ព័ត៌មានជាតិ
៥ សំនួរ ជុំវិញស្ថានភាពការវិនិយោគឧស្សាហកម្មដំឡើងរថយន្តនៅកម្ពុជា
ជាង ១០ ឆ្នាំចុងក្រោយ កម្ពុជាទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន ដែលបានបោះទុនរាប់សិបលានដុល្លារវិនិយោគ បង្កើតរោងចក្រដំឡើងរថយន្តសម្រាប់លក់ចែកចាយនៅក្នុងស្រុក។
កម្ពុជាត្រូវបានគេមើលឃើញទីផ្សារប្រើប្រាស់រថយន្តថ្មីនៅមានចំនួនតិចនៅឡើយ ខណៈរថយន្តជជុះនាំចូលកាន់កាប់ចំណែកទីផ្សារ ៦០ ទៅ ៧០ ភាគរយ។
កម្ពុជាថ្មីបានសម្ភាសន៍ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) ដើម្បីស្វែងយល់ពីស្ថានភាពវិស័យឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា និងអនាគតឧស្សាហកម្មធុនធ្ងន់នេះនឹងវិវឌ្ឍន៍ទៅបែបណា?

លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF)
កម្ពុជាថ្មី៖ បច្ចុប្បន្នតើលោកដឹងមានក្រុមហ៊ុនដំឡើងរថយន្តប៉ុន្មាន ដែលបានបើករោងចក្រដំឡើងរថយន្តក្នុងប្រទេសកម្ពុជា?
លោក សឿន ដារ៉ា៖ បច្ចុប្បន្នក្រុមហ៊ុនចំនួន ៩ បានបោះទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំង ៩ មានក្រុមហ៊ុន Hyundai នៅខេត្តកោះកុង ដែលដំឡើងរថយន្តលក្ខណៈគ្រួសារ (Passenger Car) និងរថយន្តដឹកទំនិញ (Truck) ក្រុមហ៊ុន Ssangyong នៅខេត្តស្វាយរៀង ដំឡើងរថយន្តដឹកទំនិញ (Truck) ក្រុមហ៊ុន Isuzu នៅខេត្តកំពង់ស្ពឺដំឡើងរថយន្តដឹកទំនិញ (Truck) ក្រុមហ៊ុន FORD នៅខេត្តពោធិ៍សាត់ ដំឡើងរថយន្តលក្ខណៈគ្រួសារ (Ford Ranger Pick- Up និងEverest SUV) ក្រុមហ៊ុន Kia នៅខេត្តបន្ទាយមានជ័យ ដំឡើងរថយន្តលក្ខណៈគ្រួសារ ក្រុមហ៊ុន GTV នៅខេត្តកណ្តាល ដំឡើងរថយន្តលក្ខណៈគ្រួសារ ក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដំឡើងរថយន្តលក្ខណៈគ្រួសារ (Toyota Hilux Pick- Up និង Fortuner SUV) ក្រុមហ៊ុន EM AUTOMOBILE នៅខេត្តកោះកុង ផ្គុំដំឡើងរថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់ និងក្រុមហ៊ុន China Matrix Technology Group-Horche នៅខេត្តកោះកុង ដំឡើងរថយន្តអគ្គិសនី។
ក្នុងចំណោមក្រុមហ៊ុនទាំង ៩ មានក្រុមហ៊ុនចំនួន ៨ ដែលបានចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្ម។
កម្ពុជាថ្មី៖ តើវត្តមានរោងចក្រដំឡើងរថយន្តដ៏ច្រើននៅពេលនេះ អាចលើសតម្រូវការទីផ្សារដ៏តូចដូចកម្ពុជា?
លោក សឿន ដារ៉ា៖ មិនមានបញ្ហាទេ ដោយសារបច្ចុប្បន្នរោងចក្រដំឡើងក្នុងស្រុកមានសមត្ថភាពដំឡើងបានប្រមាណជាង ១ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំ ឬ ៥០% នៃតម្រូវការរថយន្តថ្មីប៉ុណ្ណោះ ឬប្រមាណ២០% នៃទីផ្សាររថយន្តទាំងមូល។
កម្ពុជាថ្មី៖ តើតម្រូវការរថយន្តថ្មីនៅកម្ពុជាមួយឆ្នាំមានប៉ុន្មានគ្រឿង?
លោក សឿន ដារ៉ា៖ មានប្រមាណជាង ២ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំ ខណៈឆ្នាំ ២០២៣ ចំនួនលក់រថយន្តថ្មីមានប្រមាណ ២៣ ០០០ គ្រឿង។
កម្ពុជាថ្មី៖ តើលោកមើលឃើញមានកត្តាប្រឈមអីខ្លះ សម្រាប់ឧស្សាហកម្មដំឡើងរថយន្តនៅកម្ពុជា?
លោក សឿន ដារ៉ា៖ បរិមាណផលិតតិចដោយសារតម្រូវការទាបនាំឲ្យថ្លៃដើមនៅខ្ពស់នៅឡើយ ជាហេតុធ្វើឲ្យរថយន្តនៅមានតម្លៃថ្លៃ ( high overhead cost/fixed cost)។ គ្រឿងបង្គុំសម្រាប់ដំឡើង នាំចូលសឹងទាំងស្រុងពីបរទេស។ កម្លាំងពលកម្ម កម្មករជំនាញមិនទាន់គ្រប់គ្រាន់និងសម្បូរបែប ក្រុមហ៊ុនមួយចំនួនត្រូវចំណាយច្រើនដើម្បីបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលនៅបរទេស។
បរិមាណតម្រូវការយានយន្តថ្មីមានចំនួនតិចបើធៀបជាមួយប្រទេសជិតខាង។ ការទិញរថយន្តអាចប្រែប្រួលលឿន អាស្រ័យលើការពេញនិយមរបស់ប្រជាពលរដ្ឋ អាចនាំឲ្យរោងចក្រដែលពុំសូវពេញនិយមអាចខាតបង់ឬបិទទ្វារក្នុងពេលណាមួយ។
កម្ពុជាថ្មី៖ តើនៅពេលខាងមុខ វិស័យនេះនឹងមានការវិវឌ្ឍន៍បែបណាវិញ?
លោក សឿន ដារ៉ា៖ ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា នៅមានសក្តានុពលខ្ពស់នៅឡើយ ដោយបច្ចុប្បន្នរថយន្តថ្មីដែលកំពុងចែកចាយដោយក្រុមហ៊ុនផ្លូវការមានប្រមាណ ៣៥% ប៉ុណ្ណោះ អីចឹងទីផ្សារប្រមាណ ៦៥% ទៀត អាចបន្តពង្រីកបាន។
រាជរដ្ឋាភិបាលបានចាប់យកវិស័យយានយន្ត និងអេឡិចត្រូនិចជាវិស័យអាទិភាពមួយ ក្នុងការជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច កាត់បន្ថយការនាំចូលរថយន្តពីក្រៅប្រទេស អីចឹងវិស័យនេះនឹងបន្តមានការគាំទ្រពីរដ្ឋាភិបាល និងបន្តរីកចំរើនទៅមុខទៀត។
រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រប្រែក្លាយប្រទេសកម្ពុជាពីប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ នៅពេលប្រជាជនមានចំណូលខ្ពស់ នោះតម្រូវការយានយន្តថ្មីនឹងកើនឡើង និងបន្តទាក់ទាញវិនិយោគិនមកវិនិយោគបន្ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ