ព័ត៌មានជាតិ
រដ្ឋកំណត់យកថ្ងៃទី១៥ ខែមិថុនា រាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ អំពីសារៈសំខាន់នៃ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវ៉េត (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។
នេះបើតាមសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត។
ក្នុងសារាចរដដែលបានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះទី១ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធន មនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ – ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ។
គួរឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស” ចំនួនប្រមាណ១,៥លាននាក់ ដែលមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុង – ការផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីទទួលបានឱកាសការងារ និង/ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ដោយឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន”។ ចំពោះមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងអនុវត្ត ដោយកំណត់យកវិស័យអាទិភាពចំនួន១០វិស័យ ស្មើនឹង៣៨មុខជំនាញ ក្នុងជំហានទី១ ត្រូវអនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដូនតាចំនួន១០មុខជំនាញ ត្រូវអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ដើម្បីឱ្យការរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រាជរដ្ឋាភិបាល បានណែនាំឱ្យ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស។ ចំណែកក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បី អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ តាមអង្គភាព រៀងៗខ្លួន។
សម្ដេចធិបតី បានណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការ និងគាំទ្រដល់ក្រសួងការងារ ធ្វើការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤នេះ ឱ្យកាន់តែ ផុលផុសនិងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ ការចងបដាពាក្យស្លោក នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។
សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង គ្រឹះស្ថាននានាផងដែរ។
សម្រាប់ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមានវិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាវីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។
សារាចរដដែល ក៏បានណែនាំឱ្យក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំចងបដាពាក្យស្លោក នៅតាម អង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចជា អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤! TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ! សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET! សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប! សម្តេចធិបតី តម្រង់ទិសយុវជនឱ្យរៀនជំនាញមានទីផ្សារការងារល្អ! TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារសមរម្យ! TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ! TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់! TVET ជំនាញពិត ជីវិតប្រសើរ! ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត! និងស្ត្រីនិងជនជាតិដើមភាគតិចក៏រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដែរ!។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏អំពាវនាវដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះកាន់តែច្រើនឡើង។
រាជរដ្ឋាភិបាល ក៏ទទូចឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើន ការស្រាវជ្រាវនិងកិច្ចសហការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាននូវ ចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការទីផ្សារការងារជាក់ស្តែង ហើយ ធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មីៗ ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយ បង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយ គុណភាពខ្ពស់។
រដ្ឋក៏បានស្នើរសហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្តល់ឱកាសដល់សិស្ស និស្សិតបានចុះអនុវត្តកម្មវិធីហាត់ការនិងកម្មសិក្សា ដោយផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសជ្រើសរើស សិស្ស និស្សិត ដែលកំពុងហាត់ការឬអនុវត្តកម្មសិក្សាដែលយល់អំពីការងារស្រាប់មកធ្វើជាបុគ្គលិក របស់ខ្លួន។
រាជរដ្ឋាភិបាលក៏សុំឱ្យអាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ព័ន្ធនានា ចូលរួមជំរុញកូនឬយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស និងលើកទឹកចិត្តពួកគាត់ឱ្យសិក្សាកម្មវិធីនេះឱ្យបានចប់សព្វគ្រប់ស្របតាមអភិក្រមរបស់ សម្តេចធិបតី -រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។ ចំណែកលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត អាណាព្យាបាល មាតាបិតា កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងជនរួមជាតិទាំងអស់ ចូលរួមនិងផ្សព្វផ្សាយ ទិវាជាតិនេះឱ្យបានផុលផុស ឱឡារិក និងអធិកអធមទូទាំងប្រទេស។ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមាន ប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
-
ចរាចរណ៍១ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)