ព័ត៌មានជាតិ
ប្រធានរដ្ឋឡាវគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា
ក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន នាថ្ងៃទី២៣ ខែមេសា នេះ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ប្រធានរដ្ឋឡាវ បង្ហាញការគាំទ្របែបនេះ គឺបន្ទាប់ពីសម្ដច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសុំឲ្យឡាវគាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ សម្ដេចបានស្នើសុំ ព្រមទាំងពន្យល់ឡាវថា ព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។

គួរជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលព្រែកជីកនេះមានប្រវែងសរុបប្រមាណជាង១៨០គីឡូម៉ែត្រ។ គម្រោងព្រែកជីក តម្លៃជាង១ ៧០០ លានដុល្លារនេះ គឺជីកចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងនាវាចរណ៍នេះ គឺមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
នៅពេលគម្រោងនេះ រួចរាល់ជាស្ថាពរ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅកម្ពុជាឆ្ពោះទៅកាន់សមុទ្រ នឹងកាន់តែមានភាពមមាញឹក ដែលជាសញ្ញាណវិជ្ជមានមួយអំណោយផលដល់វិនិយោគិនបរទេសដែលមករកស៊ីនៅកម្ពុជា ព្រោះគម្រោងនេះ នឹងជួយកាត់បន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្ដល់ប្រយោជន៍ដ៏មហាសាលដល់ពលរដ្ឋជាង ១លាន ៦សែននាក់ ដែលរស់នៅជាប់តាមដងព្រែកជីកហ្វូណនតេជោ តាមរយៈការធ្វើកសិកម្ម។ គម្រោងនេះ ក៏នឹងនាំឱ្យកម្ពុជាបង្កើតបានតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹម សត្វ ជាដើម។

ជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែភាគីវៀតណាមដែលជាប្រទេសជាប់ដងទន្លេមេគង្គ បានចោទថាព្រែកជីកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន ជាពិសេសវិទ្យាស្ថានមួយដែលគាំទ្រដោយរដ្ឋវៀតណាម បានចោទកម្ពុជាថា ព្រែកជីកហ្វូណនតេជោ នឹងជួយសម្រួលដល់វត្តមានកងទ័ពចិនបន្ថែមទៀត។
ឆ្លើយតបនឹងការចោទរបស់វៀតណាម សម្ដេចតេជោ ធ្លាប់បានឆ្លើយតបថាព្រែកជីកនេះ គឺជីកឡើងដើម្បីប្រយោជន៍សង្គមសេដ្ឋកិច្ចសុទ្ធសាធ មិនមែនជីកឡើងដើម្បីជួយសម្រួលវត្តមានកងទ័ពចិនឡើយ។ សម្ដេចតេជោ បន្ថែមថា តាមរដ្ឋធម្មនុញ្ញកម្ពុជា គឺមិនអនុញ្ញាតឱ្យមានកងទ័ពបរទេសមានវត្តមានលើដែនដីកម្ពុជាដាច់ខាត វៀរលែងតែកងទ័ពបរទេសទាំងអស់នៅស្ថិតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបថា ការចោទថាការជីកព្រែកហ្វូណនតេជោ ដើម្បីសម្រួលវត្តមានកងទ័ពចិន គឺមិនត្រឹមត្រូវឡើយ។ មិនត្រឹមត្រូវត្បិតថា ព្រែកជីកហ្វូណនតេជោ មានទំហំមុខកាត់ប្រវែង១០០ម៉ែត្រ ជម្រៅចុះក្រោមតែជាង៥ម៉ែត្រប៉ុណ្ណោះ ខណៈជម្រៅនេះអំណោយផលត្រឹមតែនាវាដឹកទំនិញប៉ុណ្ណោះ។ សម្ដេចធិបតី ពន្យល់ថា ទំហំ និងជម្រៅរបស់នាវាចម្បាំង គឺខុសពីជម្រៅដែលព្រែកជីកហ្វូណនអនុញ្ញាតឱ្យនាវាធ្វើដំណើរបាន ហេតុនេះបើនាវាចម្បាំងចង់ធ្វើដំណើរឆ្លងកាត់គឺមិនអាចទៅរួចឡើយ ពោលគឺបើនាវាចូលមកក្នុងព្រែកជីកហ្វូណនតេជោ នឹងត្រូវជាប់គាំងតាំងពីមាត់ព្រែកជីកម៉្លេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ