ព័ត៌មានជាតិ
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
បើតាមការគូសបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គម្រោងព្រែកជីកហ្វូនណនតេជោ អាចធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញចេញពីកម្ពុជាចំណេញប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទំនិញចេញពីកម្ពុជាជាង ៣០% បានដឹកឆ្លងកាត់ប្រទេសវៀតណាម។ អីចឹងទេ តាមរយៈគម្រោងព្រែកជីកហ្វូណននឹងសម្រួលថ្លៃដឹកជញ្ជូន ធ្វើឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងថ្លៃដឹកជញ្ជូនជាមួយប្រទេសជិតខាង។
«៣៣ ភាគរយនៃទំនិញអន្តរជាតិរបស់កម្ពុជាដឹកចេញទៅខាងវៀតណាម ដោយសារទំនិញចូលតាមកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវទឹកថោកជាង។ ការដឹកតាមច្រកកំពង់ផែប្រទេសវៀតណាម ដោយសារនៅវៀតណាមមានកប៉ាល់ធំៗមានលទ្ធភាពដឹកបានច្រើនទៅអឺរ៉ុបនិងអាមេរិកដោយផ្ទាល់»។ លោក ស៊ុន ចាន់ថុល បន្ថែម។
លោកបន្តថា ផែទឹកជ្រៅខេត្តព្រះសីហនុបច្ចុប្បន្នអាចទទួលបាននាវាដឹកជញ្ជូនបានត្រឹម ១៨ ភាគរយ ហើយកប៉ាល់យក្សធំៗមិនអាចចេញចូលដឹកទំនិញបាននោះទេ។ ប៉ុន្តែថ្ងៃក្រោយ នៅពេលមានផែទឹកជ្រៅនៅខេត្តព្រះសីហនុសាងសង់រួចរាល់ និងព្រែកជីកហ្វូណនតេជោទៀតនោះ នឹងសម្រួលការដឹកជញ្ជូនតាមកំពង់ផែប្រទេសកម្ពុជាមិនបាច់ប្រើប្រាស់កំពង់ផែប្រទេសជិតខាងតទៅទៀត។
ទាក់ទងគម្រោងព្រែកជីកហ្វូនណនតេជោ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជាថ្មីដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ដោយមានមតិជ្រុលនិយមមួយចំនួនថា គម្រោងព្រែកជីកនេះធ្វើឲ្យកម្ពុជាខាតបង់និងប៉ះពាល់ដល់បរិស្ថាននោះ ដោយលោកបានអះអាងថា ជាការលើកឡើងដោយគ្មានមូលដ្ឋាន។
លោកថា គម្រោងព្រែកជីកនេះ បានសិក្សាទាំងផលប៉ះពាល់បរិស្ថាន ការសិក្សាលំហូរទឹកចេញចូល ផលប៉ះពាល់ចំពោះសង្គម និងផ្នែកផ្លូវច្បាប់។ ការសិក្សាសាងសង់ព្រែកជីកបានប្រើប្រាស់ពេលជាង ២៤ ខែ ដោយអ្នកជំនាញបរទេសមានទាំងអ្នកបច្ចេកទេសជប៉ុន និងប្រទេសចិនជាដើម។
លោក ស៊ុន ចាន់ថុល បានអះអាងថា ការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ មានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន ៤២ នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់និងប្រើឧបករណ៍សិក្សាពីលើអាកាស។
លោកបន្តថា គម្រោងព្រែកជីកដែលមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ដែលត្រូវបានប្រើប្រាស់តាំងពី២ ០០០ ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ ៣ ពាន់តោនអាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ អាចធ្វើឲ្យកម្ពុជាមានឯករាជ្យភាព និងផ្តល់គុណប្រយោជន៍មិនអាចកាត់ថ្លៃសម្រាប់អនាគតកម្ពុជា។
គម្រោងព្រែកជីកដែលគ្រោងចាយទុនជាង ១ ៧០០ លានដុល្លារ ជាគម្រោងសាងសង់ដោយឯកជន មិនបានប្រើប្រាស់ថវិកាជាតិនោះទេ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែម។
ទាក់ទងគម្រោងព្រែកជីកនេះ ដែលថាដើម្បីសម្រួលកងទ័ពចិន ជាការមូលបង្កាច់ ១០០ % ។ នេះបើតាមលោក ស៊ុន ចាន់ថុល។ លោកថា រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ច្បាស់ហើយថា មិនអនុញ្ញាតឲ្យបរទេសដាក់កងទ័ពប្រើប្រាស់ទឹកដីកម្ពុជានោះទេ។
ថ្លែងនៅក្នុងជំនួបជាមូយសមាគមឧកញ៉ាកាលពីនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់អហង្ការថានឹងឲ្យគម្រោងព្រែកជីកតេជោសម្រេចឲ្យបានទោះបីត្រូវបង់តម្លៃណាក៏ដោយ។
សម្តេចថា គម្រោងព្រែកជីកនេះជាតម្រូវការរបស់កម្ពុជា ព្រោះព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងការដឹកជញ្ជូន ការផលិតត្រី ជលផល និងជីវភាពរស់នៅ ហើយនឹងអាចបញ្ចៀសទឹកជំនន់នៅក្នុងខេត្តមួយចំនួនផងដែរ។
ដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោឱ្យបាន សម្តេចបានលើកឡើងថា បើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុកតាមរយៈអ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះគម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា