Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មានដែលចុះបញ្ជីត្រឹមត្រូវ មានក្រមសីលធម៌ ត្រូវបានការពារសិទ្ធិដោយរដ្ឋាភិបាល

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌មាននៅកម្ពុជា ដែលបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងព័ត៌មាន និងមានក្រមសីលធម៌ត្រឹមត្រូវតាមច្បាប់កំណត់ ត្រូវបានលើកកម្ពស់ និងការពារដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លើកឡើងបែបនេះ នៅក្នុងកម្មវិធីប្រារព្ធទីវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ និងអង្គការ UNESCO ព្រមទាំងអង្គការដៃគូ ដោយមានវត្តមានអ្នកចូលរួមប្រមាណ ២០០នាក់។

លោក ទេព អស្នារិទ្ធ បាននិយាយថា៖ “អ្នកសារព័ត៌មានត្រូវបានលើកកម្ពស់សិទ្ធិដោយរាជរដ្ឋាភិបាល ពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ហើយក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីដែលពួកគេជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន ពោល គឺសម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយដែលបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ”។

បន្ថែមពីលើនេះ ក្រសួងព័ត៌មាន ក៏បានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ និងអង្គច្បាប់ ដោយអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទនៅពេលអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ មានបញ្ហាប្រឈមណាមួយនៅពេលអនុវត្តការងាររបស់ខ្លួន។ នៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ហើយជួបបញ្ហាប្រឈមដូច្នេះ ត្រូវបានទទួលបានការការពារ ដែលនេះជាអាទិភាពមួយស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងព័ត៌មាន បានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បាននិងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រតិបត្តិការងារតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។

នៅក្នុងឱកាសនេះ លោក ទេព អស្នារិទ្ធ ក៏បានដាស់តឿនដល់អ្នកសារព័ត៌មានគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនជាប់ជានិច្ច រាយការណ៍ព័ត៌មានពិត យល់ច្បាស់ពីក្របខណ្ឌច្បាប់ និងមិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពណាមួយនោះទេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន នឹងបន្តលើកទឹកចិត្តដល់ការផ្តល់ព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដោយគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។

បន្ថែមពីនេះ អ្នកនាំពាក្យ ក៏បានលើកឡើងស្តីអំពីរបាយការណ៍ ស្តីពី “ស្ថានភាពសេរីភាពសារ​​ព័ត៌​មាន​នៅកម្ពុជា” ដែលលទ្ធផលនៃសិក្សាបានង្ហាញថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ភាពសម្បូរបែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ទន្ទឹមនេះ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម