ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍ខេត្តកំពតកំពុងជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ គ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤
កំពង់ផែទេសរណ៍ខេត្តកំពតដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ កំពុងឈានទៅជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤។ នេះបើតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់នៅក្នុងកម្មវិធីកិច្ចពិភាក្សាពិសេសមួយ រៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ដោយមានការសម្របសម្រួលពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកំពតបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ប៉ុន្តែមិនទាន់បើកឲ្យដំណើរការជាផ្លូវការ ដោយសារមិនទាន់បានជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រងបាននៅឡើយ។
យោងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី តម្រូវឲ្យមានការដេញថ្លៃជាសាធារណៈ ស្របតាមក្របខ័ណ្ឌភាពជាដៃគូររវាងរដ្ឋនិងឯកជន ដោយត្រូវជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានទុនវិនិយោគ និងបទពិសោធគ្រប់គ្រាន់ធ្វើជាប្រតិបត្តិករកំពង់ផែនេះ។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងបិទបញ្ចប់នីតិវិធីជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគក្នុងត្រីមាសទីពីរឆ្នាំ ២០២៤ និងដាក់ឲ្យដំណើរការបណ្ដោះអាសន្នក្នុងត្រីមាសទីបីឆ្នាំ ២០២៤ មុនឈានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤។
ដើម្បីធានាឲ្យកំពង់ផែមានសុវត្ថិភាពល្អមាននិរន្តរភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរណ៍ដោយរលូន រាជរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែអនុវត្តភារកិច្ចចាំបាច់មួយចំនួន ដូចជាការជីកបូមស្តារផ្លូវទឹកឲ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរណ៍ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរណ៍ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពកំពង់ផែ ដើម្បីធានាបានថាកំពង់ផែនេះក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេសជាតិនិងអន្តរជាតិ។
ជុំវិញបញ្ហាកំពង់ផែទេសចរណ៍ខេត្តកំពតដែលសាងសង់រួចមិនទាន់ដាក់ឲ្យដំណើរការ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកំពតមិនមែនធ្វើហើយបោះបង់ចោលនោះទេ ប៉ុន្តែដោយសារមាននីតិវិធីតាមកិច្ចព្រមព្រៀងវិនិយោគ។
«គេបានដាក់ដេញថ្លៃតាមនីតិវិធីឲ្យផ្នែកឯកជនមកគ្រប់គ្រង។ ផ្នែកឯកជនមានចក្ខុវិស័យចង់ឲ្យកប៉ាល់យក្សធំៗចូលប្រើប្រាស់កំពង់ផែនេះបាន ដែលទាល់តែត្រូវស្តារប្រឡាយឲ្យបានធំ។ បើថាសាងសង់រួចបោះបង់ចោលគឺអត់ទេ»។ លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែម។
បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នកប៉ាល់តូចៗអាចចេញចូលបានជាធម្មតា បើទោះបីកំពង់ផែមិនទាន់ដាក់ឲ្យដំណើរការជាផ្លូវការក៏ដោយ។
កំពង់ផែទេសចរណ៍ខេត្តកំពតបានចាប់ដំណើរការសាងសង់នៅឆ្នាំ ២០១៨ និងបញ្ចប់នៅឆ្នាំ ២០២២ ដោយចំណាយទឹកប្រាក់ជា ១៨ លានដុល្លារអាមេរិកជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។
កំពង់ផែបម្រើផ្នែកទេសចរណ៍ដ៏ធំនៅក្នុងខេត្តកំពតនេះ មានទីតាំងជាប់ដងព្រែកជាប់ដៃសមុទ្រ ស្ថិតក្នុងស្រុកទឹកឈូ ចម្ងាយជាង ៦ គីឡូម៉ែត្រ ពីក្រុងកំពត ដែលសាងសង់ឡើងលើផ្ទៃដីទំហំជាង ៤ហិកតា។
តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត នឹងដើរតួនាទីសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសម្របសម្រួលពាណិជ្ជកម្មជាតិនិងអន្តជាតិ ការទាក់ទាញអ្នកទេសចរ ការបង្កើតការងារដល់ពលរដ្ឋនិងការតភ្ជាប់កំពង់ផែក្នុងប្រទេសទៅប្រទេសក្នុងតំបន់និងអន្តរជាតិ។
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន បច្ចុប្បន្នមានកំពង់ផែនិងចំណតផែសរុប ១១៩ កន្លែង ក្នុងនោះកំពង់ផែអន្តរជាតិមានចំនួន ២ កន្លែង ដែលមានកំពង់ផែស្វយ័តភ្នំពេញ (កំពង់ផែទឹកសាប) និងកំពង់ផែស្វយ័តខេត្តព្រះសីហនុ (កំពង់ផែសមុទ្រ)។ កំពង់ផែនិងចំណតផែនៅតាមដងទន្លេមានចំនួន ៨៨ កន្លែង និងនៅតាមឆ្នេរសមុទ្រមានចំនួន ៣១ កន្លែង៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ