ព័ត៌មានជាតិ
មន្ត្រីប្រមាណ ៨០នាក់ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌក្រោយតេស្តរកឃើញសារធាតុញៀន
គិតត្រឹមរយៈជាង២ខែ ពោលចាប់ពីខែកុម្ភៈ មកដល់ថ្ងៃទី២៩ ខែមេសានេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ(ទឹកនោម) មានចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦ នាក់ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។
ការធ្វើតេស្តរកសារធាតុញៀន និងបណ្តេញចេញពីក្របខណ្ឌនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”។

បន្ទាប់ពីមានបទបញ្ជានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាព ដោយទទួលបានលទ្ធផលដែលបានរៀបរាប់ខាងលើ។
បន្ថែមពីនេះ ក៏បានដាក់ចេញវិធានការ តាមរយៈការកៀរគរជំនួយដើម្បីទទួលបានឧបករណ៍ធ្វើតេស្ត កិច្ចសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចសម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត។ ព្រមទាំងបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាព អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង និងណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។
ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយ ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទ (APP NO DRUG) កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤។ ការដាក់ឱ្យដំណើរការ App នេះ ដើម្បីផ្តល់ព័ត៌មានពីបញ្ហាគ្រឿងញៀនកាន់តែទូលំទូលាយ ដល់សាធារណជនតាមរយៈ វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូលនូវព័ត៌មានរបស់មជ្ឈមណ្ឌលអប់រំកែប្រែទូទាំងប្រទេស រដ្ឋ និងឯកជន ។
នាពិធីខាងលើនេះ លោក មាស វិរីទ្ធ អគ្គលេខាធិការនៃអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុងន័យរក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ស្ថាប័នរបស់ខ្លួនបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន។ លោកបញ្ជាក់ថា៖«ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងជម្នះគ្រប់ឧបសគ្គ តស៊ូប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន»។

ការដាក់ចេញវិធានការម៉ឺងម៉ាត់នាពេលនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងបទបញ្ជាថា៖«ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន»។
ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត។
១- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្តី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

គួរជម្រាបថា ក្រោយបទបញ្ជា ស្ថាប័នថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ បានដាក់ចេញនូវយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួនដោយទទួលបានគាំទ្រពីសាធារណជន រួមទាំងបណ្តុំអង្គការសង្គមស៊ីវិលផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី