ព័ត៌មានជាតិ
ទូតតួកគី សង្ឃឹមថា សម្ដេចតេជោ នឹងបង្កើនទំនាក់ទំនងជាមួយសភាតួកគីឱ្យដល់កម្រិតខ្ពស់
ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា សង្ឃឹមថា ក្នុងតំណែងជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងបង្កើនទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ កម្ពុជា និងតួកគី ឱ្យកាន់តែដល់កម្រិតខ្ពស់ថែមទៀត។

លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមទុកថា «សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភានៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ»។ ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ សម្ដេចតេជោ បានសម្តែងក្តីរីករាយដែលបានជួបលោកស្រីឯកអគ្គរដ្ឋទូត សាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកស្រី បានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ហើយនៅពេលនោះ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត។ តែនៅ ពេលនេះ ជាជំនួប ដែលសម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា ដែលសម្ដេច នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងព្រឹទ្ធសភាកម្ពុជា និងសភាតួកគី។

លោកស្រីឯកគ្គរដ្ឋទូតតួកគី បានសម្ដែងក្តីរីករាយ និងចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចតេជោបានផ្តល់ការអនុញ្ញាតឱ្យលោកស្រី បានជួបសម្ដែងការគួរសមនៅពេលនេះ ហើយលោកស្រី ក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
នៅចំពោះមុខសម្ដេចតេជោ លោកស្រីឯកអគ្គរដ្ឋទូត បានរៀបរាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយលោកស្រី មានមោទនភាពចំពោះទំនាក់ទំនងរវាងកម្ពុជា និងតួកគី ដែលមានការរីកចម្រើនជាលំដាប់ បើទោះបីជាទំហំពាណិជ្ជកម្មនៅមានទំហំតូចក៏ដោយ។ លោកស្រី ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ លើការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ លោកស្រី បញ្ជាក់ថា តួកគី នឹងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ក៏ដូចជានៅក្នុងតំបន់ ដោយលោកស្រី ក៏បានស្នើសុំឱ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតតួកគី សម្ដេចតេជោ បានអរគុណលោកស្រី ដែលបានអបអរសាទរចំពោះសម្ដេចដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេច ក៏បានអរគុណផងដែរដល់លោកប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរ។ សម្ដេចតេជោ បានប្រាប់លោកស្រីទូត ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេច នឹងផ្ដោតអាទិភាពសំខាន់ទៅលើកិច្ចការបរទេស ពោល គឺការទូតសភា។
តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើអញ្ជើញប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱន និងសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយសម្ដេច នឹងអញ្ជើញធ្វើជាប្រធានកិត្តិយសនៅក្នុងកិច្ចប្រជុំនោះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?