ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះពិនិត្យស្វែងយល់បន្ថែមពីដំណើរការនៃការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានចុះពិនិត្យនិងស្វែងយល់បន្ថែមពីដំណើរការនៃការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះជូនដល់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការអនុវត្តនូវគោលការណ៍នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ របស់មន្ទីរពេទ្យបង្អែកខេត្ត និងសិក្សាពីតម្រូវការផ្សេងៗទៀតដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអាចចូលរួមជួយដោះស្រាយ។

អមដំណើរពីលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធ, លោករដ្ឋមន្ត្រី ប្រធានក្រុមការងារបានទស្សនាតាមអគារនានារបស់មន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាល និងបានស្តាប់ពីដំណើរការរបស់មន្ទីរពេទ្យនិងការផ្តល់សេវាផ្សេងៗ។ យោងតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានមន្ទីរពេទ្យ, មន្ទីរពេទ្យបង្អែកខេត្តបានទទួលអ្នកជំងឺជាច្រើននាក់ក្នុងមួយថ្ងៃ។

លោករដ្ឋមន្ត្រី ប្រធានក្រុមការងារបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកនិងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងខេត្តជាប់ខេត្តក្រចេះដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋដើម្បីបន្តកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋកាន់តែខ្លាំងលើសមត្ថភាពនិងគុណភាពនៃសេវាសុខាភិបាល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖ ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕







-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?