Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកោះកុង និងមន្ត្រីជំនាញ ពិគ្រោះយោបល់គ្នាលើការងារអត្រានុកូលដ្ឋាន

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កោះកុង និង​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​និង​កំពុង​ពិគ្រោះ​យោបល់​គ្នា​លើ​បញ្ហា​ប្រឈម​នានា នៃ​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម​នា​ពេល​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង លើក​ឡើង​ថា កិច្ច​ការងារ​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជា​ធាតុ​ចូល និង​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ ព្រមទាំង​កំណត់​នូវ​យន្តការ ឬ​តម្រូវការ​ចាំបាច់​នានា បន្ថែម​ទៀត សម្រាប់​ធានា​ដល់​ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្រោម​ច្បាប់​នេះ។

ថ្លែង​បន្ត​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ លោកស្រី​អភិបាលខេត្ត​កោះកុង គូស​បញ្ជាក់​ដែរ​ថា ការងារ​ស្ថិតិ​បែបបទ​រដ្ឋបាល ចាំបាច់​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​នូវ​ខ្លឹមសារ នៃ​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម នា​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២៣ កន្លង​ទៅ ហើយ នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២៤ ខាងមុខ។

លោកស្រី មិថុនា ភូថង បន្ថែម​ថា ឯកសារ​ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម គឺជា ឯកសារ​គតិយុត្តិ​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ ដែល​ទាក់ទង​ទៅ​នឹង​ការ​ចុះ​បញ្ជី​កំណើត អាពាហ៍ពិពាហ៍ មរណភាព បញ្ជី​ស្នាក់នៅ ការ​ចុះបញ្ជី​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ។ ឯកសារ​ទាំងអស់​នេះ ជា​ភស្តុតាង​ដ៏​មានតម្លៃ​បំផុត ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ សម្រាប់​បញ្ជាក់​អំពី​អត្តសញ្ញាណ​ស្ថានភាព​ស៊ីវិល​របស់​មនុស្ស​នៅ​ក្នុង​សង្គម​គ្រួសារ និង​ត្រកូល​របស់​ខ្លួន សម្រាប់​ការពារ​សិទ្ធិ​សេរីភាព ផលប្រយោជន៍ និង​កាតព្វកិច្ច​នានា​ក្នុង​សង្គម។

គួរ​ជម្រាប​ថា ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន នឹង​ផ្តល់​សារៈសំខាន់​ធំៗ ចំនួន​ពីរ គឺ ទី​១,​កំណត់​អត្តសញ្ញាណ តាម​ផ្លូវ​ច្បាប់ អំពី​ព្រឹត្តិការណ៍​ជីវិត​របស់​បុគ្គល​គ្រប់រូប ដែល​ជា​ការ​គាំទ្រ​ដល់​ការ​បង្កើត​ឯកសារ អត្តសញ្ញាណ​ជាតិ និង ទី​២,​បង្កើត​បាន​នូវ​ប្រភព​ទិន្នន័យ​តាម​តម្រូវការ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ទាំងឡាយ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បង្កើត​បាន​នូវ​ស្ថិតិ​អត្រា​នុកូលដ្ឋាន។

ចំពោះ​លោក​ឧត្ដមសេនីយ៍​ឯក សាយ ម៉េង​ឈាង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម យល់ថា វត្តមាន​មន្ត្រី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន ដែល​មក​ជួបជុំ​គ្នា​ពិភាក្សា​លើ​កិច្ចការ​នេះ នឹង​ផ្តោត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ស្តាប់​នូវ​ខ្លឹមសារ នៃ​បទ​បង្ហាញ​ដែល​មាន​ជា​បន្តបន្ទាប់​ឱ្យ​បាន​ម៉ត់​ចត់​ច្បាស់លាស់ និង​លើក​ជា​មតិយោបល់ ឬ​សំណួរ ដើម្បី​មាន​មូលដ្ឋាន​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ។

លោក សាយ ម៉េង​ឈាង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម មើល​ឃើញ​ថា ការ​ផ្តល់​សេវា​សាធារណៈ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​សេវា​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម​គ្រប់​ប្រភេទ ប្រកប​ដោយ​ភាព​ងាយស្រួល​ឆាប់រហ័ស មាន​តម្លាភាព និង​មាន​គណនេយ្យ​ភាព។ ជាពិសេស​សំដៅ​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ ពង្រឹង​រដ្ឋបាល​សាធារណៈ និង​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​ហានិភ័យ​សង្គម ការ​លើក​កម្ពស់​យុត្តិធម៌ សមធម៌​សង្គម សំដៅ​រួមចំណែក​រក្សា​បាន​នូវ​សន្តិភាព សន្តិសុខ​ជាតិ ស្ថិរភាព នយោបាយ និង​សុវត្ថិភាព​សង្គម៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម