ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផល នៅវត្តសិរីសោភា ហៅអង្គតាមិញ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសិរីសោភា ហៅវត្តអង្គតាមិញ (នៅទល់មុខជាមួយទីស្តីការក្រសួងមុខងារសាធារណៈ) ដែលស្ថិតក្នុងភូមិចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យទី ១ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤។

ពិធីបុណ្យនេះមានការយាងនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះពុទ្ធិជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ព្រះថេរានុថេរៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ និងមន្ត្រីរាជការជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមយុវជនកាកបាទក្រហម ស.ស.យ.ក កាយរឹទ្ធិ យាយជី តាជី និងប្រជាពលរដ្ឋជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ចៅអធិការអង្គតាមិញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ សប្បុរសជន និងពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។

នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។
ឯកឧត្ដម បានរំលេចកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

មានប្រសាសន៍បន្តនាឱកាសនោះ ឯកឧត្ដម បានគូសបញ្ជាក់ថា “សមិទ្ធផលជាច្រើនដែលយើងកំពុងមាននេះ គឺកើតឡើងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត បានជម្នះនូវបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាល ដើម្បីទទួលបានជ័យជម្នះ និងសន្តិភាពពេញលេញ ហើយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារ និងកសាងរហូតឈានដល់ការអភិវឌ្ឍប្រទេសដូចបច្ចុប្បន្ន”។
ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យគាំទ្រការអនុវត្តគម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្ត បេសកកម្មពី សម្តេចតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប។

សូមជម្រាបជូនថា វត្តអង្គតាមិញ បានកសាងឡើងក្នុងឆ្នាំ ១៨៩៨ មានផ្ទៃក្រឡា ៣,០២ ហិតា ស្ថិតក្នុងភូមិចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យទី ១ រាជធានីភ្នំពេញ។ សមិទ្ធផលទាំងឡាយដែលធ្វើការសម្ពោធនាពេលនេះ រួមមាន ប្រាសាទមួយ ពង្រីកសាលាធម្មសភា ព្រះពុទ្ធរូបមួយអង្គធំ និងផ្ទាំងគំនូរ ៨២ ផ្ទាំង ក្នុងសាលាធម្មសភា ដែលគិតជាទឹកប្រាក់សាងសង់សរុបប្រមាណ ២៩៣,៥០០ ដុល្លារអាមេរិក៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ