ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ត្រូវបន្តផ្សព្វផ្សាយអប់រំឱ្យកាន់តែសកម្ម និងទូលំទូលាយ
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ត្រូវតែបន្តសកម្មភាពផ្សព្វផ្សាយអប់រំឱ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត។ លោកបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrung នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានថ្លែងថា តាមពិតកន្លងមក រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាសេនាធិការ ព្រមទាំងមានក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ជាសមាជិក បានយកចិត្តទុកដាក់ប្រើប្រាស់គ្រប់យុទ្ធសាស្រ្ត និងវិធានការ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន រហូតទទួលបានលទ្ធផលជោគជ័យគួរជាទីកត់សំគាល់។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារស្ថានភាព និងនិន្នាការនៃការដាំដុះ ការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើសកលលោក នៅក្នុងនិងក្រៅតំបន់ នៅតែមានការសកម្មភាពខ្លាំង រួមផ្សំជាមួយវិបត្តិសេដ្ឋកិច្ច វិបត្តិភូមិសាស្រ្តនយោបាយ ក៏ដូចជាភាពអសន្តិសុខ និងសង្រ្គាមនៅក្នុងនិងក្រៅតំបន់ ធ្វើឱ្យកម្ពុជានៅតែបន្តប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដដែល។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួន ដែលបានធ្លាក់ខ្លួនទៅប្រើប្រាស់ ហើយក្លាយទៅជាអ្នកញៀនគ្រឿងញៀន រួមផ្សំជាមួយអ្នកមួយចំនួនទៀត ដែលពុំទាន់យល់ច្បាស់ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ធ្វើឱ្យកម្ពុជានៅតែជាទីផ្សារនៃតម្រូវការមួយ ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជន និងក្រុមជនខិលខូចបន្តប្រើប្រាស់គ្រប់ល្បិចកល និងមធ្យោយោបាយ ដើម្បីលួចលាក់ចរាចរគ្រឿងញៀនពីក្រៅចូលមកកម្ពុជាជាបន្តទៀត។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវតែបន្តសកម្មភាពផ្សព្វផ្សាយអប់រំឱ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំពិធីថ្ងៃនេះ គឺចង់បង្ហាញពីសមិទ្ធផលថ្មីមួយទៀត កើតចេញពីកិច្ចខំប្រឹងប្រែងច្នៃប្រឌិតរបស់ក្រុមការងារ គឺកម្មវិធីទូរស័ព្ទដៃ ឬហៅថា APP ដែលមានឈ្មោះថា NO DRUGS ហើយតាមរយៈកម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថាចាស់ ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ ពួកគាត់អាចទទួលបានព័ត៌មាន ទទួលបានការអប់រំ និងទទួលបានការកំសាន្តសប្បាយ។
ជាពិសេស អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ។ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះអ្នកដែលមានកូនចៅ ឬញាត្តមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

លើសពីនេះ អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋានក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោទឱ្យទៅប្រើប្រាស់គ្រឿងញៀន។ រីឯនិស្សិត និងសិស្សានុសិស្ស អាចប្រមូលបានព័ត៌មានជាច្រើន ដែលទៅថ្ងៃខាងមុខនេះ ការយល់ដឹងអំពីគ្រឿងញៀននឹងក្លាយទៅជាវិញ្ញាសារមួយ ដែលត្រូវប្រលងយកពិន្ទុរដែរផងដែរ។ ព្រោះរាល់ឯកសារពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេស ឯកសារដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក គឺបានត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីទូរស័ព្ទដៃនោះ។
គួរជម្រាបថា ការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយ និងជ្រូតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សំដៅ ធ្វើយ៉ាងណាឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹង និងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ