ព័ត៌មានជាតិ
រដ្ឋាភិបាល បង្កើតក្រុមការងារដើម្បីគ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលមានជាតិអាល់កុល សំដៅលើកកម្ពស់សោភណភាពនៅតាមទីសាធារណៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។
ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សរសេរជាអក្សរកាត់ថា ក.គ.ផ.ស ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា ជាប្រធាន ,រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី ជាអនុប្រធាន។ បន្ថែមពីនេះក៏មានសមាសភាពចូលរួមជាសមាជិកមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម។

សេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ បានគូសបញ្ជាក់ថា ក.គ.ផ.ស មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
ត្រូវកំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត និង រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។

បើតាមសេចក្តីសម្រេចនេះ៖«ក.គ.ផ.ស មានសិទ្ធអញ្ជើញតំណាងក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធនានា វិស័យឯកជន និងសមាគមទូរទស្សន៍ វិទ្យុ និងសារព័ត៌មានចូលរួមពិគ្រោះយោបល់តាមការចាំបាច់ និងមានសិទ្ធិកៀរគរថវិកាពីប្រភពស្របច្បាប់ផ្សេងៗ ដើម្បីដំណើរការងាររបស់ខ្លួន»។
នៅសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ជុំវិញបញ្ហានេះ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាលោក គឹម បញ្ញា ធ្លាប់បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលអាចកាត់បន្ថយបានត្រូវមានវិធានការចាំបាច់មួយចំនួនដូចជាការរឹតបន្តឹងច្បាប់ចរាចរណ៍ រឹតបន្តឹងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់។ លោកថ្លែងថា៖«ការអនុវត្តច្បាប់ជារឿងមួយ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ ត្រូវគិតពិចារណាឱ្យមានគោលនយោបាយ និងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ការតម្លើងពន្ធលើគ្រឿងស្រវឹង ដើម្បីធ្វើម៉េចកាត់បន្ថយលទ្ធភាពអ្នកប្រើប្រាស់គ្រឿងស្រវឹង»។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ របស់ក្រសួងព័ត៌មាន កាលខែមករា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរដោយលើកឡើងថា គ្រោះថ្នាក់ធំជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ដែលមកពីការសេពគ្រឿងស្រវឹង។ លោកបានថ្លែងថា៖«ត្រូវធ្វើម៉េចទប់អាហ្នឹង(ជាតិអាល់កុល)កុំឱ្យវាចូលខ្លួន ហើយត្រូវបើកបរដោយប្រយ័ត្ន ត្រូវពង្រឹងច្បាប់ និងពង្រឹងការត្រួតពិនិត្យហើយមហាជនត្រូវចូលរួម»៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ