ព័ត៌មានជាតិ
ប្រឡងសិស្សពូកែឆ្នាំនេះ ជ្រើសរើសយកជយលាភីត្រឹមលេខ ១ ដល់លេខ ៥
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៤ ឧសភា នេះ ថាការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ទូទាំងប្រទេសនៅឆ្នាំ២០២៤ ក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ប៉ុណ្ណោះខណៈឆ្នាំមុនៗជ្រើសរើសពីលេខ ១ដល់លេខ ១០។
លោកស្រីបានឲ្យដឹងថា ក្នុងនោះចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀលលេខ ៤ បាន ២ លាន ៦ សែនរៀលនិងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជយលាភីក៏អាចនឹងទទួលប្រាក់រង្វាន់និងវត្ថុផ្សេងៗទៀតពីសប្បុរសជនផងដែរ។
លោកស្រីបានពន្យល់ថា ការជ្រើសរើសត្រឹមជយលាភីត្រឹមចំណាត់ថ្នាក់លេខ ៥ ក្នុងទិសដៅឱ្យបេក្ខជនកាន់តែបង្កើនការដុសខាត់ចំណេះដឹងឱ្យកាន់តែមុតស្រួច ស្របពេលដែលក្រសួងកំពុងផ្តល់អាទិភាពលើការអនុវត្តស្តង់ដារសាលារៀនគម្រូនៅគ្រប់រាជធានីខេត្តក្រុង ដែលស្តង់ដានេះនឹងលើកកម្ពស់គុណភាពនៃការអប់រំឱ្យកាន់តែប្រសើរឡើង។
នៅពេលសួរថា ហេតុអ្វីបានជាក្រសួងអប់រំតែងតែផ្លាស់ប្តូរមណ្ឌលប្រឡងសិស្សពូកែពីខេត្តមួយទៅខេត្តមួយ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា រយៈពេល ២០ ឆ្នាំមកហើយការប្រឡងសិស្សពូកែ តែងតែមានការផ្លាស់ប្តូរពីខេត្តមួយទៅខេត្តមួយ ដោយសារតែក្រសួងចង់ឱ្យសិស្សានុសិស្សក្រៅពីមកប្រឡងហើយអាចចងសម្ព័ន្ធភាពជាមួយមិត្តភក្តិមកពីខេត្តដទៃទៀត ក៏ដូចជាធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តទាំងនោះ។
កន្លងមកខេត្តដែលបានជ្រើសរើសប្រឡងសិស្សពូកែជាតំបន់រមណីដ្ឋានទេសចរណ៍ ឬប្រវត្តិសាស្ត្រដែលអាចធ្វើឱ្យពួកគាត់សិក្សាពីប្រវត្តិសាស្ត្រនានា។ ជាក់ស្តែងនៅឆ្នាំនេះ ក្រសួងបានរៀបចំការប្រឡងសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ២៤០ នាក់។ ក្នុងនោះក្រសួងក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ ដើម្បីឱ្យសិស្សពូកែបានសិក្សាបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក៏ដូចជាបានមើលឃើញពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាលផងដែរ។
ឆ្នាំមុនក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេសនៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង ដោយមានបេក្ខជនប្រឡងសរុបចំនួន ៤៨០ នាក់។ ក្នុងនោះក្រសួងជ្រើសរើសយក ៦០ នាក់ ថ្នាក់ទី៩ ចំនួន ៣០ នាក់ និង ថ្នាក់ទី១២ ចំនួន ៣០នាក់ ដោយមួយមុខវិជ្ជាៗជ្រើសរើសយក ១០ នាក់ចាប់ពីលេខ ១ ដល់លេខ ១០ ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់