Connect with us

ព័ត៌មានជាតិ

ល្បែងប្រជាប្រិយវាយខែល នឹងត្រូវយកទៅសម្ដែងក្នុងព្រឹត្តិការណ៍អន្តរជាតិដែលមានជាង២០​ប្រទេស​ចូលរួម

បានផុស

នៅ

ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មការជាតិអូឡាំពិក លោក សេង ប៊ុនសុង និងជាប្រធានក្រុមអ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរ ថា ល្បែងប្រជាប្រិយវាយខែលរបស់បងប្អូនជនជាតិភាគតិចកួយ នឹងត្រូវយកទៅសម្តែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនាថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលមានប្រទេសជាងម្ភៃមកសម្តែងចូលរួមនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មការជាតិអូឡាំពិក បានថ្លែងបែបនេះក្នុងគ្រាដែលលោកចុះទៅស្វែងរកក្រុមល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ គឺល្បែងវាយខែលនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ។

លោកប្រធានក្រុមប្រឹក្សាជាន់ខ្ពស់បន្តថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះល្បែងប្រជាប្រិយខ្មែរ ដែលបានបាត់បង់ក្នុងសម័យប៉ុលពត ត្រូវបានគាស់កកាយយកមកសម្តែងឡើងវិញដើម្បីអោយពិភពលោកបានស្គាល់នូវរតនៈសម្បត្តិ និងជាអត្តសញ្ញាណរបស់ជាតិខ្មែរយើង។ ទីប្រឹក្សាជាន់ខ្ពស់បញ្ជាក់បន្ថែមថា ល្បែងប្រជាប្រិយវាយខែលរបស់បងប្អូនជនជាតិភាគតិចកួយ នឹងត្រូវយកទៅសម្តែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនាថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

លោក ថាយ អ៊ុ អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ល្បែងវាយខែលនេះ ជាល្បែងប្រជាប្រិយរបស់ជនជាតិកួយនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ តែប៉ុណ្ណោះ ហើយវាត្រូវបានបាត់ទៅវិញនៅក្នុងសម័យប៉ុលពត។ លោកបន្តថា ក្រោយមកល្បែងវាយខែលនេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងស្រាវជ្រាវយកមកសម្តែងឡើងវិញនៅក្នុងកម្មវិធីបុណ្យព្រះគោតែប៉ុណ្ណោះ ដែលបុណ្យព្រះគោត្រូវបានប្រជាជននៅស្រុកថាឡាបរិវ៉ាត់មានជំនឿ ហើយនាំគ្នាធ្វើជារៀរាល់ឆ្នាំមិនដែលខាន។

លោកអភិបាលរងស្រុកបន្តឲ្យដឹងទៀតថា បច្ចុប្បន្នឧបករណ៍សម្រាប់ល្បែងវាយខែលត្រូវបានខ្វះខាតមួយចំនួន ដោយនៅសល់តែស្គរ ខែល និងរំពាត់។ ចំណែកមន្តអាគមគាថាផ្សេងៗ ត្រូវបានបាត់រលត់ខ្លះៗ ដោយសារចាស់ៗបានស្លាប់បាត់អស់។      

លោក កៅ ជួន ជនជាតិកួយរស់នៅភូមិអន្លង់ជ្រៃបានគាំទ្រលើកិច្ចការងារអភិរក្សនេះ ដើម្បីឱ្យយុវជនជំនាន់ក្រោយជួយអភិរក្សបន្តកុំឱ្យបាត់បង់នៅពេលអស់ពីចាស់ទុំទៅ។ កីឡានេះមានតាំងពីសម័យឧដុង្គមកម្លេះ ក្នុងចន្លោះឆ្នាំ១៦២០  លុះមកសម័យប៉ុលពត ត្រូវពួកខ្មែរក្រហមលុបបំបាត់ចោល។​ ទើបក្រោយថ្ងៃរំដោះ៧មករា ចាស់ៗ ជនជាតិកួយនាំគ្នាស្រាវជ្រាវ និងសម្ដែងរំលឹកឡើងវិញនៅក្នុងពិធីបុណ្យព្រះគោ និងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង។

លោក កៅ ជួន បានអះអាងថា កេរ្ត៍តំណែលដូនតាយើងត្រូវតែនាំគ្នាថែរក្សាដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងកូនចៅកុំឱ្យភ្លេច និងចេះធ្វើសម្ភារៈវាយខែលមានដូចជាស្គរធ្វើពីឈើ មានពាសស្បែកសត្វ និងយកស្លឹកទ្រាំង ដើមឬស្សីមកធ្វើជារបាំងខែល និងយកដើមផ្តៅ ឬដើមសោមតូចៗមកចងរឹតផ្គុំគ្នាឱ្យណែនដើម្បីយកមកវាយ ហៅថា រំពាត់ខែល។

សូមបញ្ជាក់ថា ជនជាតិកួយ នឹងអភិរក្សឡើងវិញ ដែលជាកេរ្តិ៍មរតកវប្បធម៌របស់ដូនតា សំរាប់កូនចៅជំនាន់ក្រោយ។លោកដាក់ក្តីសង្ឃឹមថា ល្បែងប្រជាប្រិយជនជាតិភាគតិចកួយ​(វាយខែល)ប្រចាំនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នឹងគាស់រំលើងឡើងវិញ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម