ព័ត៌មានជាតិ
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកោះពេជ្រ កៀរគរអ្នកជំនួញជាង ២៥០០ នាក់ មកពី ១៦ ប្រទេស ចូលរួម
“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ ២០២៤” បានបើកដំណើរការនៅព្រឹកមិញនេះនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយបានកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០ នាក់ មកពីប្រទេសចំនួន ១៦ ចូលរួម។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា វេទិកានេះបានបង្ហាញពីការរីកចម្រើន និងកាលានុវត្តភាពសេដ្ឋកិច្ចកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបង្កើតបានជាឱកាសរួមមួយសម្រាប់អ្នកចូលរួម ដើម្បីចងជាបណ្តាញជាមួយនឹងអ្នកធុរកិច្ច និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងរដ្ឋនិងឯកជន ទទួលបាននូវបទពិសោធន៍ល្អៗ ថ្មីៗ ពីអ្នកជំនាញក្នុងសិក្ខាសាលា និងការតភ្ជាប់រវាងផលិតផលនិងសេវាកម្ម, ការពង្រីកអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យធុរកិច្ច។
លោកស្រីបន្តថា ពិព័រណ៍កម្រិតអន្តរជាតិដ៏ធំមានរយៈពេល ៣ ថ្ងៃ បានកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០ នាក់ មកពីប្រទេសចំនួន ១៦ ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ចនិងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធុរកិច្ច, វិស័យឯកជន និងប្រទេសកម្ពុជានូវឱកាសនៃការបង្ហាញផលិតផល សេវាកម្មរបស់កម្ពុជា និងបណ្តាប្រទេសចូលរួមទាំងអស់ និងការចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម។
វេទិកានេះក៏សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា ផ្តល់នូវការស្វែងយល់ សិក្សាដកស្រង់បទពិសោធន៍ និងនវានុវត្តន៍ក្នុងន័យលើកកម្ពស់ គុណភាពទំនិញនិងសេវាកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងបរិយាប័ន្ន ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជកម្មបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។
បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ខណៈការនាំចេញមានមានទំហំទឹកប្រាក់ ប្រមាណ ៨ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលនេះបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើននិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?