ព័ត៌មានជាតិ
វត្តព្រះឥន្ទ្រទេព ខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រ កុលធីតា ៥៤០រូប
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វត្តព្រះឥន្ទ្រទេព តំបន់អង្គរធំ ខេត្តសៀមរាប បានរៀបចំពិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រ កុលធីតា ៥៤០រូប។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត និងព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព យុវជនកាយរិទ្ធ យុជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ ៩០០នាក់។

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ជាប្រធានកម្មវិធីបុណ្យ មានព្រះថេរ:ដីកា ការរៀបចំពិធី បំបួសកុលបុត្រ កុលធីតា ចំនួន៥៤០អង្គ/រូបនេះ ដើម្បីឱ្យយុវជនយុវតីខ្មែរមានឱកាសបានចូលសាងផ្នួសតបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយមាន មាតាបិតា ព្រមទាំងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសជាដើម។ លើសពីនេះ គឺដើម្បីឱ្យកុលបុត្រ កុលធីតាខ្មែរចេះភ្ញាក់រលឹក និងលះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លងព្រះធម៌នៃព្រះពុទ្ធបរមគ្រូ ហើយចេះទទួលយកការអប់រំ ណែនាំពីមាតាបិតា គ្រូអាចារ្យ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនាផងដែរ។
ព្រះអង្គបានផ្តល់ដំបូន្មានដល់កុលបុត្រ កុលធីតាទាំងអស់ ដែលស្ម័គ្រចិត្តមកបំពេញកិច្ចបួសជាសង្ឃ ជាសីលវតី ពេលនេះ ត្រូវខិតខំសិក្សារៀនសូត្រ និងស្វែងយល់ ពីព្រះធម៌របស់ព្រះពុទ្ធ ហើយក៏ត្រូវតែបន្តការវេននៃការគោរពប្រតិបត្តិទំនៀមទម្លាប់ ប្រពៃណីជាតិឱ្យបានល្អគង់វង្សតទៅមុខទៀតដែរ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានឱ្យពុទ្ធបរិស័ទទាំងអស់ រួមទាំងអ្នកទ្រទ្រង់ត្រៃសិក្ខាគប្បី សង្រួមកាយ វាចាចិត្ត ឱ្យស្អាតល្អបរិសុទ្ធផូរផង់ ប្រាសចាកនូវមន្ទិល សេចក្តីសៅហ្មងទាំងពួង និង តម្កល់ចិត្តជ្រះថ្លា ប្រកបដោយបញ្ញា ឈរលើការត្រិះរិះ ពិចារណាដ៏ត្រឹមត្រូវប្រកាន់នូវមាគ៌ាកណ្តាល មិនលុះដោយអគតិទាំងបួន។ ត្រូវខិតខំដុសខាតសតិស្មារតីបានល្អនឹងនរ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គម និងខិតខំបំពេញអំពើជាកុសល ជម្រះចោលនូវអកុសលកម្មទាំងពួង ដើម្បីបន្តរួបរួមគ្នាជាធ្លង់មួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន លើគ្រប់វិស័យ។
លោកបានបង្ហាញនូវភាពរីករាយ និងពេញចិត្ត ចំពោះបុណ្យវិសាខបូជា និងកម្មវិធីបំបួសកុលបុត្រ ជាពិសេស គោលការណ៍បង្រៀននូវមេរៀនអប់រំបន្ទុំនិស្ស័យកុលបុត្រកុលធីតាខ្មែរតាមមាគ៌ាព្រះពុទ្ធសាសនា តាមរយៈការបួសក្នុង រយៈពេលខ្លីនេះ ដែលអាចឱ្យពួកគេមានការភ្ញាក់រឭក លះបង់នូវអ្វីដែលកំពុងតែធ្វើខុស និងបានប្រតិបត្តិខ្លួនជាមនុស្សល្អ ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។

លោកអភិបាលរងខេត្ត បានបន្តថា ព្រះពុទ្ធសាសនា ជាសាសនាសកល មានទ្រឹស្តីសន្តិភាព និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំ មនុស្សឱ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នា និងគ្នា។ សង្គមខ្មែរបានចាត់ទុកវិស័យព្រះពុទ្ធសាសនាជាវិស័យសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ ហៅពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទបានបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា។
លោកបានបញ្ជាក់ថា ពិធីបំបួសកុលបុត្រកុលធីតានេះ ក្លាយជាប្រពៃណីសម្រាប់ខេត្តសៀមរាប នៅពេលបុណ្យវិសាខបូជា ព្រះសង្ឃតែងគោរពប្រតិបត្តិ ទៅតាកគន្លងប្រពៃណីរបស់ព្រះសាម្មាសាម្ពុទ្ធ។ពិធីបុណ្យ វិសាខបូជា ត្រូវបានប្រទេសជាសមាជិកជិត ២០០ប្រទេស បានអនុម័ត និងទទួលស្គាល់ជាសកល អំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោក រយៈពេលជាងពីរពាន់ប្រាំរយឆ្នាំមកនេះ ហើយបាននឹងកំពុង បន្តនូវឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត៕
អត្ថបទ៖ គឿន វេត




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?