ព័ត៌មានជាតិ
ស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងចាប់ផ្ដើម ដោយផ្តល់ឱកាសការងារជាង ៥ ពាន់ កន្លែង ដល់យុវជន
នៅថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងត្រូវចាប់ផ្ដើមហើយ ដោយមានរយៈពេល ២ ថ្ងៃ ជាប់គ្នា គឺ នាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ ២០២៤ នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច នៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ក្រុមហ៊ុន និងសហគ្រាសធំៗ ចំនួន ២០ ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការផ្តល់ឱកាសការងារភ្លាមៗ សរុបចំនួន ៥ ៤០០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

ពិព័រណ៍ការងារដ៏ធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗ ជាច្រើន ដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗ ក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួម ក៏អាចទទួលបានគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងដែលមានការចូលរួមពីវាគ្មិនមានបទពិសោធជាច្រើនរូបផងដែរ។

លោក សែម សុផា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកជ្រើសរើស និងបណ្ដុះបណ្ដាលធនាគារ Wing បានឱ្យដឹងថា មកដល់ពេលនេះ ធនាគារ Wing បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរង់ចាំទទួលស្វាគមន៍ចំពោះសាធារណជនទូទៅ ពិសេសសិស្ស/និស្សិត ដែលចង់បានឱកាសការងារធ្វើជាមួយ WING។ លោកបន្ថែមថា «ក្នុងរយៈពេល ២ ថ្ងៃនេះ យើងមិនត្រឹមតែនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងប៉ុណ្ណោះទេ យើងក៏មានកាដូរអនុស្សាវរីយ៍ជាច្រើនផ្តល់ជូនដល់អ្នកចូលរួមផងដែរ»។
ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ ២០២៤ នេះ រំពឹងថា នឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើរាប់ពាន់នាក់ មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗ ចំនួន ២០។

ព័ត៌មានបន្ថែម សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕





-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច