ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ ៖ ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ជាមួយឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅនិវេសនដ្ឋានទូតជប៉ុន។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b-full-1024x614.jpg)
ជាកិច្ចចាប់ផ្តើម បន្ទាប់ពីបានគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា លោកឯកអគ្គរាជទូតជប៉ុន លើកឡើងថា លោក និងសហការី មានសេចក្តីរីករាយនឹងកិត្តិយសក្រៃលែងដែលសម្ដេចតេជោបានទទួលនូវការអញ្ជើញរបស់លោក និង ចូលរួមពិធីពិសាអាហារថ្ងៃត្រង់នៅនិវេសនដ្ឋានរបស់លោក នាថ្ងៃនេះ ។
លោកឯកអគ្គរាជទូត បានបន្តថា តាមការស្រាវជ្រាវរបស់លោក សម្តេចតេជោ ធ្លាប់អញ្ជើញមកស្ថានទូតជប៉ុន នៅឆ្នាំ២០០៤ នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ។ ក៏ប៉ុន្តែ ឥឡូវនេះ មានអគាររបស់គណបក្សប្រជាជនកម្ពុជា និង អគាររបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ និងអគារនៅជុំវិញស្ថានទូតស្អេកស្កះ ដែលបង្ហាញអំពីការវិវឌ្ឍយ៉ាងខ្លាំង នៃរាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b1-full-1024x614.jpg)
ជារៀងរាល់ព្រឹក លោកបានដើរហាត់ប្រាណជាមួយភរិយា នៅក្នុងបរិវេណស្ថានទូត និង បានឃើញ រូបថតសម្តេចទាំងបី (សម្តេចតេជោហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចហេងសំរិន) ។ កាលពីព្រឹកម្សិលមិញ លោក បានឮនូវសម្លេងឃោសនាបោះឆ្នោត ដែលធ្វើឱ្យ លោក យល់ដឹងអំពីសកម្មភាបនៃនយោបាយផ្ទៃក្នុងរបស់កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b2-full-1024x614.jpg)
លោកបានសម្តែងការវាយតម្លៃខ្ពស់ ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកល ឬអសកល ដែលបានធ្វើឡើងប្រាំឆ្នាំម្តង។ ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ទាំងនេះគឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោ បានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅខែមុន។ លោក បានឃើញសម្ដេច មានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ។ សម្តេច បានជួបតាមវីដេអូ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីនអ៊ុង លាំង ទទួលស្ដេចស៊ុលតង់ប្រ៊ុយណេ ហើយកាលពីម្សិលមិញ ទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំង ។ ជាមួយគ្នាដែរ លោក បានឃើញថាសម្តេចធិបតីនាយករដ្ឋមន្ត្រី មានការងារយ៉ាងសកម្ម និងមមាញឹក ក៏ដូចជាសម្តេចប្រធានរដ្ឋសភាផងដែរ។
សន្តិភាព និង ស្ថិរភាព មានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមាន សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និង បញ្ហានៅប្រទេសស្លូវ៉ាគី។
ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា ។ លោក បានអរគុណសម្ដេចតេជោ ដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធរោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា។
កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ។ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ។
កម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល ។ ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ ហើយ យុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ។ ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល ។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច ។ ជប៉ុន បានផ្តល់ជំនួយដល់ការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ដល់ គ.ជ.ប ។ ជប៉ុន មានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត ។ ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល ។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា ។
នៅខែវិច្ឆិកាឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានិងជប៉ុននិងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីន ផងដែរ ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា ៖
សម្តេចបានធ្លាប់មកស្ថានទូតជប៉ុន ចុះហត្ថលេខាលើសៀវភៅមរណទុក្ខ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដី នៅប្រទេសជប៉ុននៅឆ្នាំ២០១១ ។
កម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតទៀងទាត់ និងមានគណបក្សនយោបាយនានា ចូលរួម ចាប់តាំងពីឆ្នាំ១៩៩៣មក។ កម្ពុជា មិនដែលពន្យារពេលនៃការបោះឆ្នោតម្ដងណាឡើយ ទាំងការបោះឆ្នោតថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។
សម្តេច ចាំបានថា នៅឆ្នាំ១៩៩៨ ប្រទេសជប៉ុននិងសហភាពអឺរ៉ុប បានគាំទ្រដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា មួយឆ្នាំក្រោយពីមានព្រឹត្តិការណ៍វាយគ្នានៅទីក្រុងភ្នំពេញ នាខែកក្កដាឆ្នាំ១៩៩៧។ ការបោះឆ្នោតឆ្នាំ ១៩៩៨ នោះត្រូវបាន ប្រសិទ្ធនាមថាជាអច្ឆរិយនៃទន្លេមេគង្គ ដោយ លោក Stephen J. Solarz ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b3-full-1024x614.jpg)
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ចាប់តាំងពីអាណត្តិទីពីរ ដោយសារអាណត្តិទីមួយគឺជាការតែងតាំង បន្ទាប់មក គឺជាការរៀបចំបោះឆ្នោតថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខេត្ត …
សម្ដេចតេជោ ជាការល្អណាស់ដែលជប៉ុនជួយកម្ពុជាគ្រប់ដំណាក់កាលទាំងអស់ក្នុងដំណើរការប្រជាធិបតេយ្យ ។ សម្តេច បានស្នើឱ្យ លោកឯកអគ្គរាជទូត ចាំមើល ថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំង កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b4-full-1024x614.jpg)
តាមការព្យាករណ៍របស់សម្តេច នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ។ នៅក្នុងប្រជាធិបតេយ្យ មិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំង ក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែន ផងដែរ ។ ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ ។ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម។
ប្រទេសនានាមានការរីកចម្រើនជឿនលឿនហើយ ក៏ប៉ុន្តែ ចំពោះកម្ពុជា យើងត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍន៍គេកំពុងតែដើរ ។ នៅក្នុងជួររាជរដ្ឋាភិបាលថ្មី មានយុវជនដែលមានសមត្ថភាព ខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល ។ វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាព កូវីដបានជំរុញកម្ពុជាឲ្យទៅមុខលឿនប្រាំឆ្នាំ ខាងឌីជីថល ។ ពេលកូវីដ សាលាត្រូវបិទ ដូច្នេះយើងត្រូវតែប្រើឌីជីថលដើម្បីបន្តសកម្មភាពបង្រៀន ។ កាលពីមុន យើងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ រួមទាំងផ្នែកអភិបាលកិច្ច និង វិស័យពន្ធដារ ។ ក្នុងនោះ យើងបានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ទីមួយ ជាការពន្លឿនកិច្ចការ ទីពីរ ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយ យើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់។ នៅក្នុងវិស័យពន្ធដារ យើងបានជំរុញឱ្យ មានការបង់ពន្ធ អនឡាញ និងតាមធនាគារ ។
អរគុណចំពោះជំនួយរបស់ជប៉ុន និង សូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ ។ កម្ពុជាអាចជាកន្លែង មានបទពិសោធន៍ក្នុងវិស័យឌីជីថល ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b5-full-1024x614.jpg)
សម្ដេចតេជោនិងឯកឧត្តមឯកអគ្គរាជទូតជប៉ុនគាត់បានផ្លាស់ប្តូរយោបល់ផងដែរ ទៅលើស្ថានការណ៍តំបន់និងអន្តរជាតិ ដូចជាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន រុស្ស៊ី ព្រមទាំង ផលប៉ះពាល់នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត នៅក្នុងសង្គម សេដ្ឋកិច្ចនៅក្នុងពិភពលោក។
សម្ដេចតេជោមានប្រសាសន៍ថាឧបករណ៍សង្គ្រាមគឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យា ដូចជាគ្រាប់កាំភ្លើង កាំភ្លើង យន្តហោះ … ។ល។ ប្រសិនបើពិភពលោកប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើសង្គ្រាម មកប្រើប្រាស់នៅក្នុងសម្រាប់វិស័យសេដ្ឋកិច្ចវិញនោះ ការរីកចម្រើនរបស់ពិភពលោកនឹងមានកម្រិតខ្លាំងក្លា ។
នៅចុងបញ្ចប់ លោកអគ្គរាជទូតសូមថ្លែងអំណរគុណ សម្ដេចតេជោដែលបានផ្តល់កិត្តិយសអញ្ជើញមកនិវេសនដ្ឋានរបស់ឧត្តម រួមមាន ឯកឧត្ដម អនុប្រធានទាំងពីរ ឧត្តមអគ្គលេខាធិការ នាយកខុទ្ទកាល័យសម្ដេចតេជោ។
សម្តេចបានអំណរគុណដល់លោកអគ្គរាជទូតជប៉ុន ចំពោះការអញ្ជើញសម្តេចនិងសហការីនៃព្រឹទ្ធសភានៅក្នុងពិធីពិសាអាហារថ្ងៃត្រង់នាពេលនេះ ដែលជាផ្តល់អាទិភាពដល់លោកអគ្គរាជទូតមុនគេ បន្ទាប់ពីសម្តេចបានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា៕
![](https://www.kampucheathmey.com/wp-content/uploads/2024/05/T-05-18-24-b6-full-1024x614.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ