ព័ត៌មានជាតិ
លោក លី ធុជ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឱ្យការបោសសម្អាតមីនកាន់តែប្រសើរ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឱ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។ លោកបានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី តម្រូវការបច្ចេកវិទ្យាក្នុងការងារបោសសម្អាតមីន និងគ្រាប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ គឺបានបង្ហាញពីមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងនោះភាពជាដៃគូលើដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានរួមចំណែកថវិកាប្រមាណ ២០៨លានដុល្លារ ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា រួចមកហើយ។ ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យាទំនើបដល់មកកម្ពុជា ក្នុងការគោលដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ការងារបោសសម្អាតមីន និងគ្រាប់ ដែលការបង្កើតបច្ចេកវិទ្យាបោសសម្អាតមីននេះ កម្មវិធី HDR&D បានជ្រើសយកប្រទេសកម្ពុជា ជាទីតាំងសម្រាប់ការសាកល្បង និងជាគោលដៅក្នុងការផលិតសម្ភារបច្ចេកវិទ្យាទាំងនេះ មុននឹងដាក់ឱ្យដំណើរការប្រើប្រាស់ទូទាំងពិភពលោក។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាទំនើប បានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យស្របនឹងសម័យឌីជីថល ដែលកំពុងប្រើប្រាស់ទូទាំងពិភពលោក។ ក្នុងនោះ ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ លោកជឿជាក់ថា អ្នកដោះមីនកម្ពុជា ប្រមាណជាង ៥ ០០០នាក់ ដែលកំពុងបម្រើបេសកកម្មនៅទីវាលផ្ទាល់ នឹងកាន់ទទួលបានសុខសុវត្ថិភាព និងលទ្ធផលល្អប្រសើរ។ ជាមួយនឹងការប្រើប្រាស់សម្ភារបច្ចេកវិទ្យាទំនើបនេះ នឹងធានាឱ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនសហរដ្ឋមន្រ្តី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ ហើយប្រទេសកម្ពុជា នៅតែបន្តត្រូវការគាំទ្រ និងរួមចំណែកពីសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត និងគ្រប់ដៃគូអភិវឌ្ឍន៍ លើវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។ លោកជឿជាក់យ៉ាងមុះមាំថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអាចទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាមីន ហើយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងត្រូវបានកាត់បន្ថយជាអតិបរមា និងអាចឈានទៅលប់បំបាត់ចោលទាំងស្រុង នាពេលអនាគតដ៏ខ្លី។
ចំណែក លោក Sean Burke នាយកកម្មវិធី HDR&D ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការគាំទ្រដល់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក៏ដូចជាការរួមចំណែករបស់កម្មវិធី HDR&D ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងការគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិនៅកម្ពុជា។

លោក Sean Burke បានទទួលស្គាល់នូវសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយ លើវិស័យសកម្មភាពមីន ក្នុងនោះក៏មានការរួមចំណែកនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ផងដែរ។ លោកបន្តទៀតថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ បានបង្ហាញពីប្តេជ្ញាចិត្កខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការរាវរក និងកំទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ជាពិសេស អាចកំណត់បានកាន់តែច្បាស់នូវប្រភេទសំណល់ជាតិផ្ទុះពីសង្រ្គាម៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត