ព័ត៌មានជាតិ
រៀបចំតំបន់ទេសចរណ៍ភ្នំសំពៅ បំពាក់ភ្លើងពណ៌កម្សាន្តពេលរាត្រី ឲ្យដូចជាផ្សាររាត្រីបែបធម្មជាតិ
បើតាមការបញ្ជាក់ឱ្យដឹងពីលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យ«កម្ពុជាថ្មី» ដឹងថា ក្នុងទិសដៅដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរក្នុង និងក្រៅស្រុកឱ្យមកទស្សនាក្នុងខេត្តបាត់ដំបងបន្ថែមទៀត ខាងមន្ទីរខេត្តបាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ប្រែក្លាយជារមណីយដ្ឋានឈានមុខគេ ក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ២០២៤ នេះ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្រើននូវផលិតផល និងម្ហូបអាហារដែលជាស្នាដៃកូនខ្មែរ ខាងមន្ទីរខិតខំកែច្នៃបន្ថែមទៀតនៅតំបន់ភ្នំសំពៅនលើពីសក្ដានុពលដែលមានស្រាប់នៅតំបន់នេះឲ្យក្លាយជារមណីយដ្ឋានឈានមុខគេនៅក្នុងខេត្តបាត់ដំបង។
លោកថា «ការកែច្នៃបន្ថែមនេះ មានសាងសង់ជាតូបដាក់តាំងលក់ផលិតផលក្នុងស្រុក (ភូមិមួយផលិតផលមួយ) រួមនិងម្ហូបអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែបផងដែរ»។
ជាក់ស្តែង បច្ចុប្បន្នកំពុងតែសាងសង់ និងមានរៀបចំបំពាក់ភ្លើងពណ៌ សម្រាប់ភ្ញៀវកម្សាន្តពេលរាត្រីផង ដែលមើលទៅហាក់ដូចជាផ្សាររាត្រីដ៏ទំនើបបែបធម្មជាតិមួយ ធ្វើឲ្យអារម្មណ៍ភ្ញៀវទេសចរស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ ចំពោះការកែច្នៃបន្ថែមនេះ នៅថ្ងៃទី១១-១២ ខែឧសភា ខាងមុខនេះ នឹងដាក់សម្ពោធជាផ្លូវការ។

ទន្ទឹមនេះ អនុប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះក៏បានអំពាវនាវដល់ភ្ញៀវក្នុងស្រុកចូលរួមមកកែកម្សាន្តទាំងអស់គ្នា នឹងជួយលើកកម្ពស់ផលិតផល និងម្ហូបអាហារក្នុងស្រុក ឲ្យកាន់តែផុលផុសបន្ថែមទៀត។
ភ្នំសំពៅ ជាឈ្មោះភ្នំមួយស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ១២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ត្រូវបានដាក់បញ្ចូលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ពេញនិយម សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង។ ភ្នំនេះមានល្អាងរហូតដល់ ១២ ប្លែកពីគ្នាមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្ដើរឡើងចំនួន ១០៣០ កាំ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

នៅលើកំពូលភ្នំនេះ មានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងល្អាងរូងទាំង ១២ លើភ្នំនេះមានដូចជា ល្អាងផ្កាស្លា, ល្អាងគក់ទ្រូង,ល្អាងខ្យល់,ល្អាងតែងខ្លួន,ល្អាងល្ខោន, ល្អាងជ្រៃ, ល្អាងពេជ្រ, ល្អាងខ្វែង, ល្អាងប្រេង, ល្អាងស្ថានីយ ឬល្អាងធំ, ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ។ ក្នុងចំណោមល្អាងទាំង ១២ ភ្ញៀវទេសចរ និយមចូលទស្សនាតែល្អាងផ្កាស្លា និងល្អាងល្ខោនប៉ុណ្ណោះ។

ការទស្សនាទិដ្ឋភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងនៅពេលល្ងាច ដែលអ្នកស្រុកតែងនិយមនាំគ្នាហៅហ្វូងប្រជៀវទាំងនោះថា កងទ័ពប្រជៀវដ៏ក្លាហាន ជាចំណីទាក់ទាញអ្នកទេសចរចង់ទៅទស្សនាភ្នំសំពៅខណៈក្បួនហោះហើររបស់ហ្វូងប្រជៀវនេះប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ដែលការហោះហើររបស់ហ្វូងសត្វប្រជៀវនៅចន្លោះម៉ោង ៥:៣០ នាទី ដល់ម៉ោង ៦:១៥នាទីល្ងាច គឺជាពេលវេលាដែលហ្វូងសត្វប្រជៀវចាប់ផ្ដើមហោះហើរបណ្ដែតខ្លួនចេញពីរូងភ្នំ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ទើបនៅតំបន់មួយនេះ ត្រូវបានមន្ទីរទេសចរណ៍ខេត្តបង្កើនការកែច្នៃបន្ថែមដើម្បីទាញកំណើនភ្ញៀវក្រៅស្រុក កាន់តែមានកំណើនខ្ពស់៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?