ព័ត៌មានជាតិ
បន្លែសុវត្ថិភាពខេត្តកំពង់ធំលក់បានតម្លៃជិត ៤ ពាន់រៀលក្នុងមួយគីឡូក្រាម ក្រោយមានការអន្តរាគមន៍
លោក វន វង្ស គណៈកម្មាធិការនិងជាអនុប្រធានត្រួតពិនិត្យសមាគមបន្លែសុវត្ថិភាពខេត្តកំពង់ធំបានឲ្យ «កម្ពុជាថ្មី» ដឹងថា បន្ទាប់ពីមានការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ បច្ចុប្បន្នបានធ្វើឱ្យតម្លៃបន្លែសុវត្ថិភាពរបស់សហគមន៍មានភាពល្អប្រសើរជាងមុន។
ពាក់ព័ន្ធទៅនឹងសមាគមបន្លែសុវត្ថិភាពខេត្តកំពង់ធំ កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ តម្លៃបន្លែសុវត្ថិភាពត្រូវបានឈ្មួញទម្លាក់តម្លៃយ៉ាងគំហុក គឺកសិករអាចលក់បានក្នុងតម្លៃចន្លោះពី ១ ០០០ រៀល ទៅ ១ ៥០០ រៀលប៉ុណ្ណោះ (ប្រភេទបន្លែសន្លឹក) ក្នុងមួយគីឡូក្រាម ដែលបានធ្វើឲ្យកសិករមានការខាតបង់កាន់តែខ្លាំង។
យ៉ាងណាមិញ បើតាម លោក វន វង្ស បន្ទាប់ពីមានការជួយអន្តរាគមន៍ស្ថាប័នពាក់ព័ន្ធ និងការចុះមកដល់ទីតាំងផ្ទាល់របស់មន្ត្រីក្រសួង បច្ចុប្បន្នតម្រូវការទីផ្សារបន្លែសុវត្ថិភាពខេត្តកំពង់ធំមានភាពល្អប្រសើរ ងាយស្រួលលក់ជាងមុន និងអាចទទួលបានក្នុងតម្លៃល្អ ដែលអាចធ្វើឱ្យប្រជាសមាគមទទួលយកបាន និងអាចបានប្រាក់ចំណេញដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក វន វង្ស បានបញ្ជាក់ថា «សម្រាប់តម្លៃបច្ចុប្បន្នដែលខាងសមាគមបន្លែសុវត្ថិភាព (បន្លែសន្លឹក) លក់ទៅឱ្យឈ្មួញក្នុងតំបន់ គឺអាចទទួលបានក្នុងតម្លៃចន្លោះពី ៣ ពាន់រៀល ទៅ ៤ ពាន់រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃមួយនេះ អាចធ្វើឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញ បន្ទាប់ពីផាត់ចេញនៅថ្លៃដើមផលិត»។
«ស្របពេលដែលទីផ្សារ និងតម្លៃបន្លែសុវត្ថិភាពក្នុងសមាគមមានភាពល្អប្រសើរជាងមុន ប្រជាសហគមន៍របស់យើងក៏ប្រឈមនឹងបញ្ហាធំផងដែរ គឺការផលិតមានលក្ខណៈថយចុះជាងមុន ដោយសារតែបញ្ហាអាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យទិន្នផលនៃការផលិតមានការថយចុះ យើងដាំដុះមិនបានល្អ»។ លោក វន វង្ស បន្ថែមបែបនេះ។
បើតាមអនុប្រធានត្រួតពិនិត្យសមាគមបន្លែសុវត្ថិភាពខេត្តកំពង់ធំ តម្រូវការបន្លែដែលដាំដុះដោយសហគមន៍មានតែក្នុងតំបន់ប៉ុណ្ណោះ នៅមិនទាន់មានឈ្មួញខាងក្រៅមកបញ្ជាទិញនៅឡើយទេ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ចាក់ឱ្យ«កម្ពុជាថ្មី» ដឹងបន្ថែមថា នៅក្នុងករណីបន្លែសុវត្ថិភាពរបស់សហគមន៍ក្នុងខេត្តកំពង់ធំ មានរឿងពីរសំខាន់ដែលក្រសួងត្រូវយកចិត្តទុកដាក់ ទី១ ក្រុមដែលដាំបន្លែប្រភេទនៅលើទឹក និងទី២ ក្រុមការងារដែលធ្វើការតាមគម្រោង (អេន) ស្ថិតក្រោមការដាក់ចេញរបស់ក្រសួង ដែលជាច្រកជួយទៅដល់កសិករខ្នាតតូចឈានទៅបើកច្រកទីផ្សារ ហើយប្រសិនបើមានគុណភាពល្អនោះនឹងអាចមានឱកាសនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
ពាក់ព័ន្ធទៅនឹងការដាំបន្លែតាមទឹកដែលសហគមន៍ដាំក្នុងខេត្តកំពង់ធំប្រឈមមុខទីផ្សារ លោកថា អាចមកពីបញ្ហាគុណភាពនិងការផ្គត់ផ្គង់មិនឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន ស្របពេលដែលបន្លែផ្សេងទៀតមានគុណភាពដូចគ្នា និងបរិមាណការផ្គត់ផ្គង់ប្រហាក់ប្រហែលគ្នាទើបបានជាធ្វើឱ្យកសិករមិនអាចរកបានទីផ្សារ។
លោកបន្តថា ដោយឃើញពីបញ្ហាប្រឈមនេះ ក្រសួងបានរៀបចំជាសម្ព័ន្ធតែមួយ។ ក្នុងនោះក្រុមដែលស្ថិតក្រោមការជួយពីគម្រោង (អេន) ស្ថិតនៅក្នុងក្រុមកសិករខ្នាតតូច បានទទួលជោគជ័យ ដោយសារទី១ ក្រសួងបានព្យាយាមក្នុងការរកទីផ្សារដើម្បីជួយដល់ក្រុមកសិករខ្នាតតូចទាំងអស់នោះ ជាពិសេសក្រុមដាំបន្លែ និងចិញ្ចឹមមាន់។
ការស្វែងរកទីផ្សារធ្វើឡើងតាមរយៈការរៀបចំឱ្យមានការជួបជុំរវាងអ្នកដាំ ឬសមាគមអ្នកផ្គត់ផ្គង់ ដើម្បីឱ្យកសិករអាចមានលទ្ធភាពចុះហត្ថលេខាចុះកិច្ចសន្យាជាមួយអ្នកទទួលទិញបោះដុំ ហើយក្រសួងខ្លួនឯងបានរៀបចំឱ្យមានទទួលទិញទំនិញពីក្រុមកសិករ យកមកដាក់ក្នុងទីផ្សារផ្សេងដែលធ្លាប់ទទួលទិញ និងទីផ្សារខ្លះដែលធ្លាប់ទទួលទិញរួមមកហើយ ប៉ុន្តែអាក់ខានទៅវិញដោយសារបញ្ហាគុណភាព ក្រសួងក៏ព្យាយាមជួយសម្របសម្រួលបន្ថែម បញ្ហាគុណភាព និងបរិមាណផ្គត់ផ្គង់ ហើយក្រសួងរៀបចំឱ្យមានទំនាក់ទំនងជាមួយផ្សារថ្មីមួយចំនួនក្នុងស្រុកផងដែរ។
លោក ប៉ែន សុវិជាតិ ថា «ចឹងហើយយើងបើកច្រកទីផ្សារមួយសម្រាប់គាត់ដើម្បីមានអ្នកទទួលទិញជាប្រចាំ ប៉ុន្តែកសិករត្រូវបង្កើនសមត្ថភាពផលិតដើម្បីធ្វើឱ្យការផ្គត់ផ្គង់មាននិរន្តរភាព ហើយកាត់បន្ថយថ្លៃដើមមួយចំនួន។ តាមរយៈច្រកទីផ្សារនេះ ក្រសួងបានរៀបចំឱ្យកសិករចងក្រងជាសមាគមភ្ជាប់ទំនាក់ទំនងជាអ្នកប្រមូលទិញដុំ ហើយភ្ជាប់ទំនាក់ទំនងអ្នកប្រមូលទិញដុំ ជាមួយទីផ្សារដុំ ឬលក់រាយនៅតាមទីប្រជុំជន និងតាមរាជធានីភ្នំពេញដែលអាចឱ្យកសិករលក់បន្លែគាត់បាន»។
ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់របស់កសិករ ក្រសួងបានការរៀបចំឱ្យកសិករបានជួបដោយផ្ទាល់ជាមួយអ្នកបច្ចេកទេសកសិកម្ម ដែលបច្ចុប្បន្នមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មបានធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្រោមគម្រោង អេន ដើម្បីធ្វើយ៉ាងណាបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើម។
លើសពីនេះក្រសួងពាណិជ្ជកម្ម បានណែនាំយ៉ាងច្បាស់លាស់ ទី១ ដើម្បីរក្សាបាននៅគុណតម្លៃនៃការផលិតផល ដោយអ្នកដាំត្រូវតែរក្សានៅបទដ្ឋាននៃការប្រើប្រាស់ពូជ និងជី ទី២ មិនបង្ខំប្រើប្រាស់សាធាតុដែលជំរុញឱ្យទិន្នផលឆាប់លូតលាស់ ឬប្រភេទដែលមានកាក់សំណល់នៅលើបន្លែ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្សទេ ដូច្នេះទើបទីផ្សារធំៗគេទទួលទិញ ដែលនេះក្រសួងបានដោះស្រាយជួយដល់សហគមន៍បន្លែដែលជួបបញ្ហាទីផ្សារ។
ស្របពេលជាមួយគ្នានេះ ដើម្បីអាចជួយដល់កសិករបន្ថែមទៀតលើបញ្ហាជាប់គាំងទីផ្សារ បើតាមលោក ប៉ែន សុវិជាតិ ផែនការអនាគត ក្រសួងកំពុងតែរៀបចំនៅទីផ្សារបោះដុំតាមបណ្តាខេត្តសំខាន់ៗដែលមានការដំាដុះបន្លែផ្លែឈើច្រើន។ ក្រសួងចង់ឱ្យមានទីផ្សារបោះដុំមួយដែលមានរបៀបរៀបរយ ដើម្បីឱ្យប្រជាកសិករមានលំនឹងក្នុងចិត្ត និងអាចធានាថាទំនិញរបស់កសិករពេលដឹកដល់ទីផ្សារបោះដុំ មានអ្នកចាំទទួលទិញ។ ក្នុងនោះដើម្បីត្រួតពិនិត្យ ក្រសួងក៏នឹងមានការសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ចាំជួយពិនិត្យ និងបញ្ជាក់ថា ទំនិញដែលកសិករបាននាំចូលមិនសល់កាក់សំណល់ជាតិគីមីដែលធ្វើឱ្យអ្នកប្រើប្រាស់ព្រួយបារម្ភ។
លោកបញ្ជាក់ថាដូច្នេះថា «យើងនឹងរៀបចំទីផ្សារបោះដុំនេះ ដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឱ្យក្រុមការងារចំណុះក្រសួងចុះសិក្សាមើលទីផ្សារបោះដុំនៅតាមបណ្ដាខេត្តមួយចំនួន ដែលមានផលិតកម្មធំៗដូចជា ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបាត់ដំបង និងបណ្តាខេត្តមួយចំនួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាកសិករមានទីកន្លែងសម្រាប់លក់ ហើយរដ្ឋាភិបាលនឹងគិតគូរថាតើ ត្រូវធ្វើរបៀបណាដើម្បីអាចធានាថា នៅពេលដែលកសិករមានទំនិញ នឹងមិនជួបប្រទះបញ្ហាខ្វះទីផ្សារ»៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ