ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធឈានទៅដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា
បើតាមការគូសបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្មដើម្បីឈានទៅបើកដំណើរការសង្វាក់ផលិតកម្មរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិព័រណ៍រថយន្តដែលរៀបចំឡើងកាលពីចុងសប្តាហ៍មុននេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៣ បានចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជាដែលមានក្រុមហ៊ុន Camko Motor (Hyundai) នៅខេត្តកោះកុង ក្រុមហ៊ុន RMA (Ford) នៅខេត្តពោធិ៍សាត់ និងក្រុមហ៊ុន DAEHAN Auto (Ssangyong) នៅខេត្តស្វាយរៀង ខណៈក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្មត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅពេលខាងមុខរួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology។

លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជាបានឲ្យកម្ពុជាថ្មីដឹងថា តម្រូវការរថយន្តថ្មីក្នុងប្រទេសកម្ពុជាមួយឆ្នាំមានប្រមាណ ២ ម៉ឺនគ្រឿង។
ទាក់ទងវត្តមានរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជាបានឲ្យដឹងថា នឹងជួយកាត់បន្ថយការនាំចូលរថយន្តពីក្រៅបានមួយចំណែកផងដែរ។ យ៉ាងណាមិញ បើតាមនាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា ទោះបីមានរថយន្តដំឡើងក្នុងស្រុក ប៉ុន្តែតម្លៃអាចនឹងមិនប្រែប្រួលច្រើនទេ។
លោកបានលើកពីមូលហេតុដោយសារបរិមាណផលិតនៅតិច តម្រូវការទាប ថ្លៃដើមផលិតនៅខ្ពស់នៅឡើយ ( high overhead cost/fixed cost)។ ក្រុមហ៊ុនភាគច្រើននាំចូលគ្រឿងបង្គុំស្ទើរទាំងស្រុងពីបរទេស ខណៈកម្លាំងពលកម្មនិងកម្មករជំនាញនៅមិនទាន់គ្រប់គ្រាន់។
រាជរដ្ឋាភិបាលបានចាប់យកវិស័យយានយន្ត និងអេឡិចត្រូនិចជាវិស័យអាទិភាពមួយ ក្នុងការជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច កាត់បន្ថយការនាំចូលរថយន្តពីក្រៅប្រទេស អីចឹងវិស័យនេះនឹងបន្តមានការគាំទ្រពីរដ្ឋាភិបាល និងបន្តរីកចម្រើនទៅមុខទៀត។
លោក សឿន ដារ៉ា មានការជឿជាក់ថា ការដាក់ចេញយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលប្រែក្លាយប្រទេសកម្ពុជាពីប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ នៅពេលដែលប្រជាជនមានចំណូលខ្ពស់ នោះតម្រូវការយានយន្តថ្មីនឹងកើនឡើងនិងបន្តទាក់ទាញវិនិយោគិនមកវិនិយោគបន្ថែមទៀត។
ថ្លែងនៅក្នុងពិព័ណ៍រថយន្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានលើកទឹកចិត្តដល់ធុរជននិងដៃគូវិនិយោគ ពិចារណាក្នុងការបណ្តាក់ទុនរកស៊ីឱ្យកាន់តែទូលំទូលាយ និងការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាកំពុងមានរួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូក និងប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជសេរី និងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគថ្នាក់ជាតិ ព្រមទាំងមកវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ពិសេសការវិនិយោគលើរថយន្តអគ្គិសនី (Electric Vehicles)៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ