ព័ត៌មានជាតិ
កម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយកិច្ចការព្រំដែនដែលនៅសេសសល់១៤ភាគរយ ដោយសន្តិវិធី
កម្ពុជា-ឡាវ ប្តេជ្ញាចិត្តក្នុងការដោះស្រាយកិច្ចការព្រំដែនដែលនៅសេសសល់ចំនួន ១៤ ភាគរយ ដោយសន្តិវិធី ស្របទៅ តាមសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន ដោយភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងវិស័យសន្តិសុខនៅតាមព្រំដែនដើម្បីផលប្រយោជន៍ប្រជាជន។
ការប្តេជ្ញាជាថ្មីនេះ ធ្វើឡើងក្នុងអំឡុងពេលលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃកាលពីថ្ងៃ ២៣-២៤ ខែ មេសា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះដើម្បីពង្រឹងនិងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរក្នុងអត្ថន័យជាអ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងដើម្បីវិបុលសុខរួមនៃប្រទេសទាំងពីរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-23_15-46-37-681x1024.jpg)
យោងសេចក្តីប្រកាសព័ត៌ក្រសួងការបរទេស និងសហប្រតិបត្តិការការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី ២៥ មេសា បានឱ្យដឹងថា ចំពោះកិច្ចការព្រំដែន ថ្នាក់ដឹកនាំទាំងពីរកោតសរសើរចំពោះការផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ន និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្តូរលិខិតតុបករណ៍សច្ចាប័ន នៃសន្ធិសញ្ញាកំណត់ព្រំដែន រដ្ឋរវាងកម្ពុជា និងឡាវ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ។ សេចក្តីប្រកាសនេះបញ្ជាក់ថា៖«ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយកំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
ពាក់ព័ន្ធវិស័យសន្តិសុខ និងការពារជាតិវិញ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំ ប្រឹងប្រែងរួម លើបញ្ហាសន្តិសុខនានារវាងអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ជាពិសេសការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
កាលពីខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេលពីរថ្ងៃដូចគ្នា ក្នុងគោលដៅពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គី និងកិច្ចសហប្រតិបត្តិការ ឈរលើមូលដ្ឋាននៃភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ថ្នាក់ដឹកនាំកម្ពុជា ឡាវ ក៏បានអញ្ជើញធ្វើជាអធិបតី ពិធីចុះហត្ថលេខា និងប្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ ដោយផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការព្រំដែន និងថាមពលជាដើម។ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលនោះ លោក ថងលុន ស៊ីសុលីត បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះស្រាយលើបញ្ហាដែលនៅសេសសល់ ជាពិសេសលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។
ជុំវិញរឿងព្រំដែននេះ សារព័ត៌មានកម្ពុជាថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាននៅឡើយទេ ត្រឹមថ្ងៃទី ២៦ មេសា នេះ។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា ដែលបានតាមដានរឿងនេះ បានចូលរួមសាទរចំពោះកិច្ចខិតខំប្រែងរបស់រដ្ឋាភិបាលទាំងពីរដែលបានឈានដល់ចំណុចឯកភាពគ្នាជាបន្តបន្ទាប់។ សម្រាប់លោកយល់ថា កិច្ចការព្រំដែនដែលជាប់គាំងចំនួន ១៤ ភាគរយ អាចបណ្តាលមកពីកម្រិតបច្ចេកទេសទាំងផែនទី និងផែនដីជាក់ស្តែង។ លោកនិយាយថា៖«ផែនទីបោនខ្នាត១/១០០.០០០ ដែលផលិតដោយអាណាព្យាបាលបារាំងនាពេលនោះ ក្នុងការស្វែងរកវត្ថុធាតុគោលធៀប ដើម្បីកំណត់ទីតាំងជាក់លាក់ នៅមានកម្រិតលម្អៀងច្រើននៅតំបន់ខ្លះ។ ហើយផែនដីក៏ដូចគ្នាដោយសារមានការប្រែប្រួលវត្ថុធាតុតាងខ្លះ ដែលទាំងនេះគឺជាចំណុចឧបសគ្គសម្រាប់ក្រុមការងារវាស់វែងព្រំដែននៃប្រទេសទាំងពីរ»។ បន្ថែមពីនេះលោកសង្ឃឹមថា តាមរយៈការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណុះរាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថាប័នប្រមូលផ្តុំធនធានមនុស្ស និងធនធានបច្ចេកទេស នឹងជួយសម្រួលដល់កិច្ចការបោះបង្គោលព្រំដែនកាន់តែលឿន និងមានប្រសិទ្ធភាព។
គួររំឭកទៅក្រោយបន្តិចថា បញ្ហាព្រំដែនកម្ពុជា-ឡាវ ធ្លាប់ល្អក់កករនឹងគ្នា រហូតដល់កម្ពុជាចល័តទ័ពទៅកាន់ព្រំដែននៅតំបន់ជម្លោះ ស្ថិតនៅក្បែរតំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងរជ្ជកាលរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែស្ថានការណ៍ឡើងកម្តៅ បានថមថយមកវិញ បន្ទាប់ពីថ្នាក់ដឹកនាំប្រទេសទាំងពីរជ្រើសរើសយកផ្លូវចចារដោយការមិនប្រើអាវុធ និងស្វែងរកកិច្ចចរចាដោយសន្តិវិធី។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-24_11-15-38-1024x682.jpg)
គួរជម្រាបថា ប្រទេសកម្ពុជាមានព្រំដែនជាប់ប្រទេសឡាវប្រវែងប្រមាណ៥៤០គីឡូម៉ែត្រគិតទាំងព្រំដែនដីគោកនិងព្រំដែនទឹក។ មកដល់ពេលនេះភាគីកម្ពុជា និងឡាវ បានស្រុះស្រួលគ្នាបោះបង្គោលព្រំដែនសរុបចំនួន១២១បង្គោលឬស្មើនឹង៨៦% ហើយនៅសល់ ១៤% ទៀតកំពុងបន្តការចរចាដោះស្រាយ គឺស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធកិច្ចព្រំដែននេះដែរ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កាលពីថ្ងៃទី ១៤ ខែកក្កដា ២០២៣ បានប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នការប្រឆាំងរាជរដ្ឋាភិបាល ដោយបានភ្ជាប់ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ជូនជាថ្មីថា៖« ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីត)នាយករដ្ឋមន្ដ្រីកម្ពុជា ធ្វើបានត្រឹមត្រូវម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច