុខ​រាជរដ្ឋាភិបាល ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០២៤ ខាងមុខ​នេះ គឺ ស្របគ្នា នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​កិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាពដំណើរការ នៃការរៀបចំ​ពិធី​ជួបជុំ​រវាង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ ​អ្នកសារព័ត៌មាន លើក​ទី ៦ ឆ្នាំ ២០២៤ នា​សាល​ប្រជុំ​ចតុម្មុខ​មង្គល ទីស្ដីការ​ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៤ ។

នា​ឱកាស​នោះ​ដែរ លោក នេត្រ ភក្ត្រា គូស​បញ្ជាក់​ថា «ពិធី​ជួបជុំ​រវាង អ្នកសារព័ត៌មាន ជាមួយ ប្រមុខ​រាជរដ្ឋាភិបាល ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០២៤ គឺ ស្របគ្នា នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក»។

លោក នេត្រ ភក្ដ្រា គូស​បញ្ជាក់​ទៀត​ថា ការ​សម្រេច​ជ្រើសរើស​យក​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០២៤ សម្រាប់​ជំនួប​រវាង អ្នកសារព័ត៌មាន ជាមួយ​នឹង ប្រមុខ​រាជរដ្ឋាភិបាល គឺជា​ការ​សម្រេច​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជា​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ផង​ដែរ។

គួរ​ជម្រាប​ផង​ដែរ​ថា កិច្ចប្រជុំ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​កិច្ច​ការងារ​ដែល​អនុ​គណៈកម្មការ​នីមួយៗ សម្រេច​អនុវត្ត​បាន និង​ពន្លឿន​កិច្ច​ការងារ​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​រួច​រាល់ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកសារព័ត៌មាន​ចុះ​ឈ្មោះ និង​ត្រៀម​ចូលរួម​កម្មវិធី​ជួបជុំ​រវាង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នក​សារព័ត៌មាន លើក​ទី ៦ ថ្ងៃ​ទី ០៣ ខែ​ឧសភ ឆ្នាំ ២០២៤ ខាងមុខនេះ។

ទន្ទឹម​នេះ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការងារ​ខាង​លើ​នេះ ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ក្រសួង​ព័ត៌មាន បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ដឹកនាំ ចាត់ចែង និង​ត្រួតពិនិត្យ​ដំណើរការ​រៀបចំ​ពិធី​ជួបជុំ​រវាង សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ជាមួយ​អ្នកសារព័ត៌មាន លើក​ទី ៦ ឆ្នាំ ២០២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា ឆ្នាំ ២០២៤ ដោយ​ធ្វើការ​សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ លើ​ដំណើរការ​ចាត់ចែង និង​រៀបចំ​ពិធី​ណែនាំ និង​ផ្តល់​អនុសាសន៍​ដឹកនាំ​ដល់​អនុ​គណៈកម្មការ​ទាំងអស់ លើ​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច ដែល​បាន​កំណត់​ក្នុង​ការ​ធ្វើ​យ៉ាងណា​រៀបចំ​កម្មវិធី​ឲ្យ​បាន​ល្អ និង​ប្រកប​ដោយ​សាមគ្គីភាព និង​ភាព​សប្បាយ​រីករាយ។

បន្ថែម​នេះ ក្រសួង​ព័ត៌មាន នឹង​ត្រៀម​រៀបចំ​ជំនួប​នេះ ហើយក៏​នឹង​ប្រមូល​នូវ​បញ្ហា និង​កង្វល់​នានា ដែល​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​អ្នកសារព័ត៌មាន បាន​លើក​ឡើង​ដាក់​ជា​សំណើ​ក្នុង​ក្របខណ្ឌ​រួម​មួយ ដើម្បី​ដាក់​ជូន សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ និង​ដោះស្រាយ។

សូម​រំលឹក​ថា ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ១៤ ខែ​មករា សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​រៀបចំ​កម្មវិធី​ជំនួប​រវាង អ្នកសារព័ត៌មាន ជាមួយ នាយករដ្ឋមន្ត្រី ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកសារព័ត៌មាន​អាច​ជជែក​ពិភាក្សា ការ​លើក​ឡើង​ពី​បញ្ហា សំណូមពរ ឬ កង្វល់​ផ្សេងៗ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​ជួយ​ដោះស្រាយ។ ជំនួប​នេះ ក៏​ជា​ការ​បង្ហាញ​នូវ​ការ​ចូលរួម​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

គិត​ចាប់​តាំងពី​ឆ្នាំ ២០១៧ រហូតមកដល់​ឆ្នាំ ២០២៣ នេះ ជំនួប​រវាង អ្នក​សារព័ត៌មាន ជាមួយ នាយករដ្ឋមន្ត្រី គឺ​បាន​ធ្វើឡើង​ចំនួន ៥ លើក រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​ខកខាន​ធ្វើ​នៅ​ឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ក្នុង​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​ឲ្យ​មាន​ការ​រៀបចំ​ពិធី​ជួបជុំ​ឡើងវិញ​រវាង នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ចាប់ពី​ឆ្នាំ ២០០៤ នេះ​តទៅ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម