Connect with us

ព័ត៌មានជាតិ

ភរិយាលោក ស សុខា ជំរុញឱ្យកូនខ្មែរ ឈ្វេងយល់ពីអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា

បានផុស

នៅ

នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកស្រី កែ សួនសុភី ស សុខា ភរិយា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់កុលបុត្រកុលធីតា ឱ្យសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ចំពោះអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងពិធីបំបួស កុលបុត្រកុលធីតា អរបអរសាទរបុណ្យវិសាខបូជា ប្រចាំខេត្តសៀមរាប លោកស្រី កែ សួនសុភី ស សុខា បានលើកឡើងថា ការស្ម័គ្រចូលខ្លួនកោរសក់ បួងសក់ សាងផ្នួសរយៈពេលខ្លី គឺបង្ហាញពីទង្វើល្អតបគុណចំពោះអ្នកមានគុណរបស់ខ្លួន ដែលនេះជាឱកាសដ៏ប្រពៃ ដើម្បីដុសខាត់ សតិស្មារតីឱ្យមានការភ្ញាក់រឭកនូវអ្វីដែលធ្លាប់ខុសពីមុនមក ដើម្បីកសាងខ្លួនជាធនធានដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិ។ ទន្ទឹមនេះ ក្នុងឋានៈជាពុទ្ធសាសនិក ត្រូវប្រឹងប្រែងរៀនពុទ្ធសាសនា ឱ្យបានយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប្រចាំ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីសន្តិភាព បញ្ញា និង មេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយឱ្យបានទូលំទូលាយតរៀងទៅ។

ជាមួយគ្នានោះ លោកស្រី បានបង្ហាញនូវភាពរីករាយ និងពេញចិត្ត ចំពោះកម្មវិធីបំបួសកុលបុត្រក្នុងឱកាសបុណ្យពិសាខបូជា ជាពិសេស គោការណ៍បង្រៀននូវមេរៀនអប់រំបន្ទុំនិស្ស័យកុលបុត្រកុលធីតាខ្មែរតាមមាគ៌ាព្រះពុទ្ធសាសនា តាមរយៈការបួសក្នុងរយៈពេលខ្លីនេះ ដែលអាចឱ្យពួកគេមានការភ្ញាក់រឭក លះបង់នូវអ្វីដែលកំពុងតែធ្វើខុស និងបានប្រតិបត្តិខ្លួនជាមនុស្សល្អ ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។

លោកស្រីបន្តថា ព្រះពុទ្ធសាសនា ជាសាសនាសកល មានទ្រឹស្តីសន្តិភាព និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំមនុស្សឱ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នានិងគ្នា។ លោកស្រី បានសង្កត់ធ្ងន់ថា សង្គមខ្មែរបានចាត់ទុកវិស័យព្រះពុទ្ធសាសនាជាវិស័យសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ ហៅពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទយើងបានបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា។

ចំណែក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ជាប្រធានកម្មវិធីបុណ្យ មានថេរដីកាថា កម្មវិធីបុណ្យបំបួស កុលបុត្រកុលធីតា ក្នុងឱកាសបុណ្យវិសាខបូជាប្រចាំខេត្តសៀមរាប បានប្រារព្ឋឡើង ១២លើកហើយ គឺចាប់ពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ។ ប៉ុន្តែត្រូវបានអាក់ខានពីរឆ្នាំ ដោយសារតែវិបត្តិសាកលកូវីដ១៩ ហើយគិតមកដល់ពេលនេះ សរុបអ្នកចូលរួមបួសសរុបប្រមាណជិត ៨ ០០០នាក់។

ព្រះអង្គបន្តថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ ផ្តល់ឱកាសឱ្យពួកគេចូលសាងផ្នួសដើម្បីតបគុណចំពោះអ្នកមាន គុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់នាំរបស់ប្រទេសជាតិ។

សូមជម្រាបថា សាលាអនុគណក្រុងសៀមរាប សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបពិធីកោរសក់ បួងសក់ បំបួសកុលបុត្រឆ្នាំទី១២ ស្របជាមួយនឹងពិធីបុណ្យវិសាខបូជា នៅវត្តព្រះឥន្ទទេព អតីតរាជធានីអង្គរធំ ក្រុងសៀមរាបមានរយៈពេល ៥យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា។ អ្នកបួសទាំងនោះនឹងទទួលបានមេរៀនដោយការស្វាធ្យាយ សូត្រ ធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និង ពិធីកម្មផ្សេងៗមានពិធីបុណ្យវិសាខបូជាជាដើម៕

 អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម