ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ
ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ ខណៈខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ទៅដល់ ៣០%។ នេះបើតាមការថ្លែងឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ឆ្នាំនេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ នៅកម្ពុជា នៅតែជាបញ្ហាចោទ។

លើកឡើងក្នុងកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លែងឱ្យដឹងថា តាមរបាយការណ៍អង្គការយូនីសេហ្វ គឺបានបង្ហាញថា ភាពស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ គឺនៅតែជាបញ្ហាចម្បងដែលត្រូវដោះស្រាយ ដោយតួលេខកាលពីឆ្នាំ២០១៤ ស្ថិតក្នុងអត្រា១០% ហើយរហូតមកដល់ក្នុងឆ្នាំ២០២៤នេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ គឺ៩,៨%។
បើតាមលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ខេត្តចំនួន១៣ មានអាត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ គឺខេត្តឧត្តមមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ជាងគេ រហូតដល់៣០%។ តែយ៉ាងណា តាមរបាយការណ៍របស់អង្គការយូនីសេហ្វ កម្ពុជា គឺជាប្រទេសឈានមុខមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស្គាំងស្គមរបស់កុមារ។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ដែលការរៀបចំយុទ្ធសាស្រ្តជាតិលើកទី៣នេះ ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រ២លើករួចមកហើយ គឺតម្រូវឱ្យមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីផ្តល់ធាតុចូលធ្វើឱ្យយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៥ឆ្នាំ លើកទី៣នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា និងនិន្នាការពិភពលោក។
លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បាននិងកំពុងបន្តផលិតនូវផលិតផលកសិកម្មលើសពីតម្រូវការ ពិសេសស្រូវ ហើយផលិតកម្មកសិកម្មកំពុងតែអភិវឌ្ឍន៍កាន់តែទំនើប ពិពិធកម្ម និងអភិវឌ្ឍភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងប្រយុទ្ឋប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ជាពិសេសភាពស្គាំងស្គមរបស់កុមារអាយុក្រោម៥ឆ្នាំ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ