Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា វាយតម្លៃខ្ពស់សមត្ថភាពលោកស្រីឯកអគ្គរាជទូតថ្មីកម្ពុជាប្រចាំប្រទេសចំនួន៦ នៅប៉ែកអឺរ៉ុប

បានផុស

នៅ

សម្ដេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់លោកស្រី ទួត បញ្ញា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន៦ នៅប៉ែកអឺរ៉ុប ដោយមានបទពិសោធន៍បំពេញបេសកកម្មក្នុងវិស័យការទូត និងព័ត៌មានតាំងពីទស្សវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ទួត បញ្ញា ដែលមានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសដ្ឋាននៅទីក្រុងឡុងដ៍។

ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ទួត បញ្ញា ចូលជួបសម្ដែងការគួរសមនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានសម្តែងក្តីរីករាយ និងមោទនភាពចំពោះលោកស្រី ទួត បញ្ញា ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការតែងតាំងជាឯកអគ្គរាជទូតប្រចាំបណ្តាប្រទេសចំនួន ៦នៅប៉ែកអឺរ៉ុបនេះ។ សម្តេច បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកស្រីឯកអគ្គរាជទូតថ្មី ដែលបានបំពេញបេសកកម្មក្នុងវិស័យការទូត​ និងព័ត៌មាន តាំងពីទសវត្សរ៍ឆ្នាំ៨០មក។​

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម។ សម្តេច ថា នាពេលបច្ចុប្បន្នបេសកកម្មការទូត​​ មិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ ពោល គឺការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត ដូចជា ការទូតសេដ្ឋកិច្ច និងការទូតប្រជាជន។

សម្តេចប្រធានរដ្ឋសភា បានផ្តល់ជាអនុសាសន៍មួយចំនួនដល់​លោកស្រីឯកអគ្គរាជទូត ដោយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋកម្ពុជាឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនងឱ្យបានខ្ជាប់ខ្ជួនជាមួយពលរដ្ឋ។

នៅចំពោះមុខសម្ដេចប្រធានរដ្ឋសភា លោកស្រី ទួត បញ្ញា បានបេ្តជ្ញាចិត្តនឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗរបស់​សម្តេចប្រធានរដ្ឋសភា ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតដោយនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិ​ និងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​។

លោកស្រី ទួត បញ្ញា ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលទទួលដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។ លោកស្រី ទួត បញ្ញា បានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានសារព័ត៌មាន នៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៣។ ក្នុងនោះ អ្នកការទូតស្រ្តីរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីអនុប្រធានការិយាល័យ ប្រធានការិយាល័យ នាយករងខុទ្ទកាល័យ លេខាធិការស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងធ្វើជាទីប្រឹក្សាក្រសួងការបរទេស។

បន្ថែមពីលើនេះ លោកស្រី ទួត បញ្ញា ក៏ធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ខណៈក្រោយចប់អាណត្តិការទូតនេះ លោកស្រី ត្រូវបានតែងតាំងជាអនុ​រដ្ឋលេខាធិការក្រសួងការបរទេស ហើយក្រោយមក ត្រូវបានដំឡើងជារដ្ឋលេខាធិការ រហូតដល់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ។

ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ក្នុងអាណត្តិទី៧នេះ លោកស្រី ទួត បញ្ញា តែងបានអមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក៏ដូចជាជំនួបរបស់សម្ដេចធិបតីជាមួយភ្ញៀវអន្តរជាតិនៅក្នុងប្រទេស។ លោកស្រីឯកអគ្គរាជទូតថ្មីរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីបណ្ឌិតសភាការទូត ប្រទេសរុស្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម