ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ។

ការលើកឡើងរបស់លោក ប៉ែន បូណា នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចបានចេញមុខមកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគ្រោងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់កម្ពុជា។
តាមសំណេររបស់លោក ប៉ែន បូណា នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះបានលើកឡើងថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបន្ថែមថា ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារ និងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់ តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។

លោកក៏បានសង្កត់ធ្ងន់ថា ចលនាជាតិដ៏ខ្លាំងក្លានេះ មិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។ ជាក់ស្តែង ខណៈដែលជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាលចំពោះគម្រោងព្រែកជីកហ្វូណនតេជោដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិក្លែងក្លាយមួយរូបជាមួយសាវ័កមួយដំបស្វាបែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ។

ការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។ អាចនិយាយបានថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាពរជ័យ និងជាលាភសំណាងសម្រាប់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែវាជាបណ្តាសា និងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់ និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល