Connect with us

ព័ត៌មានជាតិ

យុទ្ធសាស្រ្តប្រព័ន្ធដឹកជញ្ជូន “៣-៣-៤-២” និង​ប្រព័ន្ធឡូជីស្ទីក “២-២-N” សំដៅលើ​អ្វី​?

បានផុស

នៅ

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញយុទ្ធសាស្រ្ត​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូនអន្តរមធ្យោបាយ ដោយ​​បន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទិក ឆ្ពោះទៅរកការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយមានការ​ត​ភ្ជាប់​​ខ្ពស់ និង​ភាពប្រទាក់ក្រឡា​ទាំង​ក្នុង​ផ្ទៃ​ប្រទេសនិង​ជាមួយ​តំបន់​។

ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​និង​គោលបំណង​ខាងលើ ផែនការ​មេ​​បានកំណត់​នូវ​យុទ្ធសាស្រ្ត​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​គ្រប់ជ្រុងជ្រោយតាមទម្រង់​ “៣-៣-៤-២” និងប្រព័ន្ធឡូជីស្ទីក “២-២-N” ដែល​​គិតគូរ​និង​គ្របដណ្ដប់ផែនការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម ឧស្សាហកម្ម និង​ការ​រួមបញ្ចូល​គ្នា​នៃ​កត្តា​ច្រក​របៀង​សេដ្ឋកិច្ច និង​លក្ខខណ្ឌ​ឧស្សាហកម្ម របាយ​ប្រជាជន និង​ភូមិសាស្ត្រ​ព្រម​ទាំង​រំហូរ និង​ទិសដៅ​ដឹក​ជញ្ជូនអ្នក​ដំណើរ និងទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើទម្រង់​បណ្តាញ​ដឹកជញ្ជូន ៣-៣-៤-២ ជា​អ្វី?

ទម្រង់បណ្ដាញ​ដឹកជញ្ជូន​គ្រប់ជ្រុងជ្រោយ “៣-៣-៤-២” សម្តៅ​ដល់​ច្រក​របៀងដឹក​ជញ្ជួន​មេ​ចំនួន ៣ (major transport corridors) ច្រក​របៀងដឹកជញ្ចូន​រងចំនួន ៣ (secondary transport corridors) បណ្តុំ​ដឹក​ជញ្ជូន​មេ ឬប៉ូល​កំណើនចំនួន ៤ (major transport hubs) និង​មាត់ច្រកព្រំដែន​តភ្ជាប់ការដឹកជញ្ជូនឬ​ប៉ូល​ភ្ជាប់​កំណើន​ចំនួន ២ (external transport nodes)។

«របៀងដឹកជញ្ជូនមេ​ចំនួន ៣» មាន៖

ក)-របៀងដឹកជញ្ចូនមេនិរតី (ភ្នំពេញ និង​ព្រះសីហនុ)៖ ច្រករបៀងដឹកជញ្ចូន​និរតី​តភ្ជាប់កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលតភ្ជាប់ផ្លូវទឹកទន្លេនិង​ច្រកផ្លូវ​សមុទ្រ​នៅ​កម្ពុជា និង​ជាច្រករបៀងដឹកជញ្ជូន​ដ៏មមាញឹក​​បំផុត​សម្រាប់ការនាំចូលនិង​នាំចេញ។

ច្រករបៀងនេះ​គ្របដណ្ដប់​លើ​ផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ចទី ៤ ខេត្តព្រះសីហនុ និងភ្នំពេញ និង​ស្ទឹងត្រែង និង​ប៉ាក់សេ (Pakse) និង សុវណ្ណកេត (Sovannakhet) (SEC4) នៃយុទ្ធសាស្ត្រដឹកជញ្ចូន​នៅក្នុងមហា​អនុតំបន់​មេគង្គព្រមទាំងគ្រប​ដណ្តប់ដោយបណ្តាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹកទន្លេ ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស។

របៀងមេទី១ បង្កើតជាច្រករបៀងដឹកជញ្ចូននិរតី (ភ្នំពេញ និងព្រះសីហនុ) តភ្ជាប់ទីក្រុងសំខាន់ៗដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពត តាកែវ កែប និងព្រះសីហនុ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ​រួមមាន៖ ផ្លូវជាតិលេខ៤ លេខ៣ និង​លេខ​៤១ ផ្លូវល្បឿនលឿនភ្នំពេញ និងព្រះសីហនុ ផ្លូវដែកភាគ​ខាងត្បូង (ភ្នំពេញ និងព្រះសីហនុ) កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិតេជោ (ថ្មី) និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ខ)-របៀងដឹកជញ្ជូនមពាយព្យ (ភ្នំពេញ និងប៉ោយប៉ែត)៖ ច្រករបៀងដឹកជញ្ជូនពាយព្យ (គ្របដណ្ដប់ដោយផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹកទន្លេ និងផ្លូវអាកាស) តភ្ជាប់រាជធានីភ្នំពេញទៅក្រុងសៀមរាប ក្រុង​បាត់ដំបង ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ ច្រកនេះគ្របដណ្តប់​លើផ្នែកមួយនៃច្រក​របៀងសេដ្ឋកិច្ច​ទី១ ដាវ- បាងកក-ភ្នំពេញ-ទីក្រុងហូជីមិញ-វង់តាវ (SEC1) នៃយុទ្ធសាស្ត្រដឹកជញ្ជូន​នៅក្នុងមហា​អនុតំបន់​មេគង្គ។

នេះក៏ជាច្រករបៀងដឹកជញ្ជួនចម្បងពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ និងជាផ្នែកមួយដ៏​សំខាន់​សម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអាស៊ានផងដែរ។

របៀងមេទី ២ បង្កើតរបៀងដឹកជញ្ជូនគ្រប់ជ្រុងជ្រោយពាយព្យ (ភ្នំពេញ និងប៉ោយប៉ែត) តភ្ជាប់ទីក្រុងសំខាន់ៗ៖ ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម កំពង់ធំ សៀមរាប សិរីសោភ័ណ ប៉ោយប៉ែត។

គម្រោងហេដ្ឋារចនាម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ផ្លូវជាតិលេខ ៥ និងលេខ៦ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ផ្លូវដែក​ភាគខាងជើង (ភ្នំពេញ និងប៉ោយប៉ែត), ផ្លូវទឹក​ចំណត​ផែ​សៀមរាប និង​កំពង់ផែស្វយ័តភ្នំពេញ, កំពង់ផែ​ស្វយ័តភ្នំពេញ, ចំណតផែ​កំពង់ឆ្នាំង, ចំណត​ផែ​សៀមរាប, ចំណត​ផែបាត់ដំបង, ចំណត​ផែពោធិ៍សាត់, អាកាសយានដ្ឋាន​អន្តរជាតិតេជោ (ថ្មី), អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (ថ្មី) និង​អាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី)។

គ)-របៀងដឹកជញ្ចូនមេអាគ្នេយ៍ (ភ្នំពេញ និងបាវិត)៖ ច្រករបៀងដឹកជញ្ជូនអាគ្នេយ៍ (គ្របដណ្ដប់ដោយ​ផ្លូវ​ថ្នល់ ផ្លូវដែក ផ្លូវ​ទឹកទន្លេ និងផ្លូវអាកាស) តភ្ជាប់រាជធានីភ្នំពេញទៅស្វាយរៀង បាវិត និង​ជាច្រក​របៀងដឹកជញ្ជូនដ៏សំខាន់សម្រាប់កម្ពុជា​ភ្ជាប់ទៅប្រទេសវៀតណាម។ ច្រកនេះក៏គ្រប​ដណ្ដប់​លើ​មួយ​ផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចទី១ ដាវ៉េ-បាងកក-ភ្នំពេញ-ទីក្រុងហូជីមិញ-វង់តាវ (SEC1) នៃ​យុទ្ធសាស្ត្រដឹកជញ្ចូន​នៅក្នុងមហាអនុតំបន់មេគង្គ។ នេះជាច្រករបៀង​ដឹកជញ្ចូនមេ ពី​ប្រទេសកម្ពុជា​ទៅកាន់ប្រទេស វៀតណាម និងជាផ្នែកមួយដ៏សំខាន់​សម្រាប់ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូនអាស៊ាន។

របៀងមេទី៣ បង្កើតរបៀងដឹកជញ្ជូនអាគ្នេយ៍ (ភ្នំពេញ និងបាវិត) តភ្ជាប់​ទីក្រុងសំខាន់ៗ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង បាវិត។ល។ ដោយផ្លូវដឹកជញ្ជូនផ្លូវជាតិលេខ១ និងលេខ២ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-បាវិត និងផ្លូវដែកភ្នំពេញ-ព្រំដែនវៀតណាម ផ្លូវទឹកកំពង់ផែស្វយ័តភ្នំពេញ និង​ព្រំដែនកម្ពុជា ផ្លូវទឹក ទន្លេបាសាក់ កំពង់ផែស្វយ័តភ្នំពេញ និងចំណតផែខេត្ត និង​អាកាសយានដ្ឋាន​អន្តរជាតិតេជោ (ថ្មី)។

របៀងដឹកជញ្ជូនរង ៣

ក)-របៀងដឹកជញ្ជូនរងតំបន់សមុទ្រ (កោះកុង និងកែប)៖ ច្រករបៀងដឹកជញ្ជូនតាមសមុទ្រ (ផ្លូវថ្នល់ ផ្លូវ​សមុទ្រ និងផ្លូវអាកាស តភ្ជាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុច្រករបៀងសេដ្ឋកិច្ចឆ្នេរសមុទ្រភាគ ខាងត្បូងកោះកុង និងតំបន់ឆ្នេរសមុទ្រសេដ្ឋកិច្ចសំខាន់ៗ។

ច្រករបៀងនេះគ្របដណ្តប់ផ្នែកសំខាន់មួយចំនួននៃច្រករបៀងសេដ្ឋកិច្ចទី៣ បាងកក-ត្រាត-កំពត-ហាទៀន-ណាំកា (SEC3) នៃយុទ្ធសាស្ត្រដឹកជញ្ជូន​នៅក្នុងមហាអនុតំបន់មេគង្គ។

របៀងដឹកជញ្ជូនរងទី១ តភ្ជាប់​ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ទីក្រុងដទៃទៀត។ ផ្លូវ​ដឹក​ជញ្ជូន​មានផ្លូវជាតិ​លេខ​៥៥ លេខ​៤៨ លេខ៣៣ លេខ១០ (តភ្ជាប់ខេត្តបាត់ដំបង-កោះកុង) និងផ្លូវ​ល្បឿន​លឿន កោះកុង-កំពង់ផែស្វយ័តក្រុងព្រះសីហនុ-កំពត-ព្រំដែនវៀតណាម។

ការតភ្ជាប់ផ្លូវ​សមុទ្រ​មា​នកំពង់ផែ​កំពត កំពង់ផែ​កោះកុង និង​កំពង់ផែកែប។ ចំណែកផ្លូវអាកាស​មានអាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ អាកាសយានដ្ឋានតារាសាគរ និង​អាកាសយានដ្ឋាន​ខេត្តកោះកុង (ថ្មី)។

ខ)-របៀងដឹកជញ្ជូនរងប៉ែកឦសាន (ភ្នំពេញ និងស្ទឹងត្រែង)៖ ច្រករបៀងដឹកជញ្ជូនភាគឦសាន (ដែល​មានផ្លូវថ្នល់ ផ្លូវទឹក​ទន្លេ និងផ្លូវអាកាស) តភ្ជាប់តំបន់សេដ្ឋកិច្ចដ៏សំខាន់​នៃភូមិភាគឦសាន​នៃ​ប្រទេស​កម្ពុជា និងច្រករបៀងដឹកជញ្ជូនចម្បង​រវាងប្រទេសកម្ពុជា និងឡាវ។ ច្រករបៀងនេះគ្របដណ្ដប់មួយផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ចទី ៤ ក្រុងព្រះសីហនុ-​ភ្នំពេញ-ស្ទឹងត្រែង-ប៉ាក់សេ (Pakse)-សុវណ្ណកេត (Sovannakhet) (SECA) នៃយុទ្ធសាស្ត្រ​ដឹកជញ្ចូន​នៅក្នុងមហា​អនុ​តំបន់មេគង្គ។

របៀងដឹកជញ្ចូនរងទី២ តភ្ជាប់រាជធានីភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង និងទីក្រុងដទៃទៀត។ ផ្លូវដឹកជញ្ជូនមានផ្លូវជាតិលេខ ៧ លេខ ៨ និងផ្លូវល្បឿនលឿនស្ទឹងត្រែង និងភ្នំពេញ។ ការ​ភ្ជាប់​ផ្លូវ​ទឹក​ទន្លេរួមមាន៖ ផ្លូវទឹកស្ទឹងត្រែង និងកំពង់ផែស្វយ័តភ្នំពេញ ចំណតផែទន្លេបិទ ចំណតផែក្រចេះ និងចំណតផែ ស្ទឹងត្រែង។ ចំណែកផ្លូវអាកាសធ្វើឡើង​តាមរយៈ​អាកាសយានដ្ឋានអន្តរជាតិ​តេជោ (ថ្មី)។

គ)-ច្រករបៀងដឹកជញ្ជូនរងភាគខាងជើង (ប៉ោយប៉ែត និងអូរយ៉ាដាវ)៖ ច្រករបៀងដឹកជញ្ជូនភាគ​ខាងជើង (ផ្លូវថ្នល់និងផ្លូវអាកាស) តភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់​នៅភាគខាងជើង​នៃប្រទេសកម្ពុជា និងសំដៅលើច្រករបៀងដឹក​ជញ្ជូនផ្សេងទៀតតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និង​ថៃ។ ច្រករបៀងនេះគ្របដណ្តប់មួយផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ច​ទី២ បាងកក-សៀមរាប-ស្ទឹងត្រែង-Pleiku-Quy Nhon (SEC2) នៃយុទ្ធសាស្ត្រដឹកជញ្ជូននៅក្នុងមហាអនុតំបន់មេគង្គ។

របៀងដឹកជញ្ជូនរង​ទី ៣ តភ្ជាប់ក្រុងប៉ោយប៉ែត-សិរីសោភ័ណ-សៀមរាប-ស្ទឹងត្រែង-អូរយ៉ាដាវ និង​ទីក្រុង​ដទៃទៀត ដោយ​ផ្លូវជាតិលេខ ៩ លេខ១០ លេខ៦៤ លេខ៧៨ និងផ្លូវល្បឿនលឿន ប៉ោយ​ប៉ែត- សៀមរាប-ភ្នំពេញ។ ផ្លូវអាកាសរួមមានអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី) និង​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាបអង្គរ (ថ្មី)។

ប៉ូលកំណើនទាំង ៤

ក)-ប៉ូលរាជធានីភ្នំពេញ៖ រាជធានីភ្នំពេញគឺជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច វប្បធម៌ ដឹកជញ្ជូន ពាណិជ្ជកម្ម សាសនា និងជាកន្លែងទាក់ទាញភ្ញៀវទេសចរ។ ភ្នំពេញគឺជាចំណុចប្រសព្វនៃ​ច្រករបៀង​សេដ្ឋកិច្ច ទី១ (SEC1) និងច្រករបៀង​សេដ្ឋកិច្ចទី៤ (SEC4) នៃមហាអនុតំបន់មេគង្គ​ដែលជាបណ្ដុំដឹក​ជញ្ជូនគ្រប់ជ្រុងជ្រោយអន្តរជាតិដ៏សំខាន់បំផុតរបស់​​កម្ពុជា និង​ជាតំណរភ្ជាប់​ដ៏សំខាន់​សម្រាប់អាស៊ាន។ ភ្នំពេញក៏ជា​ចំណុចប្រសព្វនៃមធ្យោបាយដឹកជញ្ជូនចំនួន ៤ មានផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹកទន្លេ។

ការតភ្ជាប់ប៉ូលរាជធានីភ្នំពេញរួមមាន៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ, ផ្លូវល្បឿនលឿន ភ្នំពេញ-​បាវិត, ផ្លូវល្បឿន​លឿន ភ្នំពេញ-ប៉ោយប៉ែត, ផ្លូវជាតិ​ចំនួន ១០ ខ្សែ ដូចជា៖ ផ្លូវជាតិលេខ១ ដល់ លេខ៦ លេខ២០ លេខ២០A លេខ​២១ B និងលេខ ៤២ ផ្លូវខេត្តចំនួន ២ ខ្សែ ផ្លូវខេត្តលេខ ១១៤ និងលេខ ១៣០ និងផ្លូវក្រវាត់ក្រុងភ្នំពេញទី ១ ទី ២ និង​ទី​៣។ ផ្លូវដែកមានផ្លូវដែកភាគខាងត្បូង (ភ្នំពេញ និងព្រះសីហនុ) ផ្លូវដែកភាគខាង​ជើង (ភ្នំពេញ និងប៉ោយប៉ែត) និងផ្លូវដែក ភ្នំពេញ-បាវិត ព្រំដែនវៀតណាម។ ផ្លូវទឹកទន្លមានកំពង់ផែស្វយ័តភ្នំពេញ។ ចំណែកផ្លូវអាកាសមាន​អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ (ថ្មី)។ មជ្ឈមណ្ឌលឡូជីស្ទីក (Complex) ក្នុងទីក្រុងភ្នំពេញ នឹង​ប្រែក្លាយជាស្នូល​នៃច្រវាក់ផ្គត់ផ្គង់ទាំងសម្រាប់ផលិតកម្ម និងការប្រើប្រាស់។

ខ)-ប៉ូលខេត្តព្រះសីហនុ៖ ក្រុងព្រះសីហនុគឺជាទីក្រុងមាត់សមុទ្រដែលត្រូវបានសាងសង់ជាប់នឹងកំពង់ផែ ជាបណ្ដុំដឹកជញ្ជូនគ្រប់ជ្រុងជ្រោយ​ដ៏សំខាន់របស់កម្ពុជា និងតំណរភ្ជាប់​ដ៏សំខាន់​សម្រាប់អាស៊ាន។ ទីក្រុងនេះជាចំណុចប្រសព្វនៃមធ្យោបាយដឹកជញ្ជូនរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងការដឹកជញ្ជូនតាមសមុទ្រ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅ​ចម្បងនៅ​កម្ពុជា និងជាមាត់ច្រកសម្រាប់​ពាណិជ្ជកម្មអន្តរជាតិផងដែរ។ កំពង់ផែនេះ ក៏ជាទីតាំងដ៏សំខាន់​សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការដឹកជញ្ជូនអន្តរ​មធ្យោបាយ​ផងដែរ។

ការតភ្ជាប់ប៉ូលខេត្តព្រះសីហនុសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍រួមមាន ផ្លូវជាតិលេខ៣ លេខ៤ លេខ៤៥ ផ្លូវល្បឿនលឿន ភ្នំពេញ-កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ផ្លូវល្បឿនលឿន កោះកុង- កំពង់ផែស្វយ័តក្រុងព្រះសីហនុ-កំពត, ផ្លូវតភ្ជាប់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ផ្លូវតភ្ជាប់ទៅ​កំពង់ផែស្ទឹងហាវព្រមទាំងផ្លូវដែកភាគខាងត្បូង ភ្នំពេញ​និងព្រះសីហនុ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​កំពង់ផែស្ទឹងហាវ គឺជាច្រកនាំចេញតាមផ្លូវសមុទ្រ​សំខាន់​បំផុត។ ចំណែកផ្លូវអាកាសមានអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងមជ្ឈមណ្ឌលឡូជីស្ទីក (Complex) ព្រះសីហនុ បម្រើមុខងារដ៏សំខាន់ដល់ ការនាំចេញនិងនាំចូល។

គ)-ប៉ូលខេត្តសៀមរាប៖ សៀមរាបដែលជាទីក្រុងគោលដៅទេសចរណ៍នៅអាស៊ីអាគ្នេយ៍ និងជាទីក្រុងដ៏សំខាន់មួយនៅ​ភាគខាងជើង​ប្រទេសគឺជាចំណុច​តភ្ជាប់នៃមធ្យោបាយ​ធ្វើដំណើរ​ចំនួន៣ មានផ្លូវថ្នល់ (ផ្លូវជាតិចំនួន ៥ខ្សែ៖ ផ្លូវជាតិ​លេខ​៦ លេខ​៦៤ លេខ៦៦ លេខ៦៧ និង​លេខ​៦៨ និងផ្លូវខេត្តចំនួន ២ខ្សែ ផ្លូវខេត្តលេខ២០១ និងលេខ២០២) ផ្លូវអាកាស (អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ) និងផ្លូវទឹកទន្ល (ចំណតផែសៀមរាប)។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) និងមណ្ឌលពាណិជ្ជកម្ម និងឡូជីស្ទីក (center) សៀមរាប នឹងដើរតួនាទីសំខាន់គាំទ្រ​សកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ច។

ឃ)-ប៉ូលខេត្តបាត់ដំបង៖ ខេត្តបាត់ដំបង​គឺជាជង្រុកស្រូវដ៏ធំដែលជាប្រភព​នៃការផលិតអង្ករនាំចេញដ៏​សំខាន់។ ក្រុងបាត់ដំបងជាទីក្រុងធំទី ២ និងតំណរភ្ជាប់ដ៏សំខាន់នៃច្រក​របៀងដឹកជញ្ជូន​ភាគ​ពាយព្យ និងជាចំណុចតភ្ជាប់ដឹកជញ្ជូនពីប្រទេសកម្ពុជាទៅប្រទេសថៃ។

គម្រោងដឹកជញ្ជូនដែលត្រូវលើកកម្ពស់រួមមាន៖ ផ្លូវសៀមរាប និងបាត់ដំបង ផ្លូវជាតិលេខ១០ (បាត់ដំបង-កោះកុង) ចំណតផែបាត់ដំបង និងមណ្ឌលឡូជីស្ទីកគ្រាប់ធញ្ញជាតិ (center) បាត់ដំបង។

ប៉ូលភ្ជាប់កំណើនចំនួន ២

ក)-ប៉ូលស្វាយរៀង និងបាវិត៖ មាត់ច្រកព្រំដែនតភ្ជាប់ការដឹកជញ្ជួនស្វាយរៀងបាវិតគឺមាត់ច្រក​ដ៏សំខាន់ស្ថិត​នៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងជាប៉ូលភ្ជាប់​កំណើន​សេដ្ឋកិច្ច​ដ៏សំខាន់មួយដែលត្រូវបានលើកឡើងនៅក្នុងផែនការអភិវឌ្ឍជាតិ។

តំបន់មាត់ច្រកនេះជាមជ្ឈមណ្ឌលពាណិជ្ជ- កម្មអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងតំបន់​ពាណិជ្ជកម្ម​សេរី។ ក្នុងន័យនេះ គម្រោងផ្លូវថ្នល់ធំៗរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ​និងស្វាយរៀង​និងបាវិត និងការសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ ១ អ្នកលឿង និងបាវិត និង​គម្រោង​កសាង​ផ្លូវភ្នំពេញនិងបាវិតព្រំដែនវៀតណាម និងគម្រោងសួនឡូជីស្ទីក (Park) បាវិត។

ខ)-ប៉ូលសិរីសោភ័ណ និងប៉ោយប៉ែត៖ មាត់ច្រកព្រំដែនតភ្ជាប់ការដឹកជញ្ជូនសិរីសោភ័ណ និង​ប៉ោយប៉ែត​ជាមាត់ច្រកដ៏សំខាន់​ស្ថិតនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងជាប៉ូលភា្ជប់កំណើន​សេដ្ឋកិច្ចដ៏សំខាន់មួយ ដែលត្រូវបានលើកឡើងនៅក្នុងផែនការអភិវឌ្ឍជាតិ។

តំបន់មាត់ច្រកនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងតំបន់​ពាណិជ្ជកម្ម​សេរី។ តំបន់មាត់ច្រក​នេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស តំបន់​ពាណិជ្ជកម្មសេរី និងជាទីប្រជុំជន។ គម្រោង​ដឹកជញ្ជូនរួមមាន៖ ការគម្រោងស្តារ និង​ពង្រីកផ្លូវជាតិលេខ ៥ (សិរីសោភ័ណ និងប៉ោយប៉ែត) ប្រព័ន្ធផ្លូវដែកភាគខាងជើងភ្នំពេញ និង​ប៉ោយប៉ែត និងអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី) និងគម្រោងសួន ឡូជីស្ទិក​ប៉ោយប៉ែត​ក៏ត្រូវរៀបចំផង​ដែរ​។

ប្រព័ន្ធឡូជីស្ទីក ២-២-N

ភាពជោគជ័យនៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រសិទ្ធភាព និងនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ច និង​ឧស្សាហកម្មនៅកម្ពុជា ទាមទារឱ្យមានការគិតគូរលើទិដ្ឋភាពសំខាន់ៗរួមមាន៖ ការធ្វើ​សមាហរណកម្ម ឧស្សាហកម្មឡូជីស្ទីក និងសេដ្ឋកិច្ច​ឧស្សាហកម្ម​ការធ្វើឱ្យប្រសើរ​ឡើងនូវ​ការតភ្ជាប់​បណ្តាញ​ដឹកជញ្ជូននៅ​ក្នុងតំបន់ ការពង្រឹងប្រព័ន្ធឡូជីស្ទីកដែលមានលក្ខណៈឆ្លាតវៃ (SMART) ការពង្រឹង​ទម្រង់​ស្ថាប័នគ្រប់គ្រង ឡូជីស្ទីក ការកែលម្អសមត្ថភាពទ្រទ្រង់ និង​ចែកចាយ​ឡូជីស្ទីក និង​ជា​ពិសេសការសាងសង់នូវទម្រង់ ប្រព័ន្ធឡូជីស្ទីកតាមអភិក្រម “អ័ក្ស៣ ខ្សែក្រវាត់៣ និងពហុមណ្ឌល​ឡូជីស្ទីក” ដោយផ្អែកលើប្រព័ន្ធដឹក ជញ្ជូនគ្រប់ជ្រុងជ្រោយ។

“អ័ក្ស ៣ និងខ្សែក្រវាត់ ៣” សំដៅការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិក​ដោយផ្អែកលើអភិក្រម “របៀងដឹកជញ្ជូនមេ ៣ និងរបៀងដឹកជញ្ជូនរង ៣”។ ក្នុងនោះអ័ក្ស ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត, និង​ភ្នំពេញ-​បាវិត, សុទ្ធសឹងជាច្រករបៀងដឹក​ជញ្ចូនមេ នឹងដើរតួសំខាន់​ក្នុងការប្រមូល​ផ្ដុំឧស្សាហកម្ម​សេវាឡូជីស្ទិក​ដោយ​បង្កើត បានជាអ័ក្ស៣។ ចំណែកខ្សែក្រវាត់កោះកុងនិងកែប ភ្នំពេញនិង​ស្ទឹងត្រែង និងប៉ោយប៉ែតនិងអូរយ៉ាដាវ ជា របៀងដឹកជញ្ជូនរងដែលបង្កើតបានជាខ្សែក្រវាត់ចំនួន៣ និងតភ្ជាប់បន្ថែមលើបណ្ដុំឧស្សាហកម្មឡូជីស្ទិក។

“ពហុមណ្ឌលឡូជីស្ទិក” សំដៅលើទីតាំងភូមិសាស្ត្រ ដែលប្រមូលផ្តុំដោយហេដ្ឋារចនា​សម្ព័ន្ធ​ឡូជីស្ទីក និងក្រុមហ៊ុនឡូជីស្ទីកគ្រប់ប្រភេទផ្អែកលើកត្តាសេដ្ឋកិច្ច និងតម្រូវការ​ឧស្សាហកម្ម​នូវសេវា​ឡូជីស្ទីក​រួមមាន៖ ឃ្លាំងស្តុក សេវាចែកចាយ ការផ្ទេរទំនិញ ដំណើរការសេវាកម្ម និងសេវាកំពង់ផែ។ ជាមួយនឹងតម្រូវការន ឧស្សាហកម្មឡូជីស្ទីក និងនិន្នាការនៃការ​អភិវឌ្ឍនា​ពេលអនាគត​ចាំបាច់​ត្រូវជំរុញ​និងលើកកម្ពស់ប្រព័ន្ធ ឡូជីស្ទីក និងកសាងនូវប្រព័ន្ធប៉ូលភ្ជាប់កំណើនតាមទម្រង់ “ទីក្រុង​ស្នូល២ (core cities) ប៉ូលសំខាន់២ (poles) និង​មណ្ឌលឡូជីស្ទិកសំខាន់ៗចំនួន N (centers)” ឬ “មជ្ឈមណ្ឌល​​ឡូជីស្ទិក២ សួនឡូជីស្ទីក២ និងមណ្ឌលឡូជីស្ទីក” ឬ ២-២-N ។

ទីក្រុងស្នូល/មជ្ឈមណ្ឌលឡូជីស្ទិក ២ សំដៅលើ​រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាច្រកដឹកទំនិញ​អន្តរជាតិ​ដ៏សំខាន់ និងជាទីតាំងភូមិសាស្ត្រ ប្រមូលផ្តុំដោយ​ឧស្សាហកម្ម និងប្រជាជន និង​សកម្មភាព សេដ្ឋកិច្ចរស់រវើក​និងកំណើនសេដ្ឋកិច្ចខ្ពស់ និងតម្រូវការសេវាឡូជីស្ទិក។

ប៉ូលសំខាន់/សួនឡូជីស្ទិក២ សំដៅលើក្រុងប៉ោយប៉ែត និងក្រុងបាវិត ជាច្រកទ្វារ​អន្តរជាតិ​តាមព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ហើយក៏ជាទីតាំងដែលមានកំណើនសេដ្ឋកិច្ចផងដែរ។ ទីក្រុងទាំងពីរនេះបានកំពុងដើរតួនាទី​ជាមាត់ច្រកយ៉ាង​សំខាន់​ប្រមូលផ្ដុំនូវ​សេវាកម្ម​នានា​រួម​មាន៖ ផែស្ងួត ភណ្ឌាគារគយ មានដែនកំណត់ ឃ្លាំងស្តុកទំនិញ កន្លែងប្រមូលផ្តុំ ចែកចាយ និង​វេច​ខ្ចប់ទំនិញជាដើម។

មណ្ឌលឡូជីស្ទិកសំខាន់ៗ (N) សំដៅលើទីតាំងក្នុងខេត្តសៀមរាប កំពត កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ធំ។ ខេត្តសៀមរាប​មានការអភិវឌ្ឍលឿន​លើវិស័យ​ទេសចរណ៍​ដោយមាន​ប្រជាជន​រស់នៅកុះករ​និង​មានតម្រូវការ​សេវាឡូជីស្ទិក​ច្រើន​គាំទ្រ​សកម្មភាព​អាជីវកម្ម​ដូចជា ម្ហូបអាហារនិងគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ។

ខេត្តកំពតមានកំពង់ផែ ព្រមជាមួយការអភិវឌ្ឍផ្នែកឧស្សាហកម្មលឿន រហ័ស និងមានតម្រូវការ​សេវាឡូជីស្ទិក​ច្រើន​សម្រាប់ផលិតផលដូចជា៖ ថ្មកំបោរ និងស៊ីម៉ងត៍ជាដើម។

ខេត្តកំពង់ចាម ដែលមានសក្តានុពលលើវិស័យកសិកម្ម និងមានតម្រូវការសេវាឡូជីស្ទិកខ្ពស់សម្រាប់ផលិតផល​កៅស៊ូ និងដំណាំរួមផ្សំផ្សេងទៀត។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និង​កំពង់ធំ មាន​សក្តានុពលលើវិស័យកសិកម្មរួមមាន៖ ដំណាំស្រូវ និងអង្ករ និងមានតម្រូវការ​នៃ​សេវាឡូជីស្ទិក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្មផ្សេងៗទៀតផងដែរ។

ដោយសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើន​ ជាមួយនឹងការក្តាប់យកនូវកាលានុវត្តភាពនានាដូចជា ការតភ្ជាប់​ជាមួយអាស៊ាន និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) វិស័យឧស្សាហកម្ម​នឹងត្រូវបាន​អភិវឌ្ឍជាបន្តបន្ទាប់ប្រែក្លាយជាតំបន់ដែលមានពិពិធកម្មឧស្សាហកម្ម និងតម្លៃបន្ថែមខ្ពស់ ជាពិសេស​តាមបណ្តា​តំបន់ថ្មីៗដែលពុំទាន់មានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ដែលជាហេតុ​ជំរុញឱ្យមានការបង្កើត​នូវមណ្ឌល​ឡូជីស្ទីកកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៧ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

Sokha Hotels

ព័ត៌មានពេញនិយម