ព័ត៌មានជាតិ
លក់ពេញផ្សារ! ត្រីមេពូជពងកូនធំៗ កំពុងរងគ្រោះដោយការនេសាទខុសច្បាប់
ទន្លេមេគង្គលើខេត្តស្ទឹងត្រែង ជាសំបុកត្រីមេពូជធំៗដែលរស់នៅក្នុងអន្លង់ជ្រៅ ដើម្បីបង្កាត់ពូជពងកូនបន្តនៅរដូវភ្លៀងធ្លាក់ ហើយក៏ដល់រដូវបិទនេសាទដែរ តែគេសង្កេតឃើញថាប្រភេទត្រីមេពូជធំៗកំពុងរងគ្រោះលក់ពេញនៅលើទីផ្សារសាមគ្គីស្ទឹងត្រែង។
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃ ២៣ ឧសភា មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ហើយក៏ជារដូវវស្សាឈានមកដល់ដែរ។ ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកទន្លេឡើង ពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើជាប្រភេទត្រីមេពូជធំៗពងពេញពោះ ត្រូវបានអ្នកខ្លះនេសាទជាលក្ខណៈគ្រួសារ និងមួយចំនួនទៀតនេសាទលួចលាក់ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ។
អាជីវករលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែងបានឲ្យដឹងថា នៅខេត្តស្ទឹងត្រែងពេលដែលមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេរើបឡើងបន្តិចត្រីសម្បូរសុទ្ធសឹងតែជាប្រភេទត្រីធំៗពងពេញៗពោះ ដែលមានទម្ងន់មួយក្បាលរហូតដល់មួយជិត ១០ គីឡូក្រាមក៏មានដែរ។
អាជីវករបានបញ្ជាក់ថា ត្រីដែលគេនេសាទបានភាគច្រើនមានដូចជាប្រភេទ ត្រីក្អែក ត្រីតានេល ត្រីប្រា ត្រីពោ ត្រីដំរី ត្រីឆ្កោក ត្រីកេះ ត្រីប៉ាវ៉ា កូនត្រីប៉ាស៊ីអ៊ីតូចៗ ជាពិសេសត្រីព្រួល មួយៗពងពេញពោះមានទម្ងន់មួយក្បាលរហូតដល់ជិតដប់គីឡូក៏មានដែរ។ តម្លៃវិញក៏រាងថោកដែរមួយគីឡូចាប់ពី ១ ម៉ឺន ៤ ពាន់ រៀលតែប៉ុណ្ណោះនៅព្រឹកថ្ងៃទី ២៣ ឧសភា នេះ។
ទាក់ទងនឹងរដូវបិទនេសាទនេះ លោកស្រី សម វិចិត្រ នាយរដ្ឋបាលខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា បានធ្វើការផ្សព្វផ្សាយដល់អ្នកនេសាទត្រូវគោរពច្បាប់ជលផល ដើម្បីរួមគ្នាអភិរក្សធនធានមច្ឆាជាតិនិងការពារត្រីមេពូជ ព្រោះត្រីមេពូជនៅខេត្តស្ទឹងត្រែង ចាប់ផ្ដើមពងកូនហើយ ដូច្នេះប្រជានេសាទត្រូវគោរពតាមសេក្តីប្រកាសលេខ១០៧ស្ដីពីរដូវបិទនេសាទរបស់រដ្ឋបាលជលផល ចាប់ពីថ្ងៃទី ១ ឧសភានេះ រហូតដល់ថ្ងៃទី ៣១ខែកញ្ញាឆ្នាំ ២០២៤។
លោកនាយខណ្ឌជលផលខេត្តបានបញ្ចាក់បន្ថែមថា រដូវត្រីពងកូនចូលមកដល់ហើយ ដូចនេះប្រជាអ្នកនេសាទទាំងអស់ត្រូវតែនាំគ្នាអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាអភិរក្សត្រីមេពូជដូចរៀងរាល់ឆ្នាំ។
ការចូលរួមអភិរក្សនេះសូមឱ្យភាគីពាក់ព័ន្ធជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះមន្ត្រីជលផលបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផលទៅតាមមូលដ្ឋានបានទូលាយរួចមកហើយដែរ។ បងប្អូនប្រជាអ្នកនេសាទ ត្រូវមានឆន្ទៈស្រឡាញ់ធនធានមច្ឆាជាតិរបស់ខ្លួន ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទ ដែលខុសច្បាប់ឬលួចចូលទៅធ្វើនេសាទក្នុងអន្លង់អភិរក្ស បង្កផលប៉ះពាល់ត្រីពងកូន។
លោក សៃ សេង អ្នកនេសាទនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា ដល់ពេលរដូវបិទនេសាទម្តងៗ អ្នកនេសាទភាគច្រើនចូលរួមអនុវត្តបានល្អមិនហ៊ានចេញធ្វើនេសាទផ្តេសផ្តាស់ទេ។ ប៉ុន្តែលោកអះអាងថា ក៍នៅមានជនសង្ស័យមួយចំនួនបានលួចលាក់ប្រព្រឹត្តបទល្មើស ហើយប្រជាសហគមន៍បង្រ្កាបមិនបាន គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោ ព្រោះបទល្មើសភាគច្រើនធ្វើសកម្មភាពឆក់នៅពេលយប់ឬពេលជិតភ្លឺតែម្តង។
លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានបញ្ជាក់ដែរថា ទោះជាយ៉ាងណាការលួចប្រើឧបករណ៍នេសាទខុសច្បាប់ ប្រជាសហគមន៍ចុះបង្ក្រាបជាប្រចាំ ទោះឃាត់ខ្លួនមិនបានពេលខ្លះ ក៏រឹបអូសបានឧបករណ៍ល្មើសយកមកកំទេចចោលដែរ។
លោកសង្ឃឹមមុតមាំថា នៅឆ្នាំ២០២៤ ប្រជាអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងប្រកបដោយការទទួលខុសត្រូវ ហើយចងចាំនឹងអនុវត្តតាមយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលឱ្យបានព្រមគ្នាដើម្បីចូលរួមថែរក្សាការពារនិងប្រើប្រាស់នូវធនធានមច្ឆជាតិ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
កន្លងទៅថ្មីៗនេះ ក្នុងរដូវបិទនេសាទ សមត្ថកិច្ចជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើឧបករណ៍ឆក់ចំនួន ៦ នាក់រួមវត្ថុតាងបទល្មើសជាច្រើនទៀតបញ្ជូនខ្លួនទៅដាក់ពន្ធនាគារផងដែរ៕
អត្ថបទ៖ ងិនលីម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ