ព័ត៌មានជាតិ
គ្រឹះស្ថានធនាគាររួមចំណែកជាង ៣៤០ លានដុល្លារទិញប័ណ្ណបំណុល គម្រោងព្រលានយន្តហោះតេជោតាខ្មៅ
គម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោតាខ្មៅ ចាយទឹកប្រាក់វិនិយោគអស់ប្រមាណជាង ១ ពាន់លានដុល្លារ ខណៈគម្រោងទាំងមូលសម្រេចបានជាង ៧២%។
ការចំណាយទឹកប្រាក់ដ៏មហាសាលវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ ក៏មានចំណែកទុនវិនិយោគពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបានចូលរួមគាំទ្រគម្រោងតាមរយៈការទិញសញ្ញាបណ្ណ (មូលបត្របំណុល) ពីក្រុមហ៊ុនអភិវឌ្ឍព្រលានក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ។


លោកស្រី លឹម លីណា អនុប្រធានក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានបញ្ជាក់ថា គម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោតាខ្មៅបច្ចុប្បន្នសម្រេចបាន ៧២.៣% ជាមួយនឹងការវិនិយោគអស់ប្រហែល ១,០៥២ លានដុល្លារ។
លោកស្រីអះអាងថា ខ្ទង់ចំណាយដ៏ច្រើននេះក៏មានការចូលរួមគាំទ្រហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមរយៈការទិញសញ្ញាបណ្ណ (មូលបត្របំណុល) ពីក្រុមហ៊ុនអភិវឌ្ឍព្រលានប្រមាណ ៣៤០ លានដុល្លារ។
ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលចាយទុនរហូតខ្ទង់ពាន់លានដុល្លារនេះ បើតាមលោកស្រី លឹម លីណា ក្រុមហ៊ុនមានមហិច្ឆិតាក្នុងការប្រែក្លាយព្រលានយន្តហោះតេជោក្រុងតាខ្មៅ ឲ្យក្លាយទៅជាព្រលានយន្តហោះដែលធំនិងទំនើបជាងគេនៅតំបន់អាស៊ី។


ទាក់ទងគម្រោងព្រលានយន្តហោះតេជោក្រុងតាខ្មៅ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងក្នុងនិងក្រៅប្រទេស ជួយទិញមូលបត្របំណុលរបស់ក្រុមហ៊ុនដើម្បីកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការទិញសញ្ញាបណ្ណពីក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ គ្រឹះស្ថានហិរញ្ញវត្ថុនឹងទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យពីរាជរដ្ឋាភិបាល។
ធនាគារ ABA ជាគ្រឹះស្ថានធនាគារដ៏ធំមួយ ដែលបានបោះទុនចំនួន ៣០ លានដុល្លារអាមេរិកទិញសញ្ញាបណ្ណសាជីវកម្ម ដើម្បីគាំទ្រគម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ។
លោក ហ្ស៊ីហ្គើរ អាតឆាបារ៉ូវ (Zhiger Atchabarov) នាយកប្រតិបត្តិការនៃធនាគារ ABA បានឲ្យកម្ពុជាថ្មីដឹងថា លោកមានទំនុកចិត្តការរួមចំណែករបស់ ABA ក្នុងការគាំទ្រហិរញ្ញវត្ថុគម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោតាខ្មៅ នឹងមានឥទ្ធិពលវិជ្ជមានតាមរយៈការបង្កើតការងារថ្មី និងបង្កើនភាពទាក់ទាញរបស់ប្រទេសកម្ពុជា។
ស្របតាមគោលនយោបាយវិនិយោគរបស់ ABA លោក ហ្ស៊ីហ្គើរ អាតឆាបារ៉ូវ បានអះអាងថា ការចូលរួមគាំទ្រដំណាក់កាលអភិវឌ្ឍនេះនឹងប្រែក្លាយព្រលានយន្តហោះតេជោតាខ្មៅថ្មី មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់តំបន់ ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ព្រលានយន្តហោះតេជោក្រុងតាខ្មៅវិនិយោគដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលកាន់កាប់ភាគហ៊ុន ៩០ ភាគរយ និងរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន ១០ ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន ១,៥០០ លានដុល្លារអាមេរិក។ ព្រលានយន្តហោះថ្មីនេះ អភិវឌ្ឍនៅលើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ។
នៅពេលដាក់ឲ្យដំណើការ ព្រលានយន្តហោះតេជោក្រុងតាខ្មៅនឹងក្លាយជាព្រលានយន្តហោះលំដាក់ថ្នាក់ទី ៩ ក្នុងពិភពលោក ដែលគ្រោងបញ្ចប់ដំណាក់កាលទី ១ និងដាក់ឲ្យដំណើរការនៅឆមាសទី ១ ឆ្នាំ ២០២៥៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ