ព័ត៌មានជាតិ
ភ្ញៀវចម្រុះជាតិសាសន៍ជាង៨ម៉ឺននាក់ ទស្សនាពិព័រណ៍ផលិតផល និងម្ហូបខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ភ្ញៀវចម្រុះជាតិសាសន៍ប្រមាណជាង៨ម៉ឺននាក់ បានចូលរួមទស្សនាការតាំងបង្ហាញផលិតផល ម្ហូបអាហារខ្មែរ និងការសម្ដែងរបាំបុរាណខ្មែរ នៅទីក្រុងតួក្យូ ប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍ពិព័រណ៌កម្ពុជា លើកទី៨ ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងដោយលោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ នៅឧទ្យាន យ៉ូយ៉ូហ្កិ ផាក ទីក្រុងតូក្យូ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បញ្ជាក់ថា តាមការសង្កេតឃើញរបស់គណៈកម្មាធិការរៀបចំកម្មវិធី រយៈពេលពីរថ្ងៃ មានភ្ញៀវជាតិ អន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជាង៨ម៉ឺននាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញផលិតផល មុខម្ហូប និងការសម្ដែងនូវរបាំបុរាណខ្មែរ រួមទាំងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការសម្ដែងក្បាច់គុនបុរាណខ្មែរ ជាដើម។

ក្រោមសហការរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងជប៉ុន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំ លើកទី៨ ឆ្នាំ២០២៤ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក រយៈពេល២ថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី៤ ខែឧសភា។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួន៩០ បានដាក់តាំងបង្ហាញផលិតផលខ្មែរ មុខម្ហូបខ្មែរ ព្រមទាំងសម្ដែងរបាំបុរាណខ្មែរ ដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន ព្រមទាំងមានការសម្តែងក្បាច់គុនខ្មែរ។

បើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូត ទុយ រី ព្រឹត្តិការណ៍នេះ គឺជាការផ្សារភ្ជាប់គ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាការចែករំលែកវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក ដែលជាផ្នែកមួយដើម្បីផ្សារភា្ជប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូតក្នុងការចូលរួមលើកកម្ពស់វិស័យពាណិជ្ជកម្មអន្តរជាតិ និងជំរុញវិនិយោគិនបរទេសទៅកម្ពុជា ក៏ដូចជាការលើកកម្ពស់ទេសចរឱ្យទៅកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត។

លោក ទុយ រី បន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ស្របនឹងពេលដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា និងជប៉ុន បានឯកភាពដំឡើងកម្រិតទំនាក់ទំនងជាមួយគ្នាទៅជា «ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីដើមឆ្នាំ ២០២៣ ដែលជាឆ្នាំដ៏អស្ចារ្យ ដោយកម្ពុជា-ជប៉ុន បានប្រារព្ធខួបអនុស្សាវរីយលើកទី៧០ នៃការបង្កើតចំណងការទូតរបស់ខ្លួនផងដែរ។
ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា លោក ទុយ រី បានថ្លែងអំណរគុណចំពោះសហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤យ៉ាងច្រើនកុះករបែបនេះ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ