Connect with us

ព័ត៌មានជាតិ

អង្គភាពស្រាវជ្រាវម៉ាក្រូ​សេដ្ឋកិច្ច AMRO ព្យាករ​កំណើន​វិជ្ជមានសេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៤

បានផុស

នៅ

ប្រធាន​សេដ្ឋវិទូ​អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បាន​រាយការណ៍អំពីលទ្ធផលនៃការវាយតម្លៃបឋម​លើស្ថានភាព​សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពី​បាន​មក​បំពេញ​បេសកកម្មរយៈពេលពីរ​សប្តាហ៍នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hoe EeKhor ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល​ធនគារជាតិ​កម្ពុជា

ក្រុមបេសកកម្ម​របស់​អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ​ដឹកនាំ​ដោយ​ លោក Hoe Ee Khor ប្រធានសេដ្ឋវិទូ បាន​បង្ហាញ​ពី​សុទិដ្ឋិនិយមចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជានៅ​ឆ្នាំ ២០២៤ ​​ដែលនឹង​មាន​កំណើនខ្ពស់ជាងឆ្នាំ២០២៣ ហើយនឹង​បន្តងើប​ឡើងខ្ពស់មួយ​កម្រិតទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។

អតិផរណារំពឹងបន្តមានកម្រិតទាបត្រឹម ២,៥% នៅឆ្នាំ ២០២៤ និង២០២៥។ ទោះយ៉ាងណា ប្រធានសេដ្ឋវិទូរូបនេះ​ក៏​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជា​ក៏អាចប្រឈមនឹងហានិភ័យមួយចំនួនដូចជា ហានិភ័យនៃការថមថយ​នៃតម្រូវការ​ខាងក្រៅ ប្រសិន​បើ​សេដ្ឋកិច្ចនៃប្រទេសជាដៃគូពាណិជ្ជកម្មមានកំណើនទាបជាងការរំពឹងទុក ការបែងចែក​ភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។

ទាក់ទងស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ស្ថាប័ន​អន្តរជាតិ​ធំៗ​ក៏​បាន​ធ្វើការ​វាយតម្លៃ​ដោយ​វិជ្ជមាន​ទៅលើ​ការ​ងើប​ឡើង​វិញនៃ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២៤​។

សេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើន ៥.៨% នៅ​ឆ្នាំ ២០២៤។ នេះបើតាមការព្យាករ​ពី​អ្នក​ជំនាញ​របស់​ធនាគារពិភពលោក World Bank។

លោក Aaditya Mattoo ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគ​ជាមួយប្រទស​ចិន​ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​ការសម្រួលឲ្យ​មានលំហូរវិនិយោគ​ដោយ​ផ្ទាល់​ពីចិនមកកម្ពុជា។

កម្ពុជានឹងមានទទួលបានកំណើនសេដ្ឋកិច្ច ៥.៨% នៅឆ្នាំ ២០២៤ ពោលលើសឆ្នាំ ២០២៣ ដែលមានត្រឹម ៥.៤% ប៉ុណ្ណោះ។ បន្ថែមពីនេះ ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏​រំពឹង​ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់រហូតដល់ ៦.១% នៅឆ្នាំ ២០២៥។

ស្របគ្នា​នេះដែរ ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ឆ្នាំ ​២០២៤​ នឹងមាន​កំណើន​ក្នុង​អត្រា ៦,១ ​ភាគរយ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក។

​ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​អង្គ​សន្និបាតបូកសរុបលទ្ធផលការងារ​​ប្រចាំឆ្នាំ​ ២០២៣ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ និង​ភាព​មិន​ច្បាស់លាស់​ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ ដែល​នាំ​ទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការ​វិនិយោគ និង​ទេសចរណ៍​។​

​លោកស្រី​ថ្លែង​ថា​ ទោះបី​បែបណាសេដ្ឋកិច្ចកម្ពុជា​ ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា នឹង​កើន​ឡើង​ក្នុង​រង្វង់ ៦,៤​ ភាគ​រយ​នៅ​ឆ្នាំ​ ២០២៤ ដែល​រួមចំណែក​ជា​ចម្បង​ដោយ​ការបន្ត​កើនឡើង​នៃ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ងើបឡើង​នៃ​វិស័យ​កម្មន្តសាល ស្របពេល​វិស័យ​កសិកម្ម សំណង់ និង​អចលន​ទ្រព្យ​បន្ត​ទទួលបាន​កំណើន​ទាប​»​។​

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ រៀបចំឡើង​កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ច​កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​ដោយបានវិវត្តទៅជា​សេដ្ឋកិច្ច​ទំនើប ដែល​មាន​សមារណកម្ម​ក្នុង​សេដ្ឋកិច្ចសកល ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏បានបង្ហាញ​ពីភាពធន់គួរ​ឱ្យ​កត់​សម្គាល់​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មុនការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ កម្ពុជារក្សា​បាននូវអត្រាកំណើន​សេដ្ឋកិច្ចជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ សម្រាប់​រយៈពេល ២ ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់​នា​ពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏បានស្ទុះងើបឡើងវិញជាមួយអត្រាកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន​៦,៦% ក្នុងឆ្នាំ២០២៤ ហើយ​នឹង​អាច​ត្រលប់​ទៅ​រក​កំណើន​មុន​ជំងឺ​រាតត្បាត​ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែល​នេះ​បង្ហាញ​អំពី​អនាគត​សេដ្ឋកិច្ច​ប្រកប​ដោយ​ក្តីសង្ឃឹមរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម