ព័ត៌មានជាតិ
លុបបំបាត់ការិយាធិបតេយ្យ តើប្រព័ន្ធបញ្ជរតែមួយជាតិមានប្រវត្តិបង្កើតឡើងយ៉ាងណា?
ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិត្រូវបានផ្តួចផ្តើមបង្កើតដោយអនុលោមតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងស្តីពីការបង្កើតនិងអនុវត្ត បញ្ជរតែមួយអាស៊ាន ពិធីសារស្តីពីការបង្កើតនិងអនុវត្តបញ្ជរតែមួយអាស៊ាន ពិធីសារស្តីពីក្របខណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្ម ពិភពលោក ដែលកម្ពុជាបានអនុម័តយល់ព្រមជាបន្តបន្ទាប់កន្លងមក។
អនុលោមតាមគោលនយោបាយ និងកិច្ចព្រមព្រៀងនានាដូចខាងលើ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ពេលនោះមានកម្រិតត្រឹមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ដោយយល់ថា ការអនុវត្តគម្រោងនេះមានវិសាលភាពធំទូលាយគ្របដណ្តប់ដល់ក្រសួង-ស្ថាប័នជំនាញផ្សេងទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការសម្រេចអនុញ្ញាតិដ៍ខ្ពង់ខ្ពស់ ឱ្យកែសម្រួលគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិនេះមកជាកម្រិតអនុក្រឹត្យវិញ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានសមាសភាពតំណាងមកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដូចមានក្នុងអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ដើម្បីគ្រប់គ្រងនិងដឹកនាំការអភិវឌ្ឍ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិ។
ចំណុះឱ្យគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ (គ.ដ.ប.ជ) មានក្រុមការងារចំនួន ២ រួមមាន ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ (ក.ច.ប.ជ) និងក្រុមអនុវត្តគម្រោងបញ្ឈរតែមួយជាតិ ( ក.អ. ប.ជ) ព្រមទាំងមានលេខាធិការដ្ឋាន (ល.គ.ប.ជ) នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ជាសាវតាតាមការណែនាំរបស់ គ.ដ.ប.ជ ដែលដឹកនាំដោយអគ្គនាយកគយ ក្រុមការងារអគ្គនាយកដ្ឋានគយនិងរដ្ឋាករ (អគរ) បានសហការជាមួយក្រុមហ៊ុន Project Management Group ក្នុងគម្រោង Trade Facilitation Facility (TFF) ក្រោមជំនួយធនាគារពិភពលោក បានកសាងនូវឯកសារផែនការលម្អិតសម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ (Blueprint) ដែលមានការវាយតម្លៃលម្អិតអំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អរូបវន្ត ព្រមទាំងគ្រោងចំណាយថវិកាប្រមាណ ១៧ លានដុល្លារអាម៉េរិក សម្រាប់គម្រោងទាំងមូល។
យោងតាមឯកសារគោលនេះ គ.ដ.ប.ជ បានណែនាំដល់ ក.អ.ប.ជ ពិសេសក្រុមការងារ អគរ រៀបចំជាផែនការជាក់លាក់ សម្រាប់ការផ្តួចផ្តើមអភិវឌ្ឍន៍ប្រព័ន្ធ ដោយបានប្រកាន់យកអភិក្រមជាដំណាក់កាលនិងក្បិតក្បៀតថវិកា ដែលសរុបថវិកាចំណាយផ្នែកទុន (Software Development) ក្នុងរយៈពេល ៧ ឆ្នាំ (២០១៨ – ២០២៤) អស់ប្រមាណ ៣,៤០០,៧៦០ ដុល្លារអាម៉េរិក ក្នុងនោះដំណាក់កាលទី១ ប្រើប្រាស់ថវិកាប្រមាណ ១០០,០០០ ដុល្លារអាមេរិក ជាជំនួយរបស់គម្រោង US ASEAN Connectivity through Trade and Investment Project (US-ACTI) តាមរយៈលេខាធិការដ្ឋានអាស៊ាន ដំណាក់កាលទី២ ប្រើប្រាស់ថវិកាជាតិប្រមាណ ២,៨០៥,៧៦០ ដុល្លារអាម៉េរិក, និងដំណាក់កាលទី៣ ប្រើប្រាស់ថវិកាជាតិប្រមាណ ៤៩៥,០០០ ដុល្លារអាម៉េរិក។
១. ការអភិវឌ្ឍនិងអនុវត្តគម្រោងបញ្ជរតែមួយជាតិ
ការអភិវឌ្ឍគម្រោងបញ្ជរតែមួយជាតិបែកចែកជា ៣ ដំណាក់កាល។
គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី១៖ ក្រុមការងារអនុវត្តគម្រោងបញ្ជរតែមួយជាតិ បានជួបប្រជុំជាបន្តបន្ទាប់ជាមួយដៃគូអភិវឌ្ឍន៍មានជាអាទិ៍ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី សហភាពអឺរ៉ុប US-Asian Connectivity through Trade and Investment Project (US-ACTI) និងទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដើម្បីស្វែងរកប្រភពថវិកាសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ។
ជាលទ្ធផល គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី១ ទទួលបានជំនួយបច្ចេកទេសគិតជាថវិកាប្រមាណ ១០០,០០០ ដុល្លារអាម៉េរិកពីគម្រោង US-ACTI ចំណាយជួលក្រុមហ៊ុន vCargo Cloud Pte Ltd (VCC) មកសហការ ដើម្បីរៀបចំការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ការត្រៀមភ្ជាប់ទៅប្រព័ន្ធបញ្ចរតែមួយអាស៊ាន ដើម្បីទទួលនិងបញ្ចូនឯកសារវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (e-ATIGA Form D) ក្នុងទម្រង់អេឡិចត្រូនិក។
គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី១ មានរយៈពេល ១៥ ខែ ដោយបានចាប់ផ្តើមអភិវឌ្ឍនៅខែ តុលា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០១៧។
គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២៖ ការរៀបចំគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ មានរយៈពេល ១៥ ខែ ដោយបានចាប់ផ្តើមអភិវឌ្ឍនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិកាជាតិប្រមាណ ២,៨០៥,៧៦០ ដុល្លារអាម៉េរិក និងបន្តជ្រើសរើសក្រុមហ៊ុន VCC ជាអ្នកអភិវឌ្ឍប្រព័ន្ធ។
គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ មានមុខងារសម្រាប់ស្នើសុំនិងផ្តល់អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ (LPCO) ក្នុងទម្រង់អេឡិចត្រូនិកនៅក្នុងប្រព័ន្ធបញ្ជរតែមួយជាតិសម្រាប់ទំនិញនាំចេញ-នាំចូលស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ទំនិញដែលទទួលបានការលើកលែងពន្ធនិងអាករ ការព្យួរពន្ធនិងអាករ និងការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ដំណាក់កាលទី២ នេះ មានការចូលរួមពីក្រសួង-ស្ថាប័ន ដែលមានប្រតិបត្តិការច្រើនក្នុងការចេញ LPCO ក្នុងនោះមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអង្គភាពចំនួន ៣ គឺ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ អគ្គនាយកដ្ឋានកសិកម្ម និងរដ្ឋបាលជលផល។
ទន្ទឹមនេះ កម្ពុជាបានប្រកាសអំពីការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រព័ន្ធបញ្ចរតែមួយអាស៊ាន ដើម្បីទទួលនិងបញ្ជូនឯកសារវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (e-ATIGA Form D) និងប្រតិវេទន៍គយអាស៊ានក្នុងទម្រង់អេឡិចត្រូនិក ដែលកម្ពុជាជាប្រទេសទី ៧ ដែលបានប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន។
ការអភិវឌ្ឍគម្រោងបញ្ជរតែមួយជាតិត្រូវបានធ្វើឡើងដោយ ក.អ.ប.ជ និង ល.គ.ប.ជ ដែលដឹកនាំដោយ អគរ សហការជាមួយក្រុមហ៊ុន VCC ចុះសិក្សាអំពីរំហូរនីតិវិធីផ្ទៃក្នុង (As-Is) តាមក្រសួង-ស្ថាប័ននីមួយៗ រួចចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធស្របតាមឯកសារយោង និងធាតុចូលពីមន្ត្រីជំនាញដោយផ្អែកលើគោលការណ៍អនុវត្តរបស់ប្រព័ន្ធគឺការដាក់ស្នើដោយវិស័យឯកជន (Request) ផ្ទៀងផ្ទាត់ (Verify) ទូទាត់ (Payment) ពិនិត្យ (Review) និងអនុម័ត (Approve) ដោយមន្ត្រី។
បន្ទាប់ពីអភិវឌ្ឍប្រព័ន្ធរួច ក្រុមការងារអនុវត្តគម្រោងបញ្ជរតែមួយជាតិ រួមជាមួយនិងក្រុមហ៊ុន VCC បានអញ្ជើញមន្ត្រីជំនាញតាមក្រសួងជំនាញពាក់ព័ន្ធ មកធ្វើតេស្តសាកល្បងមុខងារប្រព័ន្ធ (User Acceptance Testing-UAT) និងផ្តល់ធាតុចូលបន្ថែម។ ក្រោយពីក្រសួង- ស្ថាប័ននីមួយៗបានឯកភាពអំពីរំហូរនីតិវិធីក្នុងប្រព័ន្ធ (To-be) រួច សាមីក្រសួង-ស្ថាប័ន បានចាត់តាំងមន្រ្តីជំនាញនិងថ្នាក់ដឹកនាំឱ្យទទួលបន្ទុកភារកិច្ចក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ។ ក្រសួង-ស្ថាប័ន បានរៀបចំនីតិវិធីលម្អិត (SOP) អំពីការប្រើប្រាស់ប្រព័ន្ធរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ព្រមទាំងសេចក្តីជូនដំណឹង ផ្សព្វផ្សាយជាផ្លូវការឱ្យបានទូលំទូលាយដល់វិស័យឯកជន។
លទ្ធផលនៃការចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ របស់ក្រសួង-ស្ថាប័នមានដូចខាងក្រោម៖
-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានចូលរួមអនុវត្តពេញលេញ
-ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពុំទាន់បានចូលរួមអនុវត្តពេញលេញ ដោយនៅបន្តចេញ LPCO តាមប្រព័ន្ធបញ្ជរតែមួយជាតិ និងតាមទម្រង់ក្រដាស
-ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពុំមានវឌ្ឍនភាពឡើយ ដោយអង្គភាពដែលត្រូវអនុវត្តគម្រោងពុំបានផ្តល់កិច្ចសហការពេញលេញ ដើម្បីបញ្ចប់នីតិវិធីអភិវឌ្ឍមុខងារចេញ LPCO ក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ ទោះបីជា គ.ដ.ប.ជ បានធ្វើលិខិតជំរុញ និងទទូចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមគម្រោងបញ្ជរតែមួយជាតិចំនួន ២ លើកក៏ដោយ។ មួយវិញទៀត តាមការស្នើសុំរបស់សាមីក្រសួង ល.គ.ប.ជ សហការជាមួយក្រុមហ៊ុន VCC ក៏បានផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញជូនមន្ត្រីនិងវិស័យឯកជនចំនួន ០៤ លើក ដែលមានសិក្ខាកាមចូលរួមចំនួន ២៣២ រូប ហើយសាមីក្រសួងបានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិក្រោមអធិបតីភាពលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣៖ ការរៀបចំគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ បានចាប់ផ្តើមអភិវឌ្ឍនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានរយៈពេល ១២ ខែ និងត្រូវបានពន្យាររហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ប្រើប្រាស់ថវិកាជាតិប្រមាណ ៤៩៥,០០០ ដុល្លារអាម៉េរិក និងជ្រើសរើសក្រុមហ៊ុន GUUD (International) Pte Ltd (អតីតក្រុមហ៊ុន vCargo Cloud Pte Ltd) ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធ។
ការអភិវឌ្ឍប្រព័ន្ធ ក្នុងគោលបំណងពង្រីកវិសាលភាពបន្ថែមឱ្យគ្របដណ្ដប់គ្រប់ក្រសួង-ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការចេញ (LPCO សម្រាប់ទំនិញនាំចេញ-នាំចូល ដែលក្នុងនោះមាន ក្រសួងបរិស្ថាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបន្តអនុវត្តពីគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងបន្ថែមអង្គភាពអនុវត្តចំនួន ២។
គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ បានបន្ថែមមុខងារចំនួន ៤ នៅក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ ដូចជា មុខងារគ្រប់គ្រងហានិភ័យ មុខងារនិហិតដ្ឋានឯកសាពាណិជ្ជកម្ម មុខងារប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ។
លទ្ធផលនៃការចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ របស់ក្រសួង- សា្ថប័ន មានដូចខាងក្រោម៖
ក្រសួង-ស្ថាប័នចំនួន ៦ ដែលបានបញ្ចប់ការអភិវឌ្ឍមុខងារប្រព័ន្ធ បានធ្វើតេស្ត UAT ព្រមទាំងបានបណ្តុះបណ្តាលជូនមន្ត្រីជំនាញនិងវិស័យឯកជន ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី ៣ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថានឈានមុខក្នុងការប្រើប្រាស់ប្រព័ន្ធ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមអនុវត្ត តែពុំទាន់ពេញលេញដោយបានចេញ LPCO តាមប្រព័ន្ធបញ្ជរតែមួយជាតិ និងតាមទម្រង់ក្រដាសស្របគ្នា។
ដោយឡែក ក្រសួងរ៉ែនិងថាមពល ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពុំទាន់បានចូលរួមប្រើប្រាស់ប្រព័ន្ធនៅឡើយ ដោយហេតុថាពុំទាន់បញ្ចប់ការរៀបចំនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្ត (SOP) ។
ក្រសួង-ស្ថាប័នចំនួន ២ រួមមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រង់ចាំការសម្រេចពីថ្នាក់ដឹកនាំ លើសេចក្តីព្រាងរំហូរនីតិវិធីក្នុងប្រព័ន្ធដែល ល.គ.ប.ជ បានរៀបចំជូន។
ក្រសួងចំនួន ២ រួមមាន ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ រង់ចាំការសម្រេចពីថ្នាក់ដឹកនាំក្នុងការចូលរួមអនុវត្ត។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពុំទាន់មានបទប្បញ្ញត្តិគាំទ្រសម្រាប់ការចូលរួមអនុវត្តគម្រោងបញ្ចរតែមួយជាតិ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិកាលពី ៧ ខែឧសភា ឆ្នាំ ២០២៤ ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។
សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែមួយជាតិមានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម, ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជារួម, ប្រព័ន្ធនេះបានផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ឱ្យទទួលបាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវនិងទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។
ដោយឡែក, វិស័យឯកជនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា ចំណេញពេលព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេសការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងៗសម្រាប់ការនាំចេញ-នាំចូលទំនិញ។
លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជនក៏អាចប្រើប្រាស់ឡើងវិញនូវទិន្នន័យក្នុងប្រព័ន្ធសម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនឱ្យបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានស្នើវិស័យឯកជនចូលរួមប្រើប្រាស់និងទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធបញ្ជរតែមួយជាតិដោយជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ។
ការស្នើបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ សម្តេចធិបតីក៏បានណែនាំដល់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អនិងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធការធ្វើធុរកិច្ចនិងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ធុរជន។
សម្តេចបន្តថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan