ព័ត៌មានជាតិ
ក្រសួងបរិស្ថាននឹងប្រើប្រាស់ទិន្នន័យពីផ្កាយរណបនិងដ្រូន បង្កើនប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន «ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ» នៅព្រឹកមិញនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងពីវិធានការពង្រឹងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ឆ្លើយតបការដាក់ចេញគោលនយោបាយទប់ស្កាត់បទល្មើសធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រសួងបរិស្ថានបានដាក់ចេញយន្តការទប់ស្កាត់ និងបញ្ឈប់រាល់បទល្មើសធនធានធម្មជាតិ និងព្រៃឈើឱ្យខាងតែបាននិងមានប្រសិទ្ធភាពបំផុត។
ដើម្បីបង្កើនកិច្ចការពារនៅតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានបានដាក់ចេញវិធានការ ដោយសហការជាមួយមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងនោះក៏មានការប្រើប្រាស់ទិន្នន័យពីផ្កាយរណប និងការប្រើប្រាស់ដ្រូន ដើម្បីគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។
«តាមរយៈទិន្នន័យពីផ្កាយរណប និងការផ្តល់ដ្រូនដល់មន្រ្តីអភិរក្សក្នុងមូលដ្ឋាន អាចសិក្សានិងទទួលបានព័ត៌មានពីទីតាំងដែលមានបទល្មើសចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងអាចទប់ស្កាត់បានទាន់ពេលវេលា»។ លោក អ៊ាង សុផល្លែតបានបញ្ជាក់។

លោកបន្តទៀតថា ថ្មីៗនេះក្រសួងបរិស្ថានក៏បានប្រគល់ផែនទីតំបន់ការពារធម្មជាតិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាយន្តការមួយដើម្បីពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។ តាមរយៈផែនទីបានកំណត់យ៉ាងច្បាស់លាស់ពាក់ព័ន្ធទីតាំងដីនៅតំបន់ការពារធម្មជាតិ តំបន់ណាដែលពាក់ព័ន្ធឬមិនពាក់ព័ន្ធតំបន់ដែលត្រូវការពារ។
ក្រសួងបរិស្ថានក៏កំពុងរៀបចំកម្មវិធី (App) សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈទូរសព្ទដៃ។ ជាមួយគ្នានេះ ពលរដ្ឋក៏អាចទាញកម្មវិធីនេះយកទៅប្រើប្រាស់ ដើម្បីចូលរួមការពារនិងបញ្ចៀសការចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នៅតំបន់ការពារធម្មជាតិ។
តាមរបាយការណ៍ពីក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាបានកើនឡើងពីចំនួន ២៣ តំបន់ ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣ លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣ តំបន់ ដែលមានផ្ទៃដីសរុបជាង ៧ លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេសនាពេលបច្ចុប្បន្ន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយអនុលោម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ