ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្ស ខកចិត្តចំពោះសារព័ត៌មានខ្លះយកមតិប្រទេសមួយចំនួនមកវាយតម្លៃជារួមលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្ដែងការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះបណ្តាញសារព័ត៌មានខ្លះ ដែល យកមតិប្រទេសមួយចំនួនតូចមកវាយតម្លៃជារួមលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបថា ការផ្សព្វផ្សាយព័ត៌មានបានគ្រប់ជ្រុងជ្រោយ ទើបជាការធានាបាននូវសិទ្ធិទទួលព័ត៌មាន។

ការឆ្លើយតបរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ ធ្វើឡើងក្រោយពេលដែលបណ្ដាញសារព័ត៌មានមួយចំនួនបានលើកយកការសម្ដែងនូវកង្វល់របស់តំណាងប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា មកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេស កម្ពុជា។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឆ្លើយតប ថា «ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុងណាមួយ និងការលើកឡើងតែពីអនុសាសន៍របស់ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាជន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស»។
ដើម្បីបានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន គួរតែស្វែងយល់ពីយន្តការ UPR ឱ្យបានច្បាស់លាស់ និងតាមដាន ឬ ស្រាវជ្រាវពីដំណើរការនៃការពិនិត្យរបាយការណ៍ UPR របស់ប្រទេសប្រជាធិបតេយ្យធំៗ ថា តើនៅក្នុងវេទិកានោះ តំណាងប្រទេសដទៃទៀតបានលើកឡើងពីបញ្ហាអ្វីខ្លះពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគាត់។

អ្នកនាំពាក្យ សង្កត់ធ្ងន់ថា កម្ពុជា ស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប៉ុន្តែការរិះគន់ ឬការអត្ថាធិប្បាយទាំងឡាយណា ដែលបង្កប់ចេតនានយោបាយ ចង់បង្អួចកិត្តិយស មិនឆ្លុះបញ្ចាំងពីតថភាពពិតរបស់កម្ពុជា ឬចង់បំផ្លាញសុខសន្តិភាពដែលបានមកដោយលំបាក និងផ្ទុយនឹងគោលការណ៍ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺកម្ពុជាមិនអាចទទួលយកបានឡើយ ហើយត្រូវតែចាត់រាល់វិធានការជាធរមានដើម្បីទប់ស្កាត់។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើសុំអង្គភាព និងបណ្តាញសារព័ត៌មានធ្វើការផ្សព្វផ្សាយព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ពោលគឺត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដើម្បីបង្ហាញពីសុចរិកភាព អព្យាក្រឹត្យភាព និងការគោរពដល់សិទ្ធិទទួលព័ត៌មានរបស់សាធារណជន។

តើអ្វីទៅជាយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ?
យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការមួយ ដែលមានគោលបំណងចែករំលែកនូវការអនុវត្តល្អៗ បទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ ឬជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យមានវឌ្ឍនភាពជាសកលលើវិស័យសិទ្ធិមនុស្ស។ ជារួមមិនមែនជាវេទិកាសម្រាប់វាយប្រហារ រិះគន់ ដាក់សម្ពាធ ឬ បណ្តុះបង្អាប់លើផ្នែកសិទ្ធិមនុស្សនោះទេ។
បើតាមការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួមពិនិត្យចំនួន១០០ ក្នុងនោះមានប្រទេសចំនួន៧៧ បានកោតសរសើរកិច្ចខិតខំរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ហើយប្រទេសចំនួន២៣ ដែលបានបង្ហាញនូវកង្វល់លើបញ្ហាមួយចំនួន ហើយក្ដីកង្វល់ទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ បង្កប់ចេតនានយោបាយ និងមិនយល់ ឬ ធ្វើមិនយល់ពីស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមប្រទេស២៣នោះ មានប្រទេសចំនួន១៣ ក៏មានការបង្ហាញនូវកង្វល់ផង និងកោតសរសើរកម្ពុជាផងដែរ។ ផ្ទុយទៅវិញ ប្រទេសដ៏ច្រើនលើសលុបដទៃទៀតសុទ្ធតែបានសម្តែងនូវការសាទរចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាន និងបានផ្តល់ជាអនុសាសន៍ជាការលើកទឹកចិត្តឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ការទទួលបានការសាទរពីប្រទេសដ៏ច្រើនបែបនេះ ជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថា ដំណើរនៃការដឹកនាំ និងការកសាងប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ដែលអ្នកសារព័ត៌មានមិនគួរណាមើលរំលងឡើយ។ នេះជាការគូសបញ្ជាក់បន្ថែមដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ