ព័ត៌មានជាតិ
ហេតុអ្វីតំណាង WHO ប្រចាំកម្ពុជា និងនាយិកាវិទ្យាស្ថានប៉ាស្ទ័រមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩?
ឆ្លើយតបទៅនឹងសំណួរបស់ កម្ពុជាថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩” ដែលរៀបចំដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និង នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា លោកស្រីទាំងពីរមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយមានប្រសាសន៍ថា លោកស្រីមិនទាន់ទទួលចាក់វ៉ាក់សាំងកូវីដ១៩ទេ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន បានបង្ហាញមូលហេតុថា៖ “ដោយសារនាងខ្ញុំមិនស្ថិតក្នុងក្រុមអាទិភាពដែលត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នាងខ្ញុំចង់ផ្ដល់អាទិភាពទៅដល់ប្រជាជន និងក្រុមអាទិភាពផ្សេងៗទៀត ដែលពួកកគាត់ត្រូវការវ៉ាក់សាំងជាងយើងខ្ញុំ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ “ប្រសិនជាមកដល់វេនរបស់នាងខ្ញុំ គឺនាងខ្ញុំមិនរារែកក្នុងការទទួលវ៉ាក់សាំននេះទេ”។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពិត លោកស្រី លី អាយលែន ចង់ទៅចាក់វ៉ាក់សាំងជាមួយលោកស្រី តាំងពីថ្ងៃទី១០ កុម្ភៈ មកម៉េះ ប៉ុន្តែដោយសារអង្គការសុខភាពពិភពលោក មានក្រឹត្យក្រមត្រឹមត្រូវរបស់គេ ដោយសារក្រុមដែលចាក់វ៉ាក់សាំង ត្រូវមានការប្រកាសត្រឹមត្រូវពីក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹងហើយ ក្នុងនាមជាអ្នកមានវិជ្ជាជីវៈការងារ ហើយជាប្រធានតំណាងអង្គការសុខភាពពិភពលោកទៀត គាត់មិនអាចរំលោភគោលការណ៍នេះទេ។ ការពិតគាត់ចង់ចាក់ គាត់ប្រាប់ខ្ញុំប៉ុន្មានដងហើយ បើគេឱ្យចាក់ គាត់ក៏ទៅដែរ តែដោយសារបញ្ហាវ៉ាក់សាំងមានកំណត់ និងមានការកំណត់ក្រុមមនុស្សដែលទទួលវ៉ាក់សាំង យើងមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការបែងចែក តើក្រុមណាដែលត្រូវទទួលបានវ៉ាក់សាំងមុន នឹងទុកវ៉ាក់សាំងសម្រាប់ចាក់ឱ្យក្រុមដែលទទួលបាននោះជាលើកទី២ឱ្យបានត្រឹមត្រូវ ហើយនៅពេលកម្ពុជាទទួលបានវ៉ាក់សាំងមកសារក្រោយបន្ថែមទៀត យើងនឹងអញ្ជើញក្រុមអាទិភាពបន្ទាប់ទៀតហ្នឹង”។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា៖ “អ៊ីចឹងបើមិនទាន់អាចទទួលបានការចាក់វ៉ាក់សាំងនៅខែកុម្ភៈ តែអាចនឹងចាក់នៅខែមេសា ឧសភា មិថុនា ហើយចាំពេលគាត់ទៅចាក់ ខ្ញុំនឹងជម្រាប ហើយទៅថតសកម្មភាពចាក់របស់គាត់នោះទៅ”។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយមានប្រសាសន៍បង្ហាញថា លោកស្រីក៏មិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩ដែរ ដោយចម្លើយស្រដៀងគ្នានឹង លោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកដែរ។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍ថា៖ “គឺនាងខ្ញុំមិនមែនជាក្រុមគ្រូពេទ្យដែលចាំបាច់ទទួលវ៉ាក់់សាំងកូវីដ១៩ទេ ហើយចំពោះការងារនៅមន្ទីរពិសោធន៍ទោះមិនទាន់បានទទួល ឬបានទទួលវ៉ាក់សាំង គឺយើងនៅអនុវត្តវិធានការការពារដដែល”។

នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រូបនេះអះអាងថា៖ “ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា នៅពេលមានចំនួនវ៉ាក់សាំងកូវីដ-១៩នេះ បន្ថែមទៀត នោះក្រុមការងារ រួមទាំងនាងខ្ញុំនឹងទៅទទួលនៅពេលនោះ”។
គួររំលឹកថា កម្ពុជាបានចាប់ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ដោយស្ម័គ្រចិត្ត ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ដោយមានឥស្សរជន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានចាក់វ៉ាក់សាំងនេះរួចមកហើយ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកុមារជាតិ។ គិតមកដល់ថ្ងៃទី២២ កុម្ភៈនេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន ៧,១៥២នាក់ ក្នុងនោះអ្នកដែលបានចាក់រួចមានចំនួន ៥,៨៦០នាក់ ដោយ ១,២៩២នាក់ទៀត មិនត្រូវបានគ្រូពេទ្យអនុញ្ញាតដោយសារខុសលក្ខខណ្ឌមិនអាចទទួលវ៉ាក់សាំងនោះបាន។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួល និងទិញវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងនោះវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយមិត្តបរទេស ដែលនឹងទទួលបានពីសាធារណរដ្ឋចិនចំនួន១លានដូស ពីប្រទេសអូស្ត្រាលី ប្រមាណ៣លានដូស និង ជំនួយពី COVAX ចំនួន៧លានដូស។
សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យដឹងថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេ មានជាង៤២ម៉ឺននាក់ ដែលជាអ្នកធ្វើការមានហានិភ័យខ្ពស់ រាប់ចាប់តាំងពីអ្នកប្រមូលសំរាម អ្នកអនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីអប់រំ មន្ត្រីសុខាភិបាល មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម និងមន្រ្តីផ្សេងៗទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី
WHO បង្ហាញឈ្មោះវ៉ាក់សាំងកូវីដ-១៩ បានប្រកាសប្រើក្នុងគ្រាអាសន្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ