ព័ត៌មានជាតិ
រឿងFBI តាមចាប់ឃាតករខ្មែរសញ្ជាតិអាមេរិក៖ អ្នកនាំពាក្យ ឆ្ងល់ ហេតុអ្វីFBI ចាប់មិនបាន រហូតឱ្យរត់គេចបាន?
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុខៈ ឆ្ងល់ថា នៅពេលបទល្មើសកើតឡើង ហេតុអ្វីបានជាFBI ចាប់ខ្លួនឃាតករដើមកំណើតខ្មែរសញ្ជាតិអាមេរិក នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកមិនបាន រហូតបន្លាយពេលវេលារយៈពេលដល់ទៅ៧ឆ្នាំ ឬមួយក៏ជនល្មើសអាចបំបាំងខ្លួន ទើបFBI ចាប់ខ្លួនមិនបាន?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បង្ហាញក្ដីចម្ងល់បែបនេះ បន្ទាប់ពី FBI បានប្រកាសចាប់ខ្លួនឱ្យបានចំពោះឃាតករដើមកំណើតខ្មែរសញ្ជាតិអាមេរិក ឈ្មោះ បប់ តាំង ដែលបានសម្លាប់មនុស្សយ៉ាងឃោរឃៅ ប្រព្រឹត្តកាលពីខែឧសភា ឆ្នាំ២០១៧។ នៅឆ្នាំ២០១៩ បុគ្គល បប់ តាំង បានបាត់ស្រមោលពីសហរដ្ឋអាមេរិក តែមកដល់ឆ្នាំ២០២៤នេះ FBI បានសង្ស័យថា ឃាតកររូបនេះ បានរត់គេចត្រឡប់មកជ្រកកោននៅកម្ពុជា ព្រោះរកឃើញថាបុគ្គលនេះ មានការទាក់ទងនិងរាជធានីភ្នំពេញ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងដូច្នេះ «ខ្ញុំមានការងឿងឆ្ងល់ខ្លះៗដែរថា នៅពេលដែលបទល្មើសកើតឡើង ហេតុអីបានជា FBI ចាប់ខ្លួនជនប្រព្រឹត្តិបទល្មើសមិនបាននៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក… ដោយអូសបន្លាយទុកឱ្យពេលវេលាកន្លងទៅប៉ុន្មានជា ៥ ៦ ៧ឆ្នាំបែបហ្នឹង ឬមួយក៏ខាងជនល្មើសហ្នឹងមានយុទ្ធសាស្រ្ត មានឧបាយកល មានវិធីសាស្ត្រគេចខ្លួនពីការចាប់ខ្លួនរបស់ FBI ដែលធ្វើឱ្យ FBI មិនមានយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការចាប់ខ្លួនបាន ឬក៏យ៉ាងម៉េច» ។

គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែឧសភា FBI បានសរសេរនៅលើបណ្ដាញ X ដែលគេស្គាល់ Twitter ថា នឹងបន្តតាមចាប់ខ្លួនឃាតករវ័យ៥៥ឆ្នាំ បប់ តាំង ដែលត្រូវបានតុលាការអាមេរិកនៅស្រុកអាឡាមេដា នៃរដ្ឋកាលីហ្វ័រញ៉ា ចោទប្រកាន់ពីបទឃាតកម្ម ហើយបង្គាប់ឱ្យចាប់ខ្លួនកាលពីឆ្នាំ២០១៩។ FBI ក៏បានសន្យាថា នឹងជូនរង្វាន់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់អ្នកដែលផ្ដល់ដំណឹងពីឃាតកររូបនេះ ទៅកាន់តំណាង FBI ប្រចាំនៅស្ថានទូតអាមេរិកក្នុងប្រទេសនីមួយៗ ដែលអាចនាំឱ្យ FBI ចាប់ខ្លួនជននេះបាន។
តាមលោក ទូច សុខៈ ក្នុងករណីដែលសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យទាំងឡាយឬ FBI ទាក់ទងមកកម្ពុជាឱ្យចាប់ខ្លួនជនល្មើស ឬបង្ក្រាបបទល្មើសណាមួយ កម្ពុជា ស្វាគមន៍ត្រៀមខ្លួនសហការជានិច្ចដោយក្ដីសោមនស្សរីករាយ ឱ្យតែជននោះប្រព្រឹត្តិបទល្មើស មានភស្តុតាងត្រឹមត្រូវ តែ FBI ឬសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យទាំងឡាយដទៃទៀត ត្រូវបំពេញសំណុំបែបបទនីតិវិធីនានាស្របតាមច្បាប់ ជាពិសេសគឺច្បាប់អន្តរជាតិជាមួយកម្ពុជា។

ក្នុងករណី FBI រកឃើញថា ជនល្មើសរត់មកជ្រកកោននៅកម្ពុជា ហើយចង់ចាប់ខ្លួនជនល្មើសពិតមែន អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា FBI គួរតែបំពេញបែបបែបតាមផ្លូវច្បាប់លម្អិតពីបទល្មើសដែលកើតនៅសហរដ្ឋអាមេរិកជាមួយកម្ពុជា។ ការណ៍ដែលលោកចង់ឱ្យអាមេរិកបំពេញបែបបទច្បាប់លម្អិតបែបនេះ ព្រោះតែកម្ពុជា មិនអាចមើលឃើញពីបទល្មើសដែលកើតនៅក្នុងសហរដ្ឋអាមេរិកឡើយ មិនអាចដឹងថាបុគ្គលណាមួយប្រព្រឹត្តិបទល្មើសនៅលើដែនដីសហរដ្ឋអាមេរិកឡើយ កម្ពុជាមិនអាចដឹងថាជនល្មើសណាមួយរត់គេចខ្លួនចេញពីសហរដ្ឋអាមេរិកចូលទៅប្រទេសណាមួយហើយបន្តមកជ្រកកោននៅកម្ពុជាឡើយ។ ដូច្នេះមានតែការផ្ដល់ព័ត៌មាន ការបំពេញបែបបទស្របតាមច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបចាប់ជនល្មើសបាន។
លោក ទូច សុខៈ ក៏បានឆ្លៀតបន្ថែមថា ការផ្សព្វផ្សាយ ការសង្ស័យថា មានជនល្មើសរត់មកជ្រកកោននៅប្រទេសណាមួយ គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះនៃប្រទេសនោះ។ សម្រាប់លោកអ្នកនាំពាក្យរង អ្វីដែលជារឿងបង្ហាញចេតនាល្អនៅក្នុងទំនាក់អន្តរជាតិ គឺរដ្ឋពាក់ព័ន្ធ ត្រូវចាប់ដៃគ្នាតាមជំនាញ តាមផ្លូវច្បាប់ជាមួយគ្នា ដើម្បីរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើស ចាប់ខ្លួនជនល្មើស ដែលមានភស្តុតាងគ្រប់គ្រាន់។
គួររម្លឹកជូនបន្តិចថា យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងសហរដ្ឋអាមេរិក ជនល្មើស បប់ តាំង បានសម្លាប់មិត្តស្និតស្នាលជាខ្មែរដូចគ្នា ព្រោះតែប្រចណ្ឌ៕


-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?