Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ សាលាក្ដីខ្មែរក្រហម នាំមេរៀនឱ្យអន្តរជាតិធានាថា ពិភពលោកលែងមានអំពើប្រល័យពូជសាសន៍

បានផុស

នៅ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាននាំមេរៀនសំខាន់ៗជាច្រើនទៅឱ្យសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកលែងជួបប្រទះសោកនាដកម្មពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាឧក្រិដ្ឋកម្មសង្គ្រាមផ្សេងៗ។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីភាពបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការស្វែងរកយុត្តិធម៌ ដែលមានការទទួលស្គាល់ដោយអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ។

ក្នុងន័យនេះ សម្ដេចធិបតី យល់ថា នេះជាមូលហេតុដ៏ចម្បងបំផុតដែលបានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គាំទ្រការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជា កាលពីឆ្នាំ២០០១។ សម្ដេច គូសរំលេចថា៖ «ជាការពិត​ តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហម រួចហើយ កាលពីឆ្នាំ ១៩៧៩។ តែយ៉ាងណាក្ដី ថ្នាក់ដឹកនាំ និងសង្គមកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់ អ.វ.ត.ក នឹងជួយចូលរួមពង្រឹងមូលដ្ឋាននៃការពិត និងជួយផ្ដល់យុត្តិធម៌បន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយព្យាបាលស្នាមរបួសរបស់អ្នកនៅរស់រានមានជីវិត និងជួយកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ»

សម្ដេចធិបតី បញ្ជាក់បន្ថែមដូច្នេះថា៖ «តាមរយៈ អ.វ.ត.ក កម្ពុជា បានបង្ហាញពីការប្រកាន់ភ្ជាប់នូវគោលការណ៍នៃការទទួលខុសត្រូវ ដើម្បីការពារ ហើយការដែល អ.វ.ត.ក មានលក្ខណៈជាសាលាក្ដីកូនកាត់ ដោយគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្ដល់ទៅឱ្យសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកលែងជួបប្រទះសោកនាកម្មពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតពូជសាសន៍ទៀតហើយ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម