ព័ត៌មានជាតិ
សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ
ដោយមានការចោទប្រកាន់តាមបណ្តាញទំនាក់ទំនងសង្គមថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោះលែងជនល្មើសចំនួន ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ នោះ ពេលនេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញមកបំភ្លឺថា គឺមិនពិតឡើយ។

សូមរម្លឹកឡើងវិញថា កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ក្នុងចំណោម ២០នាក់ ករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ ជាបន្តបន្ទាប់ក្នុងទីតាំងផ្សេងៗគ្នានៃខេត្តសៀមរាប។ ករណីរំលោភបូករហូតដល់ ២០នាក់នេះ គឺគ្រួសារក្មេងស្រីរងគ្រោះបានប្ដឹងទៅកម្លាំងអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយហេតុការណ៍នេះកើតឡើងនៅអំឡុងដើមខែមេសា ឆ្នាំ២០២៤ នៅទីតាំងផ្សេងៗគ្នានៃខេត្តសៀមរាប។ លោកវរសេនីយ៍ត្រី ហ៊ុន សាឡាម នាយការិយាល័យជួញដូរ និងការពារអនិតិជននៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងពីគ្រួសាររងគ្រោះភ្លាម កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៦នាក់ យកទៅសួរនាំ និងបញ្ជូនទៅតុលាការ។ បច្ចុប្បន្ននេះ លោកក៏កំពុងបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ដោយឡែក អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នេះថា នាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានចុះផ្សាយនូវព័ត៌មានដែលមានខ្លឹមសារថា “ក្មេងស្រីអាយុ១៥ ឆ្នាំត្រូវបានរំលោភបូករហូតដល់ទៅ ២០នាក់ យ៉ាងព្រៃផ្សៃ ពេលសមត្ថកិច្ចចាប់បានជនល្មើស ឪពុកបង្កើតខឹងពេកក៏វាយទៅអ្នកបង្ករពេលនេះពុកត្រូវជាប់គុក រីឯជនល្មើស ១៤នាក់ នៅក្រៅឃុំ សៀមរាប”។ ជុំវិញរឿងរ៉ាវនេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបំភ្លឺថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណីខាងលើចំនួន ២សំណុំរឿង។

ក្នុងនោះរួមមាន សំណុំរឿងព្រហ្មទណ្ឌលេខ៥៦៥ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដែលមានជនសង្ស័យចំនួន ១៥ នាក់ (ឃាត់ខ្លួនជាក់ស្តែងចំនួន៦នាក់) និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅទីកន្លែង៣ ផ្សេងគ្នា ទី១. ផ្ទះរបស់ឈ្មោះ និត ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ទី២.ផ្ទះរបស់ឈ្មោះ ត្រា ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ និងទី៣. ផ្ទះរបស់ឈ្មោះ វណ្ណា នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
ក្រោយពីបានពិនិត្យសំណុំរឿង ចម្លើយជនសង្ស័យ និងចម្លើយរបស់ជនរងគ្រោះ ព្រមទាំងបានពិនិត្យភស្តុតាង នានារួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន ១៤នាក់ (ជនដែលឃាត់ខ្លួនជាក់ស្តែង ៥នាក់) និងបក្ខពួក ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៥នាក់។ ដោយឡែក ជនសង្ស័យចំនួន ១នាក់ ភេទប្រុស អាយុ ១៥ឆ្នាំ ដែលរកឃើញថាមិនមានភស្តុតាងធួនល្មម ដើម្បីចោទប្រកាន់ តំណាងអយ្យការបានអនុញ្ញាតឱ្យត្រលប់ទៅគេហដ្ឋានវិញ ជាបណ្តោះអាសន្ន តាមពាក្យស្នើសុំរបស់មេធាវី និងអាណាព្យាបាល។
ចំណែក សំណុំរឿងព្រហ្មទណ្ឌលេខ៥៦៨ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានជនសង្ស័យឈ្មោះ ពេជ្រ សុវ័ន្ត (ឪពុកក្មេងស្រីក្នុងបទល្មើសរំលោភសេពសន្ថវៈខាងលើ) ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ ដោយមូលហេតុថា ជននេះបានប្រើអំពើហិង្សា (ទាត់) លើជនសង្ស័យឈ្មោះ ឡុង សេងឡាយ ភេទប្រុស អាយុ ១៥ឆ្នាំ (ជនសង្ស័យក្នុងបទល្មើសរំលោភសេពសន្ថវៈខាងលើ) ចំផ្ទៃមុខបណ្តាលឱ្យរបួសត្រង់ភ្នែកខាងស្តាំ និងហូរឈាមច្រមុះ នៅពេលដែលមន្ត្រីកងរាជអាវុធហត្ថកំពុងរៀបចំបញ្ជូនឈ្មោះ ឡុង សេងឡាយ មកអយ្យការអមសាលាដំបូងខេត្តសៀមរាប។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយរបស់ឈ្មោះ ឡុង សេងឡាយ មន្ត្រីកងរាជអាវុធហត្ថបាន កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ក្រោយពីពិនិត្យសំណុំរឿង និងសួរ ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ពេជ្រ សុវ័ន្ត ពីបទហិង្សាដោយចេតនា រួចបានបញ្ជូនទៅចៅក្រមស៊ើបសួរ ហើយចៅក្រមបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
ដោយផ្អែកតាមលិខិតលេខ ១០៦៨ កយ.រប/២៤ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ពិចារណាឡើងវិញលើទិដ្ឋភាពច្បាប់ និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់លើករណីខាងលើ ចៅក្រមស៊ើបសួរបានសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃនេះ និងបន្តការស៊ើបសួរលើសំណុំរឿងនេះតាមនីតិវិធីច្បាប់។
ចំពោះការចោទប្រកាន់តាមបណ្តាញទំនាក់ទំនងសង្គមថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោះលែងជនល្មើសចំនួន ១៤នាក់ ឱ្យនៅក្រៅឃុំនោះ គឺមិនពិតឡើយ ព្រោះក្នុងសំណុំរឿងនេះ ជាក់ស្តែងជនដែលត្រូវបានឃាត់ខ្លួន និងឃុំខ្លួនមានចំនួន ៥នាក់ ប៉ុណ្ណោះ។ ចំណែកជនពាក់ព័ន្ធផ្សេងទៀតដែលមិនទាន់ឃាត់ខ្លួនបាន គឺដោយសារថា ជនទាំងនោះពុំមានអត្តសញ្ញាណគ្រប់គ្រាន់នៅឡើយ។ យ៉ាងណាមិញ ចៅក្រមស៊ើបសួរ កំពុងធ្វើការស្រាវជ្រាវជាមួយសមត្ថកិច្ច ដើម្បីកំណត់អត្តសញ្ញាណជនទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់។ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿង រំលោភ សេពសន្ថវៈមានស្ថានទម្ងន់ទោស នេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់។
គួរជម្រាបដែរថា ករណីក្រុមជនសង្ស័យប្រមាណជា ២០នាក់ បានធ្វើការរំលោភបូកលើក្មេងស្រីវ័យ ១៥ឆ្នាំ នៅទីតាំងផ្សេងៗគ្នានៃខេត្តសៀមរាប មហាជនស្នើឱ្យសមត្ថកិច្ច និងស្ថាប័នតុលាការខេត្តសៀមរាប មេត្តាស្រាវជ្រាវសំណុំរឿងនេះឱ្យមានភាពយុត្តិធម៌ទាំងជនបង្ក និងជនរងគ្រោះផង ព្រោះរឿងនេះបើតាមពិនិត្យមើលទៅរាងដូចជាស្មុគស្មាញបន្តិច៕
ដោយ៖ ជុន កុសល

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?