ព័ត៌មានជាតិ
សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ
គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយរដ្ឋមន្រ្តី ឌិត ទីណា ធ្វើទស្សនកិច្ចនៅសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីសក្តានុពល និងផ្តល់ការគាំទ្រដល់សហគមន៍សំដៅពង្រីកការដាំដុះបន្លែ ផ្លែឈើ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករក្នុងសហគមន៍។បច្ចុប្បន្ន សហគមន៍នេះកំពុងជួយដោះស្រាយបញ្ហាប្រឈមកសិករ ការពារផលប្រយោជន៍សមាជិកសហគមន៍ និងចូលរួមបង្កើតមុខរបរថ្មីៗសម្រាប់លើកស្ទួយជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើង ។
ដំណើរទស្សនកិច្ចនេះ រៀបចំឡើងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤ អមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចិន្តា និងមន្រ្តីបច្ចេកទេស ជំនាញជាច្រើនរូប ដោយបានចុះដល់ចម្ការ ពិនិត្យស្ថានភាពដី ស្រះទឹក ព្រមទាំងប្រព័ន្ធស្រោចស្រពដំណាំកសិកម្មរបស់សហគមន៍។

នាឱកាសនោះ លោករដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងថា ក្រោយពិនិត្យស្ថានភាពជាក់ស្តែង មើលឃើញថាដីនៅតំបន់មានសក្តានុពលសម្រាប់ដាំដុះ និងអាចរៀបចំផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពបាន។
លោកថ្លែងថា៖«យើងនឹងត្រៀមគម្រោងមួយចំនួន និងផ្ទះសំណាញ់ ហើយខ្វះទុនប៉ុន្មាន យើងនឹងរិះរកថវិកា ដើម្បីឱ្យសហគមន៍អាចដាំបន្លែសុវត្ថិភាពបាន និងទទួលបានកម្ចីមានការប្រាក់ទាប ព្រោះគោលដៅទៅមុខមិនចង់ឱ្យកសិករជំពាក់លុយគេទេ»។ បន្ថែមពីនេះលោកសង្កេតឃើញថា ក្នុងឃុំសូភាស នៅមានសក្តានុពលសេដ្ឋកិច្ចមួយចំនួនទៀត ដែលត្រូវបន្តអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចិន្តា បានថ្លែងថា ការចុះពិនិត្យដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីក្រសួងកសិកម្ម បង្ហាញពីការយកចិត្តដាក់ដល់កសិករ និងនាំមកនូវសមិទ្ធផលនានាជូនដល់ខេត្តនេះ។ លោកមានប្រសាសន៍ថា៖«វត្តមានគណៈប្រតិភូកសិកម្មនាពេលនេះ ទី១ពាំនាំដំណឹងល្អ ទី២គឺមកជួយបងប្អូនប្រជាកសិករ ពង្រឹងអភិវឌ្ឍន៍ពីសហគមន៍កម្រិតមធ្យមទៅជាសហគមន៍ដែលមានលក្ខណៈទំនើប ព្រោះខ្ញុំក៏ពេញចិត្តសហគមន៍នេះដែរ»។

បើតាមអភិបាលខេត្ត អ៊ុន ចិន្តា កន្លងមកលោកបានចាត់តាំងសមាជិកសហគមន៍សំបូជ័យ និងសហគមន៍នៅស្រុកចំការ បញ្ជូនទៅប្រទេសកូរ៉េ ដើម្បីទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់ការរៀបចំសហគមន៍ និងការដាំដុះ។
ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសំបូរជ័យលោក ឆេង ថុង បានថ្លែងឱ្យដឹងថា សហគមន៍នេះ ត្រូវបានបង្កើតឡើង ដោយមានការរៀបចំចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ២០១០ ពីមន្ទីរកសិកម្ម ខេត្តកំពង់ចាម ។ សហគមន៍ចាប់ផ្តើមដំបូងមានសមាជិកសរុបចំនួន៨៨គ្រួសារ មកពីភូមិសំបូរ និងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ត្រូវបានដឹកនាំដោយ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប និងប្រើប្រាស់ផ្ទះប្រធានភូមិសំបូរជាទីស្នាក់ការសហគមន៍។ លោកបញ្ជាក់ថា៖«សហគមន៍កសិកម្មសំបូរមានជ័យ បានចូលរួមដោះស្រាយបញ្ហារបស់កសិករជាច្រើន ការពារផលប្រយោជន៍ សមាជិកសហគមន៍ និងចូលរួមបង្កើតមុខរបរថ្មីៗសម្រាប់លើកស្ទួយជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើង ។

បើតាមលោក ឆេង ថុង តាមរយៈការរីកចម្រើនបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០២៤នេះ សហគមន៍មានសមាជិកសរុប ២១៥២ នាក់ (ស្រី៩៣០)មកពី១០ឃុំក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។
បច្ចុប្បន្នសហគមន៍បានកសាងទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃពូជដំណាំ ផលិតប្រេងស្លឹកគ្រៃ និងឃ្លាំង នៅក្នុងភូមិសំបូរ ឃុំសូកាស ស្រុកស្ទឹងត្រង់ នៅលើផ្ទៃដីទំហំ ៣០៤០ ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់សហគមន៍កសិកម្មសំបូរមានជ័យ និងមានដីចំការចំនួន ១៣,៧០ ហិកតា បង្កើតកសិដ្ឋានដាំបន្លែ និង កសិទេសចរណ៍។

សហគមន៍បានចាប់ផ្ដើមជាមួយក្រុមសន្សំប្រាក់សម្រាប់ប្រើប្រាស់ជាឥណទានបង្វិលនៅក្នុងសហគមន៍ ជាមួយថវិកាដំបូងចំនួន ១១៨ ហ៊ុនក្នុងតម្លៃហ៊ុន៥០,០០០ រៀល/ហ៊ុន ដែលមានទុន សរុបចំនួន១០ ១៥៤ ០០០រៀល។ បច្ចុប្បន្នសហគមន៍បានពង្រីកមុខរបរបន្ថែមមួយចំនួនទៀតដូចជាផលិតកម្មស្រូវចំណី ផលិតកម្មគ្រាប់ពូជស្រូវ ផលិតកម្មស្លឹកគ្រៃ និងបន្លែ ដំណាំឈើហូបផ្លែ(ចេក ម្ចាស់ និងឪឡឹក) ក ច្នៃប្រេងស្លឹកក្រៃ ផលិតជីកំប៉ុស ផ្គត់ផ្គង់ជីគីមី ទៅឱ្យសមាជិកសហគមន៍ និងជីលាមកសត្វទៅឱ្យអតិថិជននៅក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១០ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ