ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ-១៩សព្វថ្ងៃមានប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីឬទេ?
ថ្មីៗនេះអង្គការសុខភាពពិភពលោក បានបង្ហាញរបកគំហើញប្រភពមេរោគកូវីដ-១៩ដែលបានបំប្លែងថ្មី ចេញពី៣ប្រទេស គឺអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ដែលកំពុងចម្លងប្រជាជនជាង១០០ប្រទេសលើសកលលោក។ ក្នុងនោះកម្ពុជាក៏បានរកឃើញនូវប្រភេទមេរោគកូវីដ-១៩ប្រភេទថ្មីនេះផងដែរ។
ស្របពេលព្រះរាជាណាចក្រកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំង Sinopharm ជូនក្រុមអាទិភាពចាប់ពីថ្ងៃទី១០ កុម្ភៈនេះមក តើវ៉ាក់សាំងបច្ចុប្បន្ននេះ មានប្រសិទ្ធភាពអាចបង្ការមេរោគកូវីដ-១៩បំប្លែងថ្មីនោះដែរឬទេ?

ឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា លោកស្រីធ្លាប់បានអាននូវអត្ថបទជាច្រើន ដែលគេបានសិក្សាស្រាវជ្រាវរួចមកហើយ រួមទាំងអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងនៅតែមានផលប្រយោជន៍សម្រាប់បុគ្គលក្នុងការបង្កើតបាននូវកងការពារសម្រាប់ទប់ស្កាត់នូវការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ-១៩ មិនថាវីរុសបច្ចុប្បន្ន ឬវីរុសបំប្លែងទេ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ប៉ុន្តែដែលអ្នកវិទ្យាសាស្ត្រកំពុងសិក្សាបន្តនោះ គឺមិនទាន់មានភស្តុតាងណាឱ្យបានច្បាស់លាស់ដែលបានមកពីការសិក្សាវិទ្យាសាស្ត្រនេះ ដើម្បីបញ្ជាក់ថាតើ ប្រសិទ្ធភាពហ្នឹង វាមានប៉ុន្មានភាគរយ។ រឿងហ្នឹងដែលយើងកំពុងរង់ចាំ”។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បញ្ជាក់បន្តថា៖ “ឥឡូវយើងកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការវាយលុកទាំងពីវីរុសកូវីដ-១៩បច្ចុប្បន្នផង និងវីរុសបំប្លែងថ្មីផង។ សំណួរសួរថា តើយើងសុខចិត្តទុកខ្លួនយើងឱ្យមានទ្វារធំសម្រាប់ឱ្យវីរុសហ្នឹងចូលមកក្នុងខ្លួនយើងកាន់តែស្រួលដោយយើងអត់មានអីការពារ ឬក៏យើងត្រូវរកអីដើម្បីការពារវា។
លោកស្រី មានប្រសាសន៍បន្តថា អ្វីដែលជាការណ៍សំខាន់ គឺជាការសម្រេចចិត្តរបស់បុគ្គលដោយស្ម័គ្រចិត្ត ក្រោយពីមានការយល់ដឹងច្បាស់អំពីគុណប្រយោជន៍ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង អំពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នៃការរាលដាល ជាពិសេសការចាក់វ៉ាក់សាំងនោះ គឺសម្រាប់បង្ការតែខ្លួនឯង។
លោកស្រី ឱ វណ្ណឌីន បានពន្យល់បន្ថែមថា៖ “បើខ្ញុំចាក់ហើយ គឺសម្រាប់ខ្លួនខ្ញុំ មិនអាចសមាជិកគ្រួសារខ្ញុំមានកងការពារមេរោគ អត់ឱ្យឈឺធ្ងន់ ឬស្លាប់នោះទេ។ ការចាក់វ៉ាក់សាំង ជាការរួមចំណែកក្នុងការទប់ស្កាត់បាននូវការចម្លងរាតត្បាតទ្រង់ទ្រាយធំ ក៏ដូចជាកាត់បន្ថយបាននូវការពិនិត្យ និងព្យាបាលអ្នកជំងឺ”។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា អ្នកវិទ្យាសាស្ត្របានពិនិត្យឃើញហើយ នៅបណ្ដាប្រទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្លះបាន៦០ភាគរយ ឬដល់៧៥ភាគរយ គឺបានថយចុះអ្នកជំងឺជាច្រើន ពិសេសអ្នកជំងឺធ្ងន់ធ្ងរ ដោយសារការវាយលុកពីវីរុសកូវីដ-១៩ ក៏មានការថយចុះច្រើនដែរ។
គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន៣ គឺ Sinopharm COVID-19 និង Sinovac’s COVID-19 ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និងវ៉ាក់សាំង AstraZeneca’s COVID-19 ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្ដាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)។

មកដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ អង្គការសុខភាពពិភពលោក WHO បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងគ្រាអាសន្នចំនួន៣ មានវ៉ាក់សាំង Pfizer និងវ៉ាក់សាំង២ទៀត ឈ្មោះតែមួយគឺ Astrazeneca មួយមកពីកូរ៉េខាងត្បូង និងមួយទៀតផលិតនៅប្រទេសឥណ្ឌា។
WHO បានបញ្ជាក់ថា មានបេក្ខភាពវ៉ាក់សាំងផ្សេងៗទៀតដែលស្ថិតក្នុងដំណាក់កាលចុងក្រោយ ក្រោមការវាយតម្លៃរបស់WHO រួមទាំងវ៉ាក់សាំងពីប្រទេសចិនគឺ Sinopharm និង Sinovac ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖
កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី
ហេតុអ្វីតំណាង WHO ប្រចាំកម្ពុជា និងនាយិកាវិទ្យាស្ថានប៉ាស្ទ័រមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី