Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកូរ៉េ សាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅកូរ៉េ

បានផុស

នៅ

ប្រធានរដ្ឋសភានៃកូរ៉េខាងត្បូង បានអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅកូរ៉េពេលនេះ។ ការសាទរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសទទួលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ លោក គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរចំពោះលទ្ធផលល្អប្រសើរនៃជំនួបរវាងលោកប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ព្រមជាមួយគ្នានេះ លោកប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជា ទៅដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។ លោកប្រធានរដ្ឋសភា ក៏បានអរគុណសម្តេចធិបតី ដែលបានថ្លែងសុន្ទរកថាគន្លឹះអំពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលការណ៍នេះនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។

លោកប្រធានរដ្ឋសភា បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយលោកជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត ដោយផ្អែកលើភាពវៃឆ្លាត សមត្ថភាព និងបទពិសោធន៍ ផ្នែកយោធារបស់សម្តេចធិបតី។ ជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានរំលេចអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យអប់រំ សុខាភិបាល ឌីជីថល កសិកម្ម ការអភិរក្សវប្បធម៌ និងអភិវឌ្ឍឧស្សាហកម្ម។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ជូនលោកប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីកូរ៉េ ជាពិសេសអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាឧត្តមប្រយោជន៍រួមនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់អំពីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការរៀបចំតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជាពិសេសពីទីក្រុងធំៗ និងគោលដៅទេសចរណ៍នានារវាងប្រទេសទាំងពីរ។ 

សម្តេចធិបតី ក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលរួមមាន៖ ១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផលពិសេស និងដោយឡែកសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅលើវិស័យអាទិភាព ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និងការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”  នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគ បន្ថែមទៀត។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេចធិបតី ថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជា បាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចធិបតី បានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។

ចំពោះវិស័យអប់រំ សម្តេចធិបតី បានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យឌីជីថល ដែលនឹងជំរុញពិពិធកម្មនៃកម្លាំងពលកម្ម ក៏ដូចជាដោះស្រាយតម្រូវការជាក់ស្តែងរបស់ទីផ្សារ ហើយសម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមានយុវជនជាច្រើនដែលអាចនឹងទទួលបានការបណ្ដុះបណ្ដាលកម្រិតជំនាញ និងអាចចូលរួមចំណែកក្នុងការបំពេញភាពខ្វះខាតពលកម្មនៅប្រទេសកូរ៉េផងដែរ។

ជាទីបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានផ្លាស់ប្ដូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការរួមចំណែកលើកកម្ពស់ “ភាពជាដៃគូយុទ្ធសាស្រ្ត” កម្ពុជា-កូរ៉េ ដើម្បីជាផលប្រយោជន៍នៃប្រជាជន និងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម