ព័ត៌មានជាតិ
ការផ្លាស់ប្ដូររថយន្តដឹកទំនិញទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ នឹងត្រូវបញ្ចប់យ៉ាងយូរនៅឆ្នាំ ២០២៧
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត បានលើកឡើងថា ការផ្លាស់ប្ដូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិត ពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត ដែលអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់យ៉ាងយូរនៅត្រឹមឆ្នាំ ២០២៧។

ថ្លែងក្នុងឱកាសអញ្ជើញជាសហធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់កម្មករ-និយោជិតនៅរោងចក្រ BOWKER GARMENT FATORY (CAMBODIA) COMPANY LIMITED ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ៩ ឧសភានេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា ការជំរុញឱ្យមានការផ្លាស់ប្ដូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិត ពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត ដែល ប.ស.ស កំពុងសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធនានា និងកំពុងអនុវត្តការងាររហូតមកដល់ពេលនេះ ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅកម្រិតទាបបំផុត ដែលអាចរក្សាបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់កម្មករ-និយោជិត។
លោកបណ្ឌិត បានបន្តទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរមា ស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ នៅក្នុងយុទ្ធសាស្ត្រទី ៥ កម្មវិធីទី ៣ ស្តីពីការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលក្នុងនោះ ការពង្រឹងការអប់រំ និងការផ្សព្វផ្សាយលើកកម្ពស់សុខុមាលភាព ក៏ដូចជាការបង្ការហានិភ័យការងារ គឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុខសុវត្ថិភាពរបស់កម្មករ-និយោជិតក្នុងពេលបំពេញការងារ។

លោកបណ្ឌិត បានបន្ថែមថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុខសុវត្ថិភាពរបស់កម្មករ-និយោជិតក្នុងពេលបំពេញការងារ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់សកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសការរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករ-និយោជិត សំដៅលើកកម្ពស់កម្មវិធី បង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករ-និយោជិតជាប្រចាំ និងត្រូវធ្វើការសិក្សាសមិទ្ធិលទ្ធភាពអំពីជម្រើសក្នុងការជំរុញការផ្លាស់ប្ដូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិតពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត ដែលអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់យ៉ាងយូរត្រឹមឆ្នាំ ២០២៧។
លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងករណីគ្រោះថ្នាក់ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

លោកឧត្ដមសេនីយ៍ឯក ក៏បានអំពាវនាវ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករ-និយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។
ចំណែកលោក ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស ដែលកន្លងមករហូតដល់ពេលនេះ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករ ពិសេសកម្មករ-និយោជិត តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យកម្មករ-និយោជិតទាំងអស់បានយល់ដឹកកាន់តែច្បាស់ស្តីពីសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោកអភិបាលរង សំណូមពរដល់ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ក្នុងទឹកដីខេត្តកណ្តាល ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករ-និយោជិតទាំងអស់ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស របស់ខ្លួន ឱ្យចូលរួមពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង