ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ តភ្ជាប់ជើងហោះហើរថ្មីក្នុងពេលតែមួយនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានចាប់ផ្តើមសេវាហោះហើរដឹកអ្នកដំណើរទាំងក្នុងនិងក្រៅប្រទេសមកអាកាសយានដ្ឋានទាំង ៣ នៅកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យឲ្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុន Air Asia បានទទួលវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ និងវិញ្ញាបនបត្ររោងជាងជួសជុលយន្តហោះជាផ្លូវការពីរដ្ឋលេខាធិការអាកាសចរស៊ីវិល។
លោកថា បើគ្មានការប្រែប្រួលទេនោះ ក្រុមហ៊ុននឹងចាប់ផ្តើមហោះហើរក្នុងស្រុកចាប់ពីថ្ងៃទី៣ ឧសភា នេះទៅ។
លោក ស៊ីន ចាន់សិរីវុត្ថា បន្តថា តាមរយៈការបើកជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន Air Asia នឹងជំរុញនូវកំណើនជើងហោះហើរ និងចំនួនអ្នកដំណើរក្នុងស្រុកឱ្យកើនឡើង ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៏ថ្មី ស្របពេលដែលតម្លៃនៃការហោះហើររបស់ក្រុមហ៊ុនស្ថិតក្នុងកម្រិតសមរម្យ ដែលប្រជាជនកម្ពុជាមួយចំនួនធំមានលទ្ធភាពអាចធ្វើដំណើរតាមផ្លូវអាកាសបាន។
ក្រុមហ៊ុនអាកាសចរណ៍ Air Asia កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសក្នុងតំបន់អាស៊ានចំនួន ៥ រួមមានម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងកម្ពុជា មានយន្តហោះចំនួន ២២០ គ្រឿង ដែលកំពុងដំណើរការជើងហោះហើរទៅកាន់ ១៣០ គោលដៅ។
បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិល ប្រតិបត្តិការរបស់ក្រុមហ៊ុន Air Asia Cambodia ក្រុមហ៊ុននឹងហោះហើរតាមគោលដៅទៅមករវាងភ្នំពេញ-សៀមរាបចំនួន ៤ ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ ជើងក្នុងមួយថ្ងៃ ខណៈការហោះហើរអន្តរជាតិនឹងចាប់ដំណើរការនាពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះដែរ ក្រៅពីក្រុមហ៊ុន Air Asia Cambodia ក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់មជ្ឈិមបូព៌ាមួយទៀត ក៏បានចាប់ផ្ដើមតភ្ជាប់ជើងហោះហើរឡើងវិញពីទីក្រុងឌុយបៃមកអាកាសយានដ្ឋានប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសម្ពោធជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirate កាលពីម្សិលមិញនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានស្វាគមន៍នៃការតភ្ជាប់ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់រាជធានីភ្នំពេញ ក្រោយវិបត្តិជំងឺកូវីដ១៩។
លោកថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺជាការតភ្ជាប់តាមផ្លូវអាកាសរវាងទីក្រុងឌូបៃ និងរាជធានីភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរី ដោយមានការហោះហើរជាទៀងទាត់ប្រាំពីរ (៧) ជើងក្នុងមួយសប្តាហ៍ ជាមួយនឹងការប្រើប្រាស់យន្តហោះប្រភេទ Boeing-777 ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាក្រុមហ៊ុនអាកាសចរណ៍ទី ២ ដែលមានជើងហោះហើរពីតំបន់មជ្ឈិមបូព៌ាមកកាន់កម្ពុជា ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍បរទេសទី ២៨ ដែលមានជើងហោះហើរមកកាន់កម្ពុជាផងដែរ។
ប្រាប់កម្ពុជាថ្មីតាមទូរសព្ទ លោក យឹម សានីរាន មន្រ្តីទទួលបន្ទុកសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានមើលឃើញពីផលវិជ្ជមាន នៅពេលដែលមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗតភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា ដែលនឹងនាំឲ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានភាពមមាញឹក។
បើតាមលោក យឹម សានីរាន វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែម នឹងជំរុញការប្រកួតប្រជែង ធ្វើឲ្យតម្លៃនៃការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ផ្តល់លទ្ធភាពឲ្យពលរដ្ឋអាចធ្វើដំណើរកាន់តែច្រើនជាងមុន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ