ព័ត៌មានជាតិ
ប្រឡងសិស្សពូកែ ឆ្នាំនេះ បេក្ខជនមកពីខេត្តជាប់ច្រើនលើសលប់ជាងបេក្ខជននៅភ្នំពេញ
ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស នាឆ្នាំ ២០២៤ នេះ បេក្ខជនមកពីខេត្តជាប់ច្រើនលើសលប់ជាងបេក្ខជននៅរាជធានីភ្នំពេញ ពិសេសបេក្ខជនថ្នាក់ទី ១២។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសរយៈពេល ៥ ថ្ងៃ ចាប់ពីតាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នៅវិទ្យាល័យ ជា ស៊ីម សន្ធរមុខ ដោយមានសិស្សានុសិស្សចូលរួមចំនួន ២៤០ នាក់ ស្រី ១២៧ នាក់ ក្នុងនោះ នឹងត្រូវបានជ្រើសរើសជាជ័យលាភីសរុប ៣០ នាក់ ដោយថ្នាក់ទី ៩ ចំនួន ១៥ នាក់ និងថ្នាក់ទី ១២ ចំនួន ១៥ នាក់។
យោងតាមលទ្ធផលប្រឡងសិស្សពូកែដែលក្រសួងអប់រំបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី ១៦ ឧសភា បានឱ្យដឹងថា នៅរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់សិស្សពូកែចំនួន ៥ នាក់ ក្នុងនោះថ្នាក់ទី ៩ មាន ៤ នាក់ និងថ្នាក់ទី ១២ មាន ១ នាក់ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងមានចំនួន ២៤ នាក់ ខណៈខេត្តព្រៃវែងមានបេក្ខជនប្រឡងជាប់ ៦ នាក់ ថ្នាក់ទី ៩ មាន ៣ នាក់ និងថ្នាក់ទី ១២ មាន ៣ នាក់។ ខេត្តសៀមរាប ជាប់ ២ នាក់ គឺ ថ្នាក់ទី ៩ ម្នាក់ និង ថ្នាក់ទី ១២ ម្នាក់។ ខេត្តបាត់ដំបង ជាប់ ថ្នាក់ទី ៩ ចំនួន ៣ នាក់។ ខេត្តកំពង់ឆ្នាំង ជាប់ ៣ នាក់ ថ្នាក់ទី ៩ ម្នាក់ និង ថ្នាក់ទី ១២ ចំនួន ២ នាក់។ ខេត្តកំពង់ចាម ជាប់ ២ នាក់ គឺ ថ្នាក់ទី ៩ ម្នាក់ និង ថ្នាក់ទី ១២ ម្នាក់។ ខេត្តពោធិ៍សាត់ ជាប់ ២ នាក់ គឺ ថ្នាក់ទី ៩ ម្នាក់ និង ថ្នាក់ទី ១២ ម្នាក់។ ខេត្តបន្ទាយមានជ័យ ជាប់ថ្នាក់ទី ១២ ម្នាក់ ខេត្តមណ្ឌលគីរី ជាប់ថ្នាក់ទី ៩ ម្នាក់។ ខេត្តត្បូងឃ្មុំ ជាប់ថ្នាក់ទី ១២ ម្នាក់។ ខេត្តកណ្ដាល ជាប់ថ្នាក់ទី ១២ ចំនួន ២ នាក់។ ខេត្តតាកែវ ជាប់ថ្នាក់ទី ១២ ម្នាក់ និង ខេត្តស្វាយរៀង ជាប់ថ្នាក់ទី ១២ ម្នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ ឧសភា នេះថា ប្រឡងសិស្សពូកែឆ្នាំនេះ រាជធានីភ្នំពេញ មានបេក្ខជនចូលរួមប្រឡងចំនួន ២៤ នាក់ ស្រី ១៥ នាក់។ ជាលទ្ធផលទទួលបានជ័យលាភីចំនួន ៥ នាក់ ក្នុងនោះទទួលបានមេដាយប្រាក់ចំនួន ១ នាក់ មេដាយសំរឹទ្ធចំនួន ២ នាក់ និងជ័យលាភីចំណាត់ថ្នាក់លេខ ៥ ចំនួន ២ នាក់ ស្រី ១ នាក់។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ ឧសភា នេះថា ការប្រឡងសិស្សពូកែឆ្នាំនេះអាចមើលឃើញនូវចំណុចសំខាន់ៗ ចំនួន ៣ គឺ ទី១.បានឃើញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សនៅតាមរាជធានី-ខេត្តនានា ,ទី២.បានឃើញពីគុណភាពរបស់គ្រូបង្រៀនដែលមានភាពប្រសើរឡើង ពិសេសបានបង្ហាញថា គ្រូបង្រៀនតាមខេត្ត-ក្រុងនានាក៏មានសមត្ថភាព និងគុណវុឌ្ឍិដែលអាចមានភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងគ្រូនៅរាជធានីភ្នំពេញផងដែរ និងទី៣.លទ្ធផលសិស្សពូកែនេះជាលទ្ធផលមួយដែលក្រសួងអប់រំ យុវជន និងកីឡា យកមកប្រើប្រាស់ជាឧត្តមានុវត្ត ក៏ដូចជាការសិក្សាស្វែងយល់រកចំណុចដែលខ្លាំង និងចំណុចខ្វះខាត ដើម្បីយកមកអភិវឌ្ឍន៍បន្ថែម ឬបំពេញបន្ថែមនូវចំណុចខ្វះខាតផងដែរ។

ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស នៅឆ្នាំ ២០២៤ នេះ ក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ប៉ុណ្ណោះ ខណៈឆ្នាំមុនៗ ជ្រើសរើសពីលេខ ១ ដល់លេខ ១០។ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភី ក៏អាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។
លោកស្រី ឃួន វិច្ឆិកា បានពន្យល់ថា ការជ្រើសរើសត្រឹមជ័យលាភីត្រឹមចំណាត់ថ្នាក់លេខ ៥ នេះ ក្នុងទិសដៅឱ្យបេក្ខជនកាន់តែបង្កើនការដុសខាត់ចំណេះដឹងឱ្យកាន់តែមុតស្រួចស្របពេលក្រសួងកំពុងផ្តល់អាទិភាពលើការអនុវត្តស្តង់ដារសាលារៀនគំរូនៅគ្រប់រាជធានីខេត្តក្រុង ដែលស្តង់ដារនេះនឹងលើកកម្ពស់គុណភាព នៃការអប់រំឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ ៖ សំអឿន







-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?