ព័ត៌មានជាតិ
អតីតទាហានអ៊ុនតាក់ ជនជាតិហូឡង់ សរសើរពីភាពរីកចម្រើនកម្ពុជាក្រោយបញ្ចប់សង្គ្រាមស៊ីវិល
លោក អឺវីន វ៉ាន ឌឹហ្សិន( Erwin van Delzen) គឺជាអតីតទាហានអ៊ុនតាក់ ជនជាតិហូឡង់ ដែលធ្លាប់បានបំពេញការងារនៅកម្ពុជាអស់រយៈពេល ៦ ខែ នៅអំឡុងឆ្នាំ ១៩៩៣។ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ១៩៩២ ក្រោមដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋកម្ពុជា ដែលជាប្រតិបត្តិការថែរក្សាសន្តិភាព ក្នុងឆ្នាំ១៩៩២-៩៣។
ក្រោយពីអ៊ុកតាក់ត្រូវបានរំសាយកាលពីឆ្នាំ ១៩៩៣ លោកបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ លោក Erwin បានចូលបម្រើការងារជាទាហាននៅកម្ពុជាគ្រាលោកមានអាយុទើបតែ ១៨ ឆ្នាំ ក្នុងមុខតំណែងជាទាហានផ្នែកទំនាក់ទំនង និងអន្តរាគមន៍ ។ បច្ចុប្បន្នលោកបានរៀបការជាមួយភរិយាជាវេជ្ជបណ្ឌិត និងមានកូនប្រុសចំនួនពីរនាក់ម្នាក់ ១៧ ឆ្នាំ និងម្នាក់ទៀត ១៨ ឆ្នាំ ។ ក្រោយការចាកចេញអស់រយៈពេលប្រមាណ ៣០ឆ្នាំ កាលពីឆ្នាំ១៩៩៣ លោកបានត្រឡប់មកម្ពុជាចំនួន ២លើករួចមកហើយ និងបានសរសើរពីភាពរីកចកម្រើន និងការអភិវឌ្ឍន៍នៅកម្ពុជា ក្រោយបញ្ចប់សង្គ្រាមស៊ីវិល ដែលប្រទេសនេះធ្លាប់តែជាទឹកដីពោរពេញដោយការប្រយុទ្ធគ្នារវាងខ្មែរនិងខ្មែរ និងបន្សល់នូវសោកនាដកម្មនានា។
តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងលោក ឡាយ សាមាន ការីនិពន្ធសារព័ត៌មានកម្ពុជាថ្មី ជាមួយលោក (Erwin van Delzen) តាមរយៈវីដេអូពីចម្ងាយ។
តើលោកអាចរៀបរាប់ពីបទពិសោធន៍ការងារជាទាហានអ៊ុនតាក់នៅកម្ពុជា ឆ្នាំ ១៩៩៣ បានទេ?
ខ្ញុំបានចាប់ផ្តើមបម្រើការងារនៅជំរំសុខសាន្ត នាខេត្តប៉ៃលិន ដែលជាកន្លែងសំបូរទៅដោយព្រៃស្តុក ជំងឺគុ្រនចាញ់ ហើយខ្មែរក្រហមក៏មានវត្តមាននៅទីនោះដែរ។ ខ្ញុំបានបម្រើការងារនៅទីនោះរយៈពេល ៦ សប្តាហ៍នៅក្នុងជំរំ ដែលវាជាកន្លែងដ៏គ្រោះថ្នាក់ ហើយឧទ្ធម្ភាគចក្រ មិនអាចចុះចតដើម្បីនាំជំនួយ និងសម្ភារផ្សេងៗបានទេ ដោយសារតែខ្មែរក្រហមនឹងចាំបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ។ ដូច្នេះយើងមានតែធ្វើដំណើរដោយថ្មើជើងនៅតាមព្រំប្រទល់ថៃ ដើម្បីនាំអាហារ ប៉ុន្តែមិនមានហេដ្ឋារចនាសម្ព័ន្ធល្អ ឬផ្លូវល្អប្រើប្រាស់នោះទេ។
ក្រោយមកខ្ញុំត្រូវបានផ្ទេរទៅក្រុងសេរីសោភណ្ឌ នាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងប្រយុទ្ធយ៉ាងខ្លាំងក្លារវាងខ្មែរក្រហម និងភាគីផ្សេងទៀត។ នាពេលនោះខ្ញុំឃើញមានរថក្រោះ ឆ្ពោះមកជំរំយើង មានការប្រយុទ្ធគ្នា ហើយមានទាហានដែលប្រដាប់ដោយអាវុធព័ទ្ធជុំវិញជំរំ។ ពួកគេតែងប្រយុទ្ធគ្នា បោកគ្រាប់បែក បាញ់ប្រហារ អំឡុងពេលនោះឡានរបស់យើងត្រូវបានផ្ទុះដោយសារគ្រាប់បែក។ វាគឺជាពេលដ៏គ្រោះថ្នាក់បំផុតនា ដែលសំបូរទៅដោយអាវុធយុទ្ធភណ្ឌ ការប្រយុទ្ធ និងការបាញ់ប្រហារ។
សម្រាប់ខ្ញុំជារឿងធម្មតាក្នុងនាមជាទាហានអ៊ុនតាក់ ដើម្បីការពារអំឡុងពេលមានគ្រោះថ្នាក់ ព្រោះពេលនោះយើងមិនគិតថាជាកន្លែងសុវត្ថិភាព និងរស់នៅស្រួលនោះទេ ព្រោះពេលចូលក្នុងសមរភូមិ យើងបានត្រៀមខ្លួនជាស្រេច បើសិនជាយើងគិតតែព្រួយបារម្ភពីសុវត្ថិភាព និងមិនមានភាពក្លាហាន យើងមិនអាចស្នាក់នៅកម្ពុជាអស់រយៈពេល៦ខែនោះទេ។
នៅពេលនោះ តើអ្នកគិតថាប្រទេសកម្ពុជា និងប្រជាជន នឹងមានស្ថានភាពបែបណា?
ពេលនោះប្រទេសកម្ពុជាពោរពេញដោយសង្គ្រាម ការប្រយុទ្ធគ្នាដោយប្រើកាំភ្លើង មនុស្សស្លូតត្រង់ដូចជាកសិករបានសម្រុកចូលជំរំ ដើម្បីគេចពីការសម្លាប់ដោយទាហានខ្មែរក្រហមដោយគ្មានហេតុផល និយាយរួមវាពិតជាឃោរឃៅ ខ្ញុំមិនដែលបានជួបប្រទះនៅប៉ែកប្រទេសរបស់ខ្ញុំទេ ។ ខ្ញុំគិតថា ប្រជាពលរដ្ឋធំធាត់ឡើងដោយបរិបទមិនល្អ ក្មេងៗចាប់កំណើតមកជាមួយបរិយាកាសសង្គមមិនល្អ ឃើញកាំភ្លើង ប្រជាពលរដ្ឋស្លូតត្រង់រងរបួសដែលក្លាយទៅជារឿងធម្មតាទៅហើយនាពេលនោះ។
តើអ្នកបានកត់សម្គាល់ឃើញការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពេលដែលអ្នកនៅទីនោះក្នុងឆ្នាំ ១៩៩៣ ជាពិសេសទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន?
កាលពីឆ្នាំ ២០២៣ ខ្ញុំបានមកលេងកម្ពុជាជាមួយកូនប្រុសម្នាក់ ខ្ញុំបានទៅលេងនៅខេត្តរតនគិរី ខេត្តសៀមរាប និងភ្នំពេញ ហើយនៅឆ្នាំ ២០២៤ ខ្ញុំបានត្រឡប់មកកាន់កម្ពុជាម្តងទៀតជាមួយកូនប្រុសរបស់ខ្ញុំទាំងពីរនាក់។ អ្វីកាន់តែពិសេសនោះ នៅឆ្នាំ ២០២៤ ខ្ញុំបានទៅទីតាំងដែលជាកន្លែងធ្លាប់បានបំពេញការងារស្នាក់នៅក្នុងជំរំ ក្នុងនាមជាទាហានអ៊ុនតាក់ នៅឯខេត្តប៉ៃលិន។
សម្រាប់ខ្ញុំ សង្កេតឃើញថា នៅប៉ៃលិនទីក្រុងមានការរីកចម្រើន និងធំជាងមុន ឧទាហរណ៍ នៅក្នុងក្រុង មានផ្សារនិងមានផ្លូវថ្នល់ល្អ លើកលែងតែអ្នកធ្វើដំណើរទៅតំបន់ឆ្ងាយៗ ដាច់ស្រយ៉ាល ទើបឃើញផ្លូវមិនទាន់បានជួសជុល ឬលើកកម្រិតគុណភាពផ្លូវ ។ ប៉ុន្តែបើអ្នករស់នៅទីក្រុងវិញ អ្នកនឹងឃើញភាពហ៊ឺហារ ការរស់នៅសំបូរបែប រថយន្តទំនើបៗ សម្ភារនិយម ការប្រើទូរស័ព្ទដៃ ហាង វាពិតជាមានភាពទំនើបខ្លាំង ប្រើបៀបទៅនឹងឆ្នាំ ១៩៩៣។
ខ្ញុំធ្លាប់បានស្នាក់នៅខេត្តសៀមរាប កាលពីឆ្នាំ ១៩៩៣ នៅអង្គរវត្ត យើងបានពាក់ឯកសណ្ឋានទាហាន ហើយពេលនោះមានក្មេងប្រុសម្នាក់ចេះនិយាយបារាំង អង់គ្លេស ដែលបានដើរល្បាតនៅអង្គរវត្ត ហើយក៏មានរថយន្តក្រោះប្រចាំនៅតំបន់នោះ និងមានទាហាននៅគ្រប់ទីកន្លែង។
ប៉ុន្តែនៅពេលដែលខ្ញុំបានត្រឡប់មកកម្ពុជាម្តងទៀតឆ្នាំ ២០២៤ នៅអង្គរវត្ត ដែលខ្ញុំធ្លាប់ថតនោះ វាហាក់ពិតជាប្លែកខ្លាំងណាស់ គឺពោរពេញដោយភ្ញៀវទេសចរ ហើយមានតែសន្តិសុខ និងប៉ូលិស ប៉ុន្មាននាក់សម្រាប់ពារសណ្តាប់ធ្នាប់នៅទីនោះប៉ុណ្ណោះ មិនឃើញមានទាហានដូចកាលពីឆ្នាំ ១៩៩៣ នោះទេ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ពលរដ្ឋមានការយល់ដឹងច្រើន និងប្រើប្រាស់ភាសាអង់គ្លេសបានល្អ សរុបមកមិនមានរថក្រោះ មិនមានការផ្ទុះអាវុធគ្នានឹងគ្នានោះទេ។
តើទិដ្ឋភាពជាក់ស្តែងអ្វីខ្លះនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ ឬភ្ញាក់ផ្អើលបំផុត?
ខ្ញុំបានមកលេងកម្ពុជា អំឡុងពេលមានការប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ១៣-១៦ មេសា ឆ្នាំ ២០២៤ អ្វីដែលខ្ញុំបានឃើញ គឺប្រជាជនខ្មែរមានភាពសប្បាយរីករាយ ជួបជុំគ្រួសារ ពិសារអាហាររួមគ្នា។ អំឡុងពេលស្នាក់នៅកម្ពុជា យើងបានជជែកលេងយ៉ាងសប្បាយជាមួយប្រជាជនកម្ពុជា ហើយបន្ថែមពីនេះក៏បានទៅក្លិបកម្សាន្តផងដែរ មើលទៅនៅទីនេះពោរពេញដោយសប្បាយរីករាយ។
សរុបសេចក្តីមក ប្រជាជនរស់នៅដោយសប្បាយរីករាយ រួសរាយ និងមានការយោគយល់អាធ្យាស្រ័យគ្នា។ បន្ថែមពីនេះទាំងខ្ញុំ និងកូនប្រុសរបស់ខ្ញុំ ក៏បានចូលរួមលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយ។ អំឡុងពេលនោះ ខ្ញុំបានឃើញក្មេងៗ នៅតាមដងផ្លូវជាមួយឪពុករបស់គេលេងបាញ់ទឹក មើលទៅពួកគេសប្បាយចិត្តណាស់ និងកំពុងរីករាជាមួយនឹងជីវិតដែលល្អ ហើយបំភ្លេចចោលនូវការចងចាំដែលខ្មៅងងឹតកាលពីឆ្នាំ ១៩៩៣។
តាមការយល់ឃើញរបស់អ្នក តើកត្តាអ្វីខ្លះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលមក?
សម្រាប់ខ្ញុំគិតថា ការបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៩៣ មិនមែនជាប្លាស់ប្តូរដ៏ធំនោះទេ អ្វីដែលជាចំណុចចាប់ផ្តើមដ៏ធំនោះគឺនៅឆ្នាំ ១៩៩៨ ប៉ុន្តែទាំងនេះគឺជាការចាប់ផ្តើមមួយដែលនាំមកដល់ចំណុចសព្វថ្ងៃ ហើយនឹងកាន់តែមានភាពល្អប្រសើរនៅពេលខាងមុខ។
ដូច្នេះខ្ញុំគិតថា យើងជាផ្នែកមួយនៃដំណោះស្រាយ ហើយមានរឿងជាច្រើនបានកើតឡើង ដោយសារតែប្រទេសរបស់អ្នកត្រូវបានកាន់កាប់ ឬឈ្លានពានជាច្រើនលើកច្រើនសារពីសំណាក់បរទេសដូចជា បារាំង អាមេរិក ជប៉ុន ថៃ វៀតណាម ទាំងនេះគឺជារឿងអតីតកាល។ ប៉ុន្តែខ្ញុំនៅតែកោតសរសើរ ទោះបីប្រទេសអ្នកមានការយារយីពីសំណាក់បរទេសក្តី បច្ចុប្បន្ននេះ ប្រទេសអ្នកនៅតែឯករាជ្យ និង រឹងមាំ។
សម្រាប់ពេលនេះ ប្រទេសអ្នកគ្មានអ្វីគំរាមកំហែងឬឈ្លានពានអ្នកទៀត ដូច្នេះ ខ្ញុំគិតថាអ្វីដែលអ្នកគួរធ្វើគឺថែរក្សាសន្តិភាព បញ្ជូនក្មេងៗទៅសាលាដើម្បីទទួលបានការអប់រំ ហើយពួកគេនឹងជួយកសាងប្រទេសរបស់អ្នកដែលជារឿងសំខាន់ ព្រោះមានសេដ្ឋកិច្ច និងចំណេះដឹងដើរទន្ទឹមគ្នា។
ក្នុងនាមលោកជាសាក្សីជនជាតិបរទេស ដែលបានឃើញទាំងពេលវេលាដ៏ខ្មៅងងឹតបំផុត និងការអភិវឌ្ឍន៍នៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តើអ្នកនឹងមានសារចែករំលែកអ្វីខ្លះទៅកាន់ពិភពលោកអំពីភាពធន់ និងសក្តានុពលរបស់ប្រទេសកម្ពុជា?
ជាមតិខ្ញុំទោះបីជាកម្ពុជាបានបោះជំហានទៅមុខក្តី ប៉ុន្តែខ្ញុំគិតថាពលរដ្ឋខ្មែរជាពិសេសនៅតាមបណ្តាខេត្តកំពុងតស៊ូរស់នៅដោយលំបាក បន្ទាប់ពីរួចផុតពីរបបខ្មៅងងឹត ដោយអ្នកខ្លះធ្វើជាកម្មករ លក់ដូរនៅតាមដងផ្លូវ និងការដឹកជញ្ជូនជាដើម។ ខ្ញុំសង្កេតឃើញថា ពលរដ្ឋខ្លះគាត់ធ្វើជាអ្នកចែកចាយ រត់កង់បី តាក់ស៊ី ដូច្នេះប្រជាជនកម្ពុជាខិតខំប្រឹងប្រែងធ្វើការណាស់។ សម្រាប់ខ្ញុំយល់ថា នៅពេលគាត់ធ្វើការបានលុយ គាត់ត្រូវតែបញ្ជូនកូនទៅសាលា ហើយនៅពេលកូនទទួលបានការសិក្សា ពួកគេនឹងបានការងារល្អ ពេលនោះហើយធនធានមនុស្សជំនាន់ក្រោយទាំងនេះអាចជួយអភិវឌ្ឍប្រទេសរបស់អ្នកបាន ហើយកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត។
បើតាមខ្ញុំដឹង នៅឆ្នាំ ១៩៨០ ប្រជាជនកម្ពុជានៅសល់ប្រមាណ ៣,៥ លាន ប៉ុណ្ណោះ ហើយឥឡូវកម្ពុជាមានប្រជាជនប្រហែល ១៧ ឬទៅ២០ លាននាក់ ដូច្នេះវាជាការអភិវឌ្ឍដ៏ធំ ហើយប្រសិនបើអ្នកបញ្ជូន
កូនៗ ទៅសាលារៀនដើម្បីទទួលបានការអប់រំ ប្រទេសអ្នកនឹងកាន់តែប្រសើរឡើង។
តើមូលហេតុអ្វីបានជាលោកនាំកូនប្រុសទាំងពីរមកលេងកម្ពុជា?
ព្រោះប្រទេសកម្ពុជា ជាកន្លែងដែលខ្ញុំធ្លាប់បម្រើការងារជាទាហានអ៊ុនតាក់នៅឆ្នាំ ១៩៩៣ ដូច្នេះខ្ញុំនាំកូនៗមកកម្សាន្តនៅកម្ពុជា ដើម្បីឱ្យបានស្គាល់ពីបទពិសោធន៍ខ្ញុំ និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
អ្វីដែលសំខាន់នោះ កូនៗរបស់ខ្ញុំបានចាប់អារម្មណ៍ និងស្រឡាញ់ប្រទេសកម្ពុជា ថែមទាំងមានគម្រោងមកលេងកម្ពុជានៅថ្ងៃអនាគតផងដែរ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ