ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC កំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លោកបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បាននឹងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននឹងកំពុងចេញហាត់ការនៅតាមក្រុមហ៊ុន សហគ្រាសនានា និងបានធ្វើតេស្តសមត្ថភាពបញ្ចប់ការសិក្សាទៅតាមជំនាញរៀងៗខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងទីផ្សារការងារ។

ការគូសបញ្ជាក់របស់នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC)ដូចនេះ គឺក្នុងពេលដែលអ្នកសារព័ត៌មានចំនួន២០នាក់មកពី១០ស្ថាប័នបានចុះធ្វើទស្សនកិច្ចផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងយល់និងយកព័ត៌មានផ្ទាល់ពីសិស្ស និងគ្រូបណ្តុះបណ្តាលជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។ លោកបណ្ឌិត ប៊ុន ភារិន ជឿជាក់ថា ការមកមើលឃើញផ្ទាល់ភ្នែកដូចនេះ គឺអ្នកសារព័ត៌មាននឹងអាចផ្សព្វផ្សាយពីតថភាព និងគុណតម្លៃនៃជំនាញនីមួយៗ កាន់តែច្បាស់និងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសនឹងអាចជម្រុញដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់មកចុះឈ្មោះចូលរៀនកាន់តែច្រើននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ បង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកកត្តា អ៊ន ក៏ជឿជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកសារព័ត៌មានបានប្រមូលព័ត៌មាន និងមើលឃើញផ្ទាល់ភ្នែកនូវការអនុវត្តកម្មវិធីបណ្តុះបណ្តាល អគារសិក្សា បន្ទប់ពិសោធន៍ រោងជាង និងស្នាដៃរបស់សិស្សផ្ទាល់តែម្តង។ ជាពិសេសអ្នកសារព័ត៌មាន ក៏បានកត់សម្គាល់នូវឥរិយាបថ សីលធម៌ សុជីវធម៌ល្អរបស់សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានេះផងដែរ។

លោក កត្តា អ៊ន រំពឹងថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង និងព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការអនុវត្តកម្មវិធីថ្នាក់ជាតិនេះឲ្យទទួលបានជោគជ័យ។ លោក កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយមិនបង់ថ្លៃសិក្សានេះ និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សាទៀតផងសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីសម្រេចបាននូវ អភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” បានកំណត់វិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។ វិស័យអាទិភាពទាំង១០ ដែលបានជ្រើសរើស រួមមាន សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។

ក្នុងអំឡុងពេលសិក្សា ក្រុមយុវជនគោលដៅដែលចូលរួមកម្មវិធីបណ្តុះបណ្តាលនេះនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ (១).សិក្សាដោយមិនបង់ថ្លៃ, (២).ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកសិក្សាពេញម៉ោង, (៣).ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, (៤).កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, (៥).សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, (៦).ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, (៧).ឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅត្រូវ បំពេញ លក្ខខណ្ឌ មួយ ចំនួន រួមមាន ៖ (១).ជាយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ សញ្ជាតិ ខ្មែរ ឬ សំបុត្រ កំណើត, និង (៤). មានបណ្ណ សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ ។
សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គ សិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh (http://www.tvet.gov.kh/)។ និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំង ប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវ បំពេញ លក្ខខណ្ឌ មួយ ចំនួន រួមមាន ៖ (១).ជាយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ សញ្ជាតិ ខ្មែរ ឬ សំបុត្រ កំណើត, និង (៤). មានបណ្ណ សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ ៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ